ឥណ្ឌា​លុបចោល​បេសកកម្ម​ឡើ​ន​ឋាន​ព្រះ​ចន្ទ ៥៦ នាទី​មុន​ការបាញ់​បង្ហោះ​យាន

452
ចែករម្លែក

​នៅ​ថ្ងៃ​ចន្ទ​ទី​១៥​កក្កដា​នេះ ប្រទេស​ឥណ្ឌា​បាន​លុបចោល​ការបាញ់​បង្ហោះ​រ៉ុក្កែត ដែលមាន​បំណង​បញ្ជូន​យាន​មួយ​ទៅលើ​ឋាន​ព្រះ​ចន្ទ ពោលគឺ​តិចជាង​មួយ​ម៉ោង មុន​ការបាញ់​បង្ហោះ​ដោយសារ​បញ្ហា “​បច្ចេកទេស​”​។​

​ឥណ្ឌា​ចង់ឱ្យ​បេសកកម្ម​យាន Chandrayaan-2 ឬ Moon Chariot 2 ធ្វើឱ្យ​ខ្លួន​ក្លាយជា​ប្រទេស​ទី​បួន​បន្ទាប់ពី​រុស្ស៊ី​សហរដ្ឋ​អាម៉េរិក​និង​ចិន​បាន​ចុះចត​នៅលើ​ផ្ទៃ​ឋាន​ព្រះ​ចន្ទ​។​

​ការរាប់​ថយក្រោយ​នៅឯ​មជ្ឈមណ្ឌល​អវកាស Satish Dhawan ត្រូវបាន​ផ្អាក​នៅ​នាទី ៥៦ និង ២៤ វិនាទី មុនពេល​ការបាញ់​បង្ហោះ​ដែល​បានគ្រោង​ទុក​នៅ​ម៉ោង ២:៥១ នាទី​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​ចន្ទ​នេះ​។​

​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​និយាយ​នៅលើ Twitter ថា “​បញ្ហា​បច្ចេកទេស​ត្រូវបាន​អង្កេត​ឃើញ​នៅក្នុង​ប្រព័ន្ធ​បាញ់​បង្ហោះ​នៅ​នាទី ៥៦​។ ជា​វិធានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ការបាញ់​បង្ហោះ​យាន Chandrayaan2 ត្រូវបាន​លុបចោល​នៅថ្ងៃនេះ​។ កាលបរិច្ឆេទ​ដែល​កែសម្រួល​ឡើងវិញ​នឹងត្រូវ​បានប្រកាស​នៅពេល​ក្រោយ​”​។​

​មន្ត្រី​នៅ​មជ្ឈមណ្ឌល​អវកាស​នៅលើ​កោះ​មួយ​នៅ​ឆ្នេរសមុទ្រ​នៃ​រដ្ឋ​អាន់​ដ្រា​ប្រា​ដេ​ស បាន​និយាយថា បញ្ហា​នេះ​គឺ​ស្ថិតនៅក្នុង​ប្រព័ន្ធ​បាញ់​បង្ហោះ​។​

​ទីភ្នាក់ងារ ISRO បានប្រកាស​មួយ​ម៉ោង​មុនពេល​ចាប់ផ្តើម​ថា ការចាក់​ប្រេង​អ៊ីដ្រូសែន​ត្រូវបានធ្វើ​រួចរាល់​។ ទីភ្នាក់ងារ​នេះ​មិនបាន​និយាយថា​ពេលណា​ដែល​ការបាញ់​បង្ហោះ​ថ្មី​អាច​ធ្វើឡើង​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​ពិនិត្យមើល​យាន Chandrayaan-2 កាលពី​ថ្ងៃទី ១២ មិថុនា​កន្លងទៅ