ឥណ្ឌា​លក់​សញ្ញា​បណ្ណ​រតនាគារ​របស់​អាមេរិក​ជាង ១៦ ពាន់​លាន​ដុល្លារ ដោយ​ដើរ​តាម​លំ​អាន​របស់​ចិន

949
ចែករម្លែក

​ការវិវឌ្ឍ​នេះ​កើតឡើង បន្ទាប់ពី​ចិន​បាន​លក់​សញ្ញា​បណ្ណ​រតនា​គារ​របស់​អាមេរិក​ចំនួន ៣ ពាន់​លាន​ដុល្លារ​អាមេរិក​ចំពេល​កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ដោយ​ធ្វើឱ្យ​វា​ក្លាយជា​ការលក់​សញ្ញា​បណ្ណ​លើក​ទី ៣ ហើយ​ក្នុង​រយៈពេល ១៤ ឆ្នាំ​ចុង​ក្រោយនេះ​។​

​យោងតាម​កាសែត The Economic Times បានឱ្យដឹងថា ធនាគារកណ្តាល​ឥណ្ឌា (RBI) បាន​លក់​សញ្ញា​បណ្ណ​រត​នាគារ​អាមេរិក (USTs) តម្លៃ ១៦,៣ ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ខែមេសា​មក ជាមួយ​ភាគហ៊ុន​របស់​ប្រទេស​នេះ​បាន​ធ្លាក់ចុះ​ដល់ ១៤០ ពាន់​លាន​ដុល្លារ​នៅ​ចុងខែ​សីហា​។​

​កាសែត​នេះ​បាន​រាយការណ៍​ថា ការលក់​នេះ​កើតឡើង​ចំពេល​ដែល RBI ប្រឹងប្រែង​ទប់ទល់​នឹង​ការធ្លាក់ចុះ​តម្លៃ​ប្រាក់​រូពី និង​កាត់បន្ថយ​ការកាន់កាប់​សញ្ញា​បណ្ណរ​ត​នាគារ​អាមេរិក ខណៈ RBI “​បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ជាច្រើន​ផ្សេងទៀត ដែល​បាន​លក់​ចេញ​នូវ​សញ្ញា​បណ្ណ​អាមេរិក​”​។​

​ប្រាក់​រូពី​ឥណ្ឌា​បាន​ធ្លាក់​ថ្លៃ​ជាង ១០​ភាគរយ​នៃ​តម្លៃ​របស់​វា​ធៀប​នឹង​ប្រាក់​ដុល្លារ បន្ទាប់ពី​វិនិយោគិន​បរទេស (FPI) បាន​ដកចេញ​ការវិនិយោគ​របស់​ពួកគេ​ជាង ១០ ពាន់​លាន​ដុល្លារ​នៅក្នុង​ទីផ្សារ​ឥណ្ឌា ចាប់តាំងពី​ខែមេសា​។ ក្នុងន័យនេះ របាយការណ៍​របស់​ធ​នាគារ Bank of America Merrill Lynch បាន​ព្យាករណ៍​ថា “​ប្រសិនបើ​លំហូរ FPI មិនមាន​ដំណើរការឡើង​វិញ​ចំពេល​កំពុងមាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន RBI ប្រហែលជា​ត្រូវ​លក់​សញ្ញា​បណ្ណ​ពី ១០ ទៅ ១៥ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​នៅត្រឹម​ខែមីនា​”​។​

​នៅ​ពាក់កណ្តាល​ខែតុលា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​លក់​មូល​ប​ត្រ​បំណុល​រដ្ឋាភិបាល​អាមេរិក​ចំនួន ៣ ពាន់​លាន​ដុល្លារ​ក្នុងពេល​ប្រឈមមុខ​នឹង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន ក្នុង​ចំណាត់ការ​មួយ​ដែល Bloomberg បាន​ពណ៌នា​ថា​ជា “​ការបង្ហាញ​កាន់តែ​ធំធេង​នៃ​ការអូសទាញ​របស់​ចិន​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​បំណុល​អន្តរជាតិ​”៕ ដោយ៖ កញ្ញាដាលីស

ឥណ្ឌា​ធ្វើតាម​ចិន ដោយ​លក់​សញ្ញា​បណ្ណ​រត​នាគារ​អាមេរិក​ជាង ១៦ ពាន់​លាន​ដុល្លារ