ឥណ្ឌា​ព្រលយ​ពាក្យ​ថា​ខ្លួន​អាច​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែរ​មុនគេ​ក្នុង​សង្គ្រាម​ជាមួយ​ប៉ា​គី​ស្ថាន​

297
ចែករម្លែក

​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា កាលពី​ថ្ងៃ​សុក្រ​ទី​១៦​សីហា​បាន​ព្រលយ​ពាក្យ​ថា រដ្ឋាភិបាល​ក្រុង​ញូវដេល្លី អាច​ដូរ​គោលនយោបាយ​«​មិន​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែរ​មុនគេ​» របស់ខ្លួន ចំពេល​​មាន​ភាព​តានតឹង​ដោយសារ​បញ្ហា​កា​ស្មៀរ​ជាមួយ​ប្រទេស​មាននុយ​គ្លេ​អ៊ែ​រ ប៉ា​គី​ស្ថាន​។​

​សូមបញ្ជាក់​ថា កាលពី​ឆ្នាំ​១៩៩៩ ឥណ្ឌា​បាន​សច្ចា​ថា​នឹង​មិន​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែរ​មុនគេ​នៅក្នុង​ជម្លោះ​ណាមួយ​។​តែ​កាលពី​ថ្ងៃ​១៦​សីហា ឆ្នាំ​២០១៩​នេះ រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​​លោក រ៉ា​ណាត ស៊ី​ង បាន​សរសេរ​បង្ហោះ​ថា «​ប្រជាជាតិ​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ នៅ​តាំងចិត្ត​យ៉ាង​មុតមាំ​និង​អនុវត្ត​ខ្ជាប់ខ្ជួន​គោលការណ៍​របស់​ខ្លួន តែ​អ្វី​ដែល​នឹង​កើតឡើង​​នៅពេល​អនាគត​វា​អាស្រ័យ​លើ​កាលៈទេសៈ​»​។​

​ក្នុងចំណោម​ប្រទេស​ជិតខាង​ឥណ្ឌា ចិន​ក៏​មាន​គោលការណ៍​ដូច​ឥណ្ឌា​ដែរ តែ​ប៉ា​គី​ស្ថាន​មិនមាន​ទេ​។​

​ពួក​អ្នកសង្កេតការណ៍​មើលឃើញថា សម្តី​របស់​ស៊ី​ង​ជា​សារ​ច្បាស់លាស់​មួយ​អំពី​ការ​ប្រុង​ប្តូរ​គោលការណ៍​មិន​វាយប្រហារ​ជាមុន​នេះ​។​

​ការលើកឡើង​របស់​លោក​កើតឡើង​ចំពេល​ភាព​តានតឹង​ជាមួយ​ប៉ា​គី​ស្ថាន​កើន​ឡើង​ខ្លាំង បន្ទាប់​ពី​រដ្ឋាភិបាល​ឥណ្ឌា​ដកហូត​ស្វ័យភាព​របស់​កា​ស្មៀរ​ជាហេតុ​នាំ​អោយ​រដ្ឋាភិបាល​​ក្រុង​អ៊ី​ស្លា​ម៉ា​បាត​(​ប៉ា​គី​ស្ថាន​)​ថ្កោលទោស​។​

ក្រោយ​ទៅ​ទស្សនា​តំបន់ ប៉ុក​រ៉ា​ន់ កន្លែង​សាកល្បង​នុយគ្លេអ៊ែរ​ឥណ្ឌា​នា​ឆ្នាំ​១៩៩៨​មក លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​បាន​ព្រលយ​ពាក្យ​អំពី​ការដកខ្លួន​ចេញពី​ការសន្យា​អំពី​ការ​​មិន​វាយប្រហារ​ដោយ​នុយគ្លេអ៊ែរ​មុនគេ​

​វា​មិនមែន​ជា​លើកដំបូង​ទេ​ដែល​ឥណ្ឌា​និយាយ​ដល់​គោលនយោបាយ​នុយគ្លេអ៊ែរ​របស់ខ្លួន ដោយ​នៅ​ឆ្នាំ​២០១៦ រដ្ឋមន្ត្រី​ការពារជាតិ​គ្រា​នោះ​លោក ម៉ាណូ​ហា ប៉ា​រី​កា បានបង្ហាញ​លទ្ធ​​ភាពប្រែប្រួល​គោ​លន​យោ​បាន​មិន​ប្រើ​នុយ​គ្លែ​រ​មុនគេ ។​

​ការកែប្រែ​គោលនយោបាយ​នុយគ្លេអ៊ែរ​នេះ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​នយោបាយ​ក្នុង​ការឃោសនាបោះឆ្នោតរ​បស់​គណបក្ស​BJP​របស់​លោក​នាយករដ្ឋមន្ត្រី​ម៉ូ​ឌី​នៅ​ឆ្នាំ​២០១៤​។​បន្ទាប់​​មក​លោក​បាន​ពោលថា បើ​ជាប់ឆ្នោត លោក​មិន​មាន​បំណង​ដូរ​គោល​ជំហរ​នេះ​ទេ​។​

​ក្នុងពេល​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​អាណិត្ត​ទី​២ លោក​ម៉ូ​ឌី បាន​និយាយថា​រដ្ឋាភិបាល​របស់​លោក​បាន​ហៅ​ប៉ា​គី​ស្ថាន​ថា​ជា​«​មនុស្ស​សម្លុត​កម្លា​ប្រើ​នុយគ្លេអ៊ែ​រ​»​តែ​«​ឥណ្ឌា​ឈប់​​ខ្លាច​ការ​គំរាម​របស់​ប៉ា​គី​ស្ថាន​។​គ្រប់​ពេល​ដែល​គេ​និយាយ គឺថា​គេ​មាន​ប៊ូ​តុង​នុយគ្លេអ៊ែរ​នៅក្នុង​ដៃ​។​តើ​យើង​ត្រូវ​ធ្វើ​អ្វី​បើ​អ៊ីចឹង​?»​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ការសាកល្បង​នុយគ្លេអ៊ែរ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​១៩៩៨ ឥណ្ឌា​បាន​ប្រកាស​គោលនយោបាយ​«​មិន​ប្រើ​មុនគេ​» ដែល​ក្រោម​គោលនយោបាយ​នេះ ឥណ្ឌា​​នឹង​មិន​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែរ​មុន​ប្រទេសជិតខាង​ខ្លួន​ឡើយ តែ​នឹង​សងសឹក​វិញ បើ​ការពារ​មិន​ជាប់​។​

​មិន​ដូច​ប៉ា​គី​ស្ថាន​ទេ ប្រទេសជិតខាង​ឥណ្ឌា​មួយទៀត គឺ​ចិន ក៏​បាន​ប្រកាស​គោលនយោបាយ​មិន​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែរ​មុន​គេ​ដែរ​៕​ដោយ​៖​វាសនា​