ឥណ្ឌា​បាញ់​បង្ហោះ​ផ្កាយរណប “​ធ្ងន់​បំផុត​” សម្រាប់​ផ្គត់ផ្គង់​សេវា​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន​ស្រោចស្រប​ទូទាំងប្រទេស​

404

​ផ្កាយរណប​ដែលមាន​ទម្ងន់​ធ្ងន់​បំផុត​របស់​ឥណ្ឌា​បាន​ចូលទៅ​ដង​តារាវិថី​តាម​យាន​រ៉ុក្កែត​របស់​បារាំង​ដើម្បី​ជួយ​បង្កើន​សេវា​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន​។​

​ដោយមាន​ទម្ងន់​ប្រហែល ៥.៨៥៤ គីឡូក្រាម ផ្កាយរណប GSAT-11 គឺជា​ផ្កាយរណប​ទំនាក់ទំនង​ល្បឿន​លឿន “​ទំនើប​បំផុត​” របស់​ឥណ្ឌា​។​

​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (Isro) បាន​បាញ់​បង្ហោះ​ផ្កាយរណប​នេះ​ពី​មជ្ឈមណ្ឌល​អវកាស​គូ​រូ (Kourou) នៅ​ដែនដី​ហ្គី​ណា​បារាំង (French Guiana) នៅជាប់​ព្រំដែន​ប្រេ​ស៊ី​ល​ភាគ​ខាងកើត កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​៥​ធ្នូ​នេះ​។​

​ផ្កាយរណប​នេះ​នឹងត្រូវ​បានដាក់​នៅក្នុង​គ​ន្ល​ង​ទាប​លើ​ស្រទាប់ផែនដី​នៅ​ចុងខែ​នេះ ហើយ​ប្រព័ន្ធ​បញ្ជូន​អ៊ី​ន​ធឺ​ណេ​តរប​ស់វា​នឹងត្រូវ​ចុច​បើក​ឱ្យ​ដំណើរការ​។​

​លោក​ខេ ស៊ី​វ៉ាន់ ប្រធាន​អង្គការ Isro បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ផ្កាយរណប​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្តល់សេវា​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន​ប្រភេទ Broadband នៅ​ទូទាំងប្រទេស​។​

​ក្រុម​អ្នកវិទ្យាសាស្ដ្រ​និយាយថា វា​នឹង​ផ្តល់នូវ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​តដល់​តំបន់​ឆ្ងាយ​ដាច់ស្រយាល​នៅ​ឥណ្ឌា​ដូចជា​តំបន់ភ្នំ​និង​កោះដាច់​ជាដើម កន្លែង​ដែល​សេវា​ខ្សែកាប​អុ​ប​ទិ​ក​តាមបែប​ប្រពៃណី​មិនអាច​ទៅដល់ ហើយ​វា​អាចមាន​ប្រយោជន៍​ក្នុងពេល​មាន​អាសន្ន​និង​ការសង្គ្រោះ​បន្ទាន់​ណាមួយ​។ ហើយ​វា​ក៏​នឹង​ជួយផ្តល់​នូវ​ការតភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត​ក្នុងអំឡុងពេល​ធ្វើដំណើរ​តាមផ្លូវ​អាកាស​នៅក្នុង​ប្រទេស​ឥណ្ឌា​ផងដែរ​។​

​ឥណ្ឌា​បាន​ជួល​យាន​រ៉ុក្កែត​របស់​បារាំង​ដើម្បី​ដឹក​ផ្កាយរណប​ធ្ងន់ៗ ដែល​គេ​រំពឹងថា​នឹងមាន​អាយុកាល ១៥ ឆ្នាំ ព្រោះ​ឥណ្ឌា​ពុំមាន​យាន​រ៉ុក្កែត​ដើម្បី​ដឹក​ធ្ងន់ៗ​បែបនេះ​បានទេ​៕ ដោយ៖ កញ្ញាដាលីស

ផ្កាយរណប​ធ្ងន់​បំផុត​របស់​ឥណ្ឌា GSAT-11 នឹងដាក់​នៅ​គន្លង​ទាប​លើ​ស្រទាប់ផែនដី​នៅ​ចុងខែ​ធ្នូ​នេះ