ឥណ្ឌា​នឹង​ព្យាយាម​បង្ហោះ​យាន​ទៅ​ព្រះ​ចន្ទ​នៅ​សប្តាហ៍​ក្រោយ​

444
ចែករម្លែក

​ទីភ្នាក់ងារ​អវកាស​ឥណ្ឌា កំពុង​ត្រៀម​បាញ់​បង្ហោះ​យាន​Chandrayaan-2​របស់​ខ្លួន​នៅ​សប្តាហ៍​ក្រោយ ដើម្បី​អោយ​វា​ទៅ​ចុះ​ជិត​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ ដែល​មិន​ទាន់​មាន​​នរណា​សិក្សា​ស្រាវជ្រាវ​នៅ​ឡើយ​។​

​បើ​តាម​គំរោង យាន​Chandrayaan-2​នឹង​ត្រូវ​បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​Satish Dhawan Space Center នៅ​ក្រុង​ស្រ៊ី​ហារី​កូតា នៅលើ​ឆ្នេរ​ភាគ​និរតី​របស់​ប្រទេស​នៅ​​ថ្ងៃ​១៥​កក្កដា​។​

​វា​ជា​យាន​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​ទី​២​របស់​អង្គការ​ស្រា​ជ្រាវ​អវកាស​ឥណ្ឌា​(ISRO)​និង​ជា​យាន​ទី​១​ដែល​ត្រូវបាន​គេ​ផលិតឡើង​ដើម្បី​ចុះចត​លើ​ព្រះ​ចន្ទ ។​វា​គ្រោង​នឹង​ទៅ​ដល់​ព្រះ​ចន្ទ​​នៅ​ថ្ងៃ​១៦​កញ្ញា ឆ្នាំ​២០១៩​។​

​បើ​ជោគជ័យ ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​ទី​៤​បន្ទាប់​ពី​អាម៉េរិក រុស្ស៊ី​និង​ចិន ដែល​បង្ហោះ​យាន​ទៅដល់​ភព​រណប​របស់​ផែនដី​។​

ISRO​បាន​និយាយថា ខ្លួន​បាន​ជ្រើសរើស​ប៉ូលិស​ខាងត្បូង​របស់​ព្រះ​ចន្ទ ពីព្រោះ​នៅ​ទី​នោះ​អាច​មាន​ទឹក នៅក្នុង​តំបន់​ស្រមោល​អចិន្ត្រៃយ៍ ដែល​អាច​ត្រួសត្រាយ​ផ្លូវ​សំរាប់​ការ​ទៅ​​តាំង​ទីលំនៅ​របស់​មនុស្ស​លើ​ឋាន​ព្រះ​ចន្ទ​នាពេល​អនាគត​។​

ពួក​វិស្វករ​ឥណ្ឌា​កំពុង​ត្រៀម​រៀបចំ​បញ្ជូន​យាន​ទៅកាន់​ព្រះ​ចន្ទ​នៅ​ថ្ងៃ​១៥​កក្កដា​

​យាន​Chandrayaan-2 មាន​ម៉ូ​ឌី​ល​ចំនួន​៣ យាន​ហោះ​សង្កេត​ពី​លើ​Orbiter​មួយ យាន​ចុះចត​មួយ​ហៅថា​Vikram​មួ​យ​និង​យាន​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ​ឈ្មោះ​Pragyan​។​

Orbiter​មាន​កាម៉េរ៉ា​ថត​ដើម្បី​ជួយ​គូ​ផែនទី​3D​នៃ​ផ្ទៃ​ព្រះ​ចន្ទ ឧបករណ៍​spectrometer​ប្រើ​កម្ម​រស្មី​X​ដើម្បី​ស្វែងរក​ធាតុ​សំខាន់ៗ រួមមាន​ទី​តា​ញ៉ូម​និង​សូ​ដ្យូ​ម ព្រមទាំង​កា​​ម៉េ​រ៉ា​ថតរូប​កំរិត​ខ្ពស់​មួយ​ដើម្បី​ជួយ​អោយ​ម៉ូ​ឌី​ល​ចុះចត​ដោយ​សុវត្ថិភាព​។​

Vikram​មាន​ឧបករណ៍​ចាប់​សកម្មភាព​រញ្ជួយ​ដី​នៅលើ​ព្រះ​ចន្ទ និង​យាន​ស្ទង់​ប្រើ​កំដៅ​មួយ ដែល​នឹង​ពិនិត្យ​កំដៅ​លើ​ផ្ទៃ​ព្រះ​ចន្ទ​។​ចំណែក​យាន​Pragyan មាន​spectrometer​ប្រើ​​កម្ម​រស្មី​X​មួយ​ដែល​នឹង​ពិនិត្យ​រកមើល​សមាសធាតុ​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ ។​

​បេសកកម្ម​ទាំងមូល​នឹង​ចំណាយ​ប្រាក់​អស់​ប្រមាណ​១០.០០០​លាន​រូពី​(១៣៤​លាន​ដុល្លារ​)៕​ដោយ​៖​វាសនា​