ឥណ្ឌា​រឹតបន្តឹង​សន្តិសុខ​នៅ​តំបន់​កា​ស្មៀនៅ​ថ្ងៃបុណ្យ​សាសនា​អ៊ីស្លាម ហើយ​បដិសេធ​ការរិះគន់​របស់​ចិន​

133
ចែករម្លែក

​កងទ័ព​ឥណ្ឌា​បាន​រឹតបន្តឹង​សន្តិសុខ​នៅ​តាម​វិហារ​អ៊ីស្លាម​នៅ​ទូទាំង​តំបន់​កា​ស្មៀរ​សម្រាប់​ពិធី​ថ្ងៃបុណ្យ​សាសនា​អ៊ីស្លាម​Eid al-Adha កាលពី​ថ្ងៃ​ចន្ទ​ដោយ​មាន​ការភ័យខ្លាច​​ការតវ៉ា ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន ព្រមាន​រដ្ឋាភិបាល​ក្រុង​ញូវដែលី​ថា សកម្មភាព​របស់​ខ្លួន​នៅ​ទឹកដី​ដែល​កំពុង​រំជើបរំជួល​នេះ​បាន​បង្ក​ឱ្យមាន​ភាព​តានតឹង​​ក្នុង​តំបន់​។​

​ក្រុម​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយថា វិហារ​អ៊ីស្លាម​Jama Masjid ដែល​ធំជាងគេ​នៅ​តំបន់​ព្រៃ​ភ្នំ​ហេមពាន្ត​នេះ ត្រូវបាន​បញ្ជា​ឱ្យ​បិទ​ហើយ​មនុស្ស​មួយចំនួន​ត្រូវបាន​​អនុញ្ញាត​ឱ្យ​បួងសួង​នៅក្នុង​វិហារ​តូចៗ​ក្នុងស្រុក​ដើម្បី​កុំឲ្យ​មាន​ហ្វូងមនុស្ស​ច្រើន​ជួបជុំគ្នា​។​

​លោក​Dilbagh Singh អធិការ​ប៉ូលិស​តំបន់​កា​ស្មៀរ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​ការ​ប្រារព្ធ​ពិធីបុណ្យ​សាសនា​អ៊ីស្លាម​Eid al-Adha​គឺ​ប្រព្រឹត្តទៅ​ដោយ​ស្រួល​ជាធម្មតា​​នៅថ្ងៃនេះ​។​មាន​ការតវ៉ា​នៅ​ទីក្រុង​Srinagar ប៉ុន្តែ​មិនធំ​ទេ​ហើយ គ្មានអ្វី​សំខាន់​ទេ ” ។​

​តំបន់​កា​ស្មៀរ​បាន​ស្ថិតនៅក្រោម​រឹងបន្តឹង​សន្តិសុខ អស់​រយៈពេល​៨​ថ្ងៃ​មកហើយ ខណៈ​ដែល​រដ្ឋាភិបាល​ជាតិនិយម​ហិណ្ឌូ​នៅ​ទីក្រុង​ញូវដែលី​ព្យាយាម​បង្ក្រាប​ការប្រឆាំង​ជំទាស់​​នឹង​ចំណាត់ការ​របស់​ខ្លួន​ក្នុង​ដាក់​ការគ្រប់គ្រង​តឹងតែង​ជាង​មុន​លើ​តំបន់​ដែល​មាន​ជនជាតិ​អ៊ីស្លាម​រស់នៅ​ច្រើន​នេះ​។​

​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​និង​ទូរស័ព្ទ​ទាក់ទង​ត្រូវបាន​កាត់ផ្តាច់​ហើយ​កងកម្លាំង​ទ័ព​រាប់ម៉ឺន​នាក់​បាន​ស្ថិតនៅ​ទីក្រុង Srinagar និង​នៅ​ប្រជុំជន​និង​ភូមិ​ដទៃទៀត​នៅ​ជ្រលង​ភ្នំ​កា​ស្មៀរ​នេះ​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ការសម្រេច​ដក​តំបន់​កា​ស្មៀរ​ពី​តំបន់ស្វ័យ​ភាព​របស់​ខ្លួន​គឺ​ចាំបាច់​ដើម្បី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​​ខ្លួន​និង​បញ្ឈប់ អំពើ​ភេរវកម្ម​” ។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌា លោក​S. Jaishankar បាន​លើកឡើង​ជា​ថ្មី​អំពី​ជំហរ​របស់​រដ្ឋាភិបាល​របស់​លោក​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​មាន​កិច្ច​ជំនួប​ជាមួយ​​សម​ភាគី​ចិន គឺ​លោក Wang Yi ។​

​រដ្ឋមន្ត្រី​បរទេស​ឥណ្ឌា​នេះ​បាន​និយាយថា​ការសម្រេចចិត្ត​ដក​កា​ស្មៀរ​ពីឋានៈ​ស្វ័យភាព​ពិសេស​របស់​ខ្លួន “​មិនបង្កើត​ការទាមទារ​អធិបតេយ្យភាព​ថ្មី មិន​ផ្លាស់ប្តូរ​ខ្សែ​បន្ទាប់​ព្រំដែន​​នៃ​បទ​ឈប់​បាញ់​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន និង​មិន​ផ្លាស់ប្តូរ​ខ្សែ​ត្រួតពិនិត្យ​ជាក់ស្តែង​នៃ​ព្រំដែន​ឥណ្ឌា​-​ចិន “​។​

​ប៉ុន្តែ​លោក Wang Yi បាន​ព្រមាន​ថា ចំណាត់ការ​ដ៏​ចម្រូងចម្រាស​នេះ​នឹង “​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ស្រុក​កា​ស្មៀរ​និង​បង្កភាព​តានតឹង​ក្នុង​តំបន់​។​លោក​បាន​បន្ថែមថា “​ចិន​ប្រឆាំង​រាល់​សកម្មភាព​ឯកតោភាគី​ដែល​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​ស្មុគស្មាញ​”៕ដោយ៖សុខា/sn

​កងទ័ព​ឥណ្ឌា ឃាត់​សួរនាំ​ប្រជាជន​អ៊ីស្លាម​ក្នុងពេល​ការ​រឹតបន្តឹង​សន្តិសុខ​នៅ​ទីក្រុង​Srinagar​នៅ​តំបន់​កា​ស្មៀរ​