ឥណ្ឌា​រិះគន់​ការជ្រៀតជ្រែក​ពី​អន្តរជាតិ​ចំពោះ​តំបន់​កា​ស្មៀរ បន្ទាប់ពី​មាន​ការប៉ះទង្គិច​គ្នា​

276
ចែករម្លែក

​ក្រុមអ្នកតវ៉ារ​រាប់រយ​នាក់​នៅ​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា បាន​ប៉ះទង្គិច​ជាមួយ ប៉ូលិស​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​សីហា​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ញូវដែលី​មានការ​​អាក់អន់ចិត្ត​ចំពោះ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដ៏​កម្រ​មួយ ស្តីពី​តំបន់​ជម្លោះ​ដែល​មាន​ជនជាតិ​អ៊ីស្លាម​រស់នៅ​ច្រើន​នេះ ។​

​ភាព​តានតឹង​បាន​កើនឡើង​ចាប់តាំងពី​ឥណ្ឌា​កាលពីដើម​ខែ​នេះ បាន​ដកហូត​ផ្នែក​មួយ​នៃ​តំបន់​កា​ស្មៀរ​ដែល​ខ្លួន​គ្រប់គ្រង​នូវ​ស្វ័យភាព ជា​ចំណាត់ការ​មួយ​ដែល​បាន​នាំ​​ឱ្យ​ប្រទេស​ប៉ា​គី​ស្ថាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ធ្វើ​អន្តរា​គម លើ​បញ្ហា​ដែល​មាន​អាយុកាល​រាប់​ទសវត្សរ៍​មក​នេះ​។​

​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់​ត្រាំ បាន​ជំរុញ​ជាថ្មី ឱ្យ​គូប្រជែង​គ្នា​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ​វិលត្រឡប់​មក​តុ​ចរចា​វិញ ដែល​ជា​ការបង្ហាញ​ដល់​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ​លោក អ៊ី​ម​រ៉ា​ម​ខាន់ (Imran Khan )​អំពី​សារៈសំខាន់​នៃ​ការកាត់បន្ថយ​ភាព​តានតឹង​។​

​ប៉ុន្តែ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក ស៊ីយេ​ដ អាក​បា​រ៉ូដ​ឌីន (Syed Akbaruddin)​បាន​សម្តែង​ការ​អាក់អន់ចិត្ត​ចំពោះ​ជំនួយ​ឬ​យោបល់​​ពី​ខាងក្រៅ​។​

​បន្ទាប់​ពី​កិច្ចពិភាក្សា​នៃ​ក្រុមប្រឹក្សា​នេះ ដែល​ត្រូវ​បាន​ស្នើ​ដោយ​ប៉ា​គី​ស្ថាន​និង​ចិន​នោះ លោក ស៊ីយេ​ដ អាក​បា​រ៉ូដ​ឌីន បាន​និយាយថា “​យើង​មិន​ត្រូវការ​ប្រទេសក្រៅ​ មក​ព្យាយាម​ប្រាប់​យើង​ពី​របៀប​រស់នៅ​របស់​យើង​នោះ​ទេ​។ យើង​មាន​ប្រជាជន​ជាង​មួយ​ពាន់​លាន​នាក់​” ។​

​នៅក្នុង​សប្តាហ៍​ដំបូង​នៃ​ខែ​សីហា​នេះ ឥណ្ឌា​បាន​បញ្ចប់​ឋានៈ​ស្វ័យភាព​របស់​តំបន់​កា​ស្មៀរ​ដោយ​បង្កើនការ​រឹតត្បិត​ការចេញចូ​លនិងកាត់​ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ​និង​អ៊ីនធឺណិត​។​

​តំបន់​កា​ស្មៀរ​ត្រូវបាន​បែងចែក​រវា​ង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​នៅក្នុង​ឆ្នាំ ១៩៤៧ ហើយ​តំបន់​នេះ​បាន​ក្លាយជា​ប្រភព​នៃ​សង្គ្រាម​​ធំ​ចំនួន​២​និង​ការប៉ះទង្គិច​គ្នា​រាប់មិនអស់​រវាង​ប្រទេស​ទាំង​២​នេះ​។​

​នៅ​ទីក្រុង​Srinagar​ដែល​ជា​ទីក្រុង​សំខាន់​នៅ​តំបន់​កា​ស្មៀរ​គ្រប់គ្រង​ដោយឥ​ណ្ឌាប៉ូលិស​បានបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​បាញ់កាំភ្លើង​គ្រាប់​ជ័រ​ដើម្បី​បំបែកពួក​អ្នកស្រុក​ដែល​​បាន​ព្យាយាម​ដើរ​ក្បួន​តវ៉ា​នៅ​តាម​ផ្លូវ​ធំ​បន្ទាប់​ពី​ការ​សូត្រធម៌​កាលពី​ថ្ងៃ​សុក្រ​។​

​ក្រុមអ្នកតវ៉ា​បាន​គប់​ដុំថ្ម ខណៈ​ដែល​ប៉ូលិស​បាន​បាញ់​ជា​ច្រើន​គ្រាប់​ទៅលើ​ហ្វូង​មនុស្ស​នោះ​។ មិន​មាន​របាយការណ៍​អំពី​ការរង​របួស​ទេ​។​

​ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​សាទរ​ចំពោះ​កិច្ចប្រជុំ​នេះ​ដែល​ជា​ភស្តុតាង​ដែលថា បញ្ហា​នៅក្នុង​តំបន់​គឺ ជា​ជម្លោះ​ដែល​មាន​ការទទួល​​ស្គាល់​ជា​អន្តរជាតិ​៕​ដោយ​៖​សុខា​/sn

ក្រុមអ្នកតវ៉ា​ស្រែក​តវ៉ា​នៅ​កន្លែង​ប្រមូលផ្តុំ​តវ៉ា​នៅ​ទីក្រុង​Srinagar​ប្រឆាំង​ការចាត់វិធានការ​របស់​រដ្ឋាភិបាលឥ​ណ្ឌា​ក្នុង​ការដកឋានៈ​តំបន់​ការ​ស្មៀរ​ពី​ស្វ័យភាព​របស់ខ្លួន​

សន្តិសុខ​នៅ​តែ​រឹតបន្តឹង​នៅ​ទីក្រុង​Srinagar