ឥណ្ឌា​បំពាក់​គ្រាប់បែក​ទំនើប​របស់​អ៊ីស្រាអែល ​ទៅនឹង​យន្តហោះ​Su-30MKI របស់ខ្លួន​

444
ចែករម្លែក
  • 190
    Shares

​រដ្ឋាភិបាល​ក្រុង​ញូវដែលី ​បាន​រាយការណ៍​ពីមុន​ថា ​ខ្លួន​បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​ជំរំ​ភេរវជន​ដ៏​ធំ​មួយ​នៅក្នុង​ទឹកដី​ប៉ា​គី​ស្ថាន ​ដោយ​បាន​សម្លាប់​ពួក​ជន​សកម្មប្រយុទ្ធ​ជាច្រើន​​នាក់ ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​ចំនួន​អ្នក​ដែល​ត្រូវបាន​សម្លាប់​នោះទេ​។ នៅពេល​ជាមួយគ្នា​នោះ​ រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​មា​បាដ​(​ប៉ា​គី​ស្ថាន​) បាន​អះអាង​ថា ​មិន​មាន​ជំរំ​បែបនេះ​ទេ និង​ថា​កងទ័ពអាកាស​ឥណ្ឌា (IAF) បាន​ទម្លាក់​គ្រាប់បែក​ក្នុង​ព្រៃ​គ្មាន​មនុស្ស​នៅលើ​ជើងភ្នំ​ធំ​មួយ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ANI ដែល​បាន​ដកស្រង់​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​យោធា ​បាន​និយាយ​ថា ​ឥណ្ឌា​បច្ចុប្បន្ន​កំពុង​ធ្វើ​ការបំពាក់​គ្រាប់បែក​នាំ​ផ្លូវ​ SPICE-2000 GPS​របស់​អ៊ីស្រាអែល ទៅ​នឹង​យន្តហោះ​Su-30MKI ដែល​ផលិត​នៅ​រុស្ស៊ី ដែល​ត្រូវបាន​ប្រើប្រាស់​កាលពី​ពេលមុន​នេះ​ដោយ​កងទ័ពអាកាស​ឥណ្ឌា​ ក្នុងការ​វាយប្រហារ​តាម​អាកាស​ទៅ​​លើ​ជំរំ​មួយ​របស់ក្រុម​ជន​សកម្មប្រយុទ្ធ​Jaish-e Mohammad (JeM) នៅ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ចុងខែ​កុម្ភៈ​។​

​នៅពេលនេះ​ មាន​តែ​យន្ដហោះ Mirage-2000 ​នៃ​កងទ័ពអាកាស​ឥណ្ឌា​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​ភ្ជាប់​គ្រាប់បែក​ទាំងនេះ​។ យោងតាម​ប្រភព​ព័ត៌មាន​នេះ បានឱ្យដឹងថា​​ដោយ​បំពាក់​យន្ដហោះ Su-30MKI ជាមួយនឹង​គ្រាប់បែក​SPICE-2000 GPS​នេះ កងទ័ពអាកាស​ឥណ្ឌា​នឹង​បង្កើន​សមត្ថភាព​ប្រយុទ្ធ​របស់ខ្លួន​។

​កងទ័ពអាកាស​ឥណ្ឌា​បានធ្វើការ​វាយឆ្មក់​តាម​ផ្លូវអាកាស​ទៅលើ​ជំរំ​របស់​ក្រុម​Jaish-e-Mohammed នៅ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​សប្តាហ៍​មុន ជា​ការឆ្លើយតប​ទៅ​នឹង​ការ​​វាយប្រហារ​ដោយ​ក្រុម​នេះ​ទៅលើ​ទៅលើ​ក្បួន​រថយន្តយោធា​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌា ​៤០​នាក់​។​ការវាយប្រហារ​នេះ​បាន​ធ្វើឱ្យ​មាន​ការឆ្លើយតប​ពី​​កងទ័ពអាកាស​ប៉ា​គី​ស្ថាន (PAF) ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ ឥណ្ឌា MiG-21 ចំនួន​២​គ្រឿង​និង​បាន​ចាប់ខ្លួន​អ្នកបើក​យន្តហោះ​ទាំងនោះ​។​

​ហេតុការណ៍​នេះ​បាន​នាំឱ្យ​មាន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ ​ប៉ុន្តែ​សភាពការណ៍​បាន​ធូរស្រាល​ខ្លះ​ចាប់តាំងពី​ថ្ងៃទី​១​ខែ​មីនា​នៅពេលដែល​ប៉ា​គី​ស្ថាន​បាន​ដោះលែង​អ្នក​បើក​​យន្តហោះ​ម្នាក់ ដើម្បី​ជា “​កាយវិការ​សន្តិភាព​” ៕​ដោយ​៖​សុខា​/sn

យន្តហោះ​ឥណ្ឌា​Su-30MKI

#