ឥណ្ឌា​នឹង​បញ្ជូន​អាកាសយានិក​៣​នាក់​ក្នុង​បេសកកម្ម​អវកាស​នៅ​ឆ្នាំ​២០២២

464
ចែករម្លែក

​រដ្ឋាភិបាល​ឥណ្ឌា​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​ខែធ្នូ​ថា​ឥណ្ឌា​នឹង​បញ្ជូន​មនុស្ស​មួយក្រុម​៣​នាក់​ចូលទៅក្នុង​ទី​អវកាស​សម្រាប់​រយៈពេល​មួយ​សប្តាហ៍​នៅពេលដែល​​ខ្លួន​ចាប់ផ្តើម​បេសកកម្ម​អវកាស​ដែលមាន​មនុស្ស​ជិះ​ដំបូង​របស់ខ្លួន ដែល​គេ​រំពឹងថា​នឹងធ្វើ​ឡើង​នៅក្នុង​ឆ្នាំ​២០២២​។​

​ឥណ្ឌា​បាន​ចំណាយ​ថវិកា​ចំនួន​១,៤​ពាន់​លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​នៃ​កម្មវិធី​អវកាស​នេះ​។​

​គណៈរដ្ឋមន្ត្រី​ឥណ្ឌា​បានអនុម័ត​ការផ្តល់​ហិរញ្ញប្បទាន​ដើម្បី​ចាប់ផ្តើម​ដំណើរការ​យានអវកាស​ដែល​អភិវឌ្ឍ​ដោយ​ឥណ្ឌា​សម្រាប់​រយៈពេល​បេសកកម្ម​ដែលមាន​រយៈ​​ពេល​៧​ថ្ងៃ​” ។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi​បានប្រកាស​កាលពី​ខែសីហា​ថា​ឥណ្ឌា នឹង​ចាប់ផ្តើម​ការហោះហើរ​អវកាស​ដែលមាន​មនុស្ស​ជិះ​នៅ​ឆ្នាំ​២០២២ ។

​ឥណ្ឌា​បាន​បង្កើន​ការចំណាយ​និង​ការ​ខំប្រឹងប្រែង​ខ្លាំង​សម្រាប់​កម្មវិធី​អាវ​កាស​របស់ខ្លួន​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងទៅនេះ ដោយ​ប្រជែង​ខ្លាំង​ឡើង​ជាមួយនឹង​​គូប្រជែង​ចិន​របស់ខ្លួន​។​

​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​ក៏បាន​ប្រកាស​ផងដែរ​កាលពី​ខែកក្កដា​ថា​ខ្លួន​គ្រោង​នឹង​បញ្ជូន​បេសកកម្ម​អវកាស​គ្មាន​មនុស្ស​បើក ទៅកាន់​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ​២០១៩​។​

​ឥណ្ឌា​បា​នប​ញ្ចូ​ន​យានអវកាស​មួយ​ទៅ​ភព​ព្រះ​អង្គារ​កាលពី​ឆ្នាំ​២០១៣​ដែល​នៅតែ​ដំណើរការ​នៅឡើយ ហើយ​កាលពី​ឆ្នាំមុន បាន​បាញ់​បង្ហោះ​ផ្កាយរណប​សរុប​ចំនួន​១០៤​គ្រឿង​៕​ដោយៈ​សុខា​/SN

ផ្កាយរណប​គមនាគមន៍​យោធា​ឥណ្ឌា ត្រូវបាន​បាញ់​បង្ហោះ​ទៅកាន់​គន្លង​ផែនដី​កាលពី​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៨

#