ឥណ្ឌា​សុំអោយ​ប៉ា​គី​ស្ថាន​ដោះលែង​អាកាសយានិក​ដែល​ត្រូវ​ចាប់ខ្លួន​ជាបន្ទាន់​

492
ចែករម្លែក
  • 332
    Shares

​រដ្ឋាភិបាល​ក្រុង​ញូវដែល្លី​(​ឥណ្ឌា​)​កាលពី​ថ្ងៃ​ពុធ​បាន​អំពាវនាវ​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាត​(​ប៉ា​គី​ស្ថាន​)​អោយ​ដោះលែង​និង​ប្រគល់​អាកាសយានិក​ឥណ្ឌា​ដែល​ត្រូវបាន​ចាប់ខ្លួន​​ដោយ​យោធា​ប៉ា​គី​ស្ថាន​ក្រោយ​ឧបទ្ទវហេតុ​ក្នុង​អាកាស​លើ​តំបន់​កា​ស្មៀរ​។​

​ក្រសួងការបរទេស​ឥណ្ឌា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​«​ឥណ្ឌា​សូម​ជំទាស់​ដាច់ខាត​ចំពោះ​ការបង្ហាញ​ដ៏​ថោកទាប​របស់​ប៉ា​គី​ស្ថាន​អំពី​បុគ្គលិក​រងរបួស​នៃ​កងទ័ព​​អាកាស​ឥណ្ឌា ដែល​វា​រំលោភ​និយាម​ទាំងអស់​របស់​ច្បាប់​មនុស្សធម៌​អន្តរជាតិ​និង​អនុសញ្ញា​ក្រុង​ហ្សឺ​ណែ​វ​។​ត្រូវតែ​ធានា​ថា​ប៉ា​គី​ស្ថាន​នឹងត្រូវ​ណែនាំ​បាន​ល្អ​ដើម្បី​ធានា​ថា​មិន​មាន​​គ្រោះថ្នាក់​អ្វី​ចំពោះ​បុគ្គលិក​យោធា​ឥណ្ឌា​ដែល​កំពុង​ជាប់​ឃុំ​។​ឥណ្ឌា​ក៏​រំពឹងថា គាត់​នឹង​វិល​មក​វិញ​ដោយ​សុវត្ថិភាព​ក្នុងពេល​ឆាប់ៗ​»​។​

​មុន​នេះ​ក្នុង​ថ្ងៃ​ដដែល ក្រសួងការបរទេស​ឥណ្ឌា​បាន​និយាយថា យន្តហោះ​ប៉ា​គី​ស្ថាន​មួយ​ត្រូវបាន​បាញ់​ទម្លាក់​នៅ​តំបន់​កា​ស្មៀរ​ដែល​មាន​ជម្លោះ និង​ថា​ឥណ្ធា​ក៏​បាត់បង់​យន្តហោះ​ Mig-21​មួយគ្រឿង​ផង​ដែរ​។​ទោះជា​យ៉ាងណា ប៉ា​គី​ស្ថាន​អះអាងថា​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​២​គ្រឿង និង​ចាប់ខ្លួន​អាកាសយានិក​២​នាក់ ដោយ​ម្នាក់​ត្រូវបាន​បញ្ជូន​​ទៅ​មន្ទីរពេទ្យ​ខណៈ​ម្នាក់ទៀត​ស្ថិតនៅក្រោម​ការឃុំខ្លួន​។​

​មួយ​ថ្ងៃមុន​នេះ គឺ​ថ្ងៃ​អង្គារ កងទ័ពអាកាស​ឥណ្ឌា​បាន​ធ្វើ​ការទម្លាក់​គ្រាប់បែក​នៅ​ខាង​ទឹកដី​ប៉ា​គី​ស្ថាន​ទៅលើ​អ្វី​ដែល​ខ្លួន​អះអាងថា ជំរំ​ហ្វឹកហាត់​របស់​ក្រុម​Jaish-e-Mohammad​ដែល​ឥណ្ឌា​ចាត់ទុក​ជា​ក្រុម​ភេរវកម្ម​។​ប៉ា​គី​ស្ថាន​បាន​រិះគន់​ការវាយប្រហារ​នេះ​ថា​វា​រំលោភ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ខ្លួន​។​

​ការវាយប្រហារ​នេះ​ទំនង​ជា​ការ​សងសឹក​ចំពោះ​ការវាយប្រហារ​ដោយ​ក្រុម​Jaish-e-Mohammad​កាលពី​ថ្ងៃ​១៤​កុម្ភៈ លើ​ក្បួន​រថយន្តយោធា​ឥណ្ឌា​ដែល​បានសម្លាប់​ទាហាន​ឥណ្ឌា​៤៥​នាក់​។​ឥណ្ឌា​បាន​ចាត់ទុក​Maulana Masood Azhar មេដឹកនាំ​ក្រុម Jaish-e-Mohammed ដែល​កំពុង​រស់នៅ​ប៉ា​គី​ស្ថាន ថា​ជា​មនុស្ស​ដែល​ទទួលខុសត្រូវ​ក្នុងការ​បញ្ជាការ​​វាយប្រហារ​នេះ​។​

​ប៉ា​គី​ស្ថាន​បាន​បដិសេធ​ការចោទប្រកាន់​ណាមួយ​ថា​ខ្លួន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម​នេះ​និង​បាន​និយាយថា យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​ញូវដែល្លី​គឺ​បង្វែរ​ការយក​​ចិត្ត​ទុកដាក់​របស់​អន្តរជាតិ​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​តំបន់​កា​ស្មៀរ​ខាងឥ​ណ្ឌា​។​

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ពុធ ក៏​បាន​អំពាវនាវ​អោយមាន​ការពិភាក្សាគ្នា​ជាមួយ​ឥណ្ឌា ហើយ​សង្ឃឹមថា​នឹង​មាន​«​បរិយាកាស​ល្អ​ប្រសើរ​ឡើង​»​។​លោក​ក៏​បាន​អួត​អំពី​​សមត្ថភាព​កងកម្លាំង​ប្រដាប់អាវុធ​ប៉ា​គី​ស្ថាន​និង​បាន​បញ្ជាក់​អំពី​ការបាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​២​គ្រឿង​និង​ចាប់ខ្លួន​អាកាសយានិក​២​នាក់​៕​ដោយ​៖​វាសនា​

អាកាសយានិក​ឥណ្ឌា​Abhinandan Varthaman​ត្រូវ​ប៉ា​គី​ស្ថាន​ចាប់ឃុំខ្លួន​ក្រោយ​យន្តហោះ​MIG-21​របស់​គាត់​ធ្លាក់​កាលពី​ព្រឹក​ថ្ងៃ​ពុធ​

ទាហាន​ប៉ា​គី​ស្ថាន​ឈរ​ជិត​ខ្មោច​យន្តហោះ ឥណ្ឌា​ដែល​ធ្លាក់​

#