ឥណ្ឌា កាត់ទោស​លោក សាល់​ម៉ាន់ ខាន់ អោយជាប់គុក៥ឆ្នាំចំពោះ​ការ​សម្លាប់សត្វ​ប្រើស​ដ៏​កម្រ​

1168
ចែករម្លែក

​កំពូល​តារាភាពយន្ត​ឥណ្ឌា លោក​សាល់​ម៉ាន់ ខាន់​(Salman Khan)​ត្រូវបាន​តុលាការ​រក​ឃើញ​កំហុស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មេសា ចំពោះ​ការសម្លាប់​សត្វព្រៃ​ដ៏​កម្រ​​និង​ត្រូវ​ច្បាប់​រក្សា​ការពារ​កាលពី​ជិត​២​ទសវត្សរ៍​មុន ហើយបានសំរេចអោយជាប់គុក៥ឆ្នាំនិងពិន័យប្រាក់១០.០០០រូពី(១៥០ដុល្លារ)។

​ខាន់ ដែល​ជា​កំពូល​តួ​ឥណ្ឌា​ម្នាក់ ត្រូវបាន​តុលាការ​មួយ​ក្នុង​រដ្ឋ​រ៉ា​ចា​ថា​ន ចោទប្រកាន់ ចំពោះ​ការ​បរបាញ់​សត្វ​ប្រើស​ដ៏​កម្រៗ​នៅ​ឆ្នាំ​១៩៩៨​។​លោក​ត្រូវ​បានកាត់ទោស​កាលពី​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មេសា ​ចំពោះ​បទឧក្រិដ្ឋ​ដែល​បានធ្វើអោយ​កក្រើក​ឥណ្ឌា​រាប់​ឆ្នាំ​មកនេះ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស​រាប់រយ​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅក្រៅ​តុលាការ​ក្នុង​ក្រុង​ចូ​តពួរ ដើម្បី​ទប់​មហាជន​ដែល​មក​គាំទ្រ​តារា​រូប​នេះ​។​

​តារា​បូលីវូត ៤​រូប​ទៀត ក៏​ត្រូវបាន​ចោទប្រកាន់​ថា​បាន​ចូលរួម​ក្នុង​ដំណើរ​ប្រមាញ់​នេះ តែ​ត្រូវ​បាន​សំរេច​អោយ​រួចផុត​ការចោទប្រកាន់​ដោយ​សារ​គ្មាន​ភស្តុតាង​។​

​រដ្ឋអាជ្ញា ម៉ា​ហ៊ី​ប៉ាល់ ប៊ីស​ណូយ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​សាល់​ម៉ាន់ ខាន់ ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​នៅក្រោម​ច្បាប់​ការពារ​សត្វព្រៃ​និង​អ្នក​ផ្សេង​ទៀត​ត្រូវបាន​​សំរេច​អោយ​រួចខ្លួន​»​។​

​ខាន់ បាន​ចោទប្រកាន់​នាយកដ្ឋាន​ព្រៃឈើ​របស់​រដ្ឋ​ថា មួលបង្កាច់​លោក​ចំពោះ​ករណី​បាញ់​ប្រើស​នេះ ខណៈ​មេធាវី​របស់​លោក​អះអាងថា ប្រើស​នោះ​ងាប់​តាម​ធម្មជាតិ​​និង​ថា​មិន​មាន​ភស្តុ​ង​តាង​អំពី​ការបាញ់សម្លាប់​ទេ​។​

​តារា​វ័យ​៥២​ឆ្នាំ​រូប​នេះ ត្រូវបាន​ញាំញី​ដោយ​ការចោទប្រកាន់​ជាច្រើន ចាប់តាំងពី​ធ្វើការ​បរបាញ់​ក្នុង​តំបន់​ព្រៃ​ការពារ​ក្នុងពេល​ថត​ភាពយន្ត​មួយ​ក្នុង​រដ្ឋ​រ៉ា​ចា​ថា​ន​។​គាត់​​ត្រូវបាន​នាំ​ទៅ​ដាក់គុក​មួយ​រយៈពេល​ខ្លី តែ​ត្រូវបាន​ដោះលែង​ដោយសារ​បណ្តឹងឧទ្ធរណ៍​នៅ​ឆ្នាំ​២០១៦​។​

​កាលពី​ឆ្នាំមុន លោក​ក៏​ត្រូវបាន​តុលាការ​មួយ​សំរេច​អោយ​រួច​ការចោទប្រកាន់​ចំពោះ​ការប្រើ​កាំភ្លើង​គ្មាន​ការអនុញ្ញាត​ក្នុងពេល​បរបាញ់ តែ​តុលាការ​ជាន់ខ្ពស់​មួយ​បាន​​ប្រឆាំង​ចំពោះ​ការសំរេច​អោយ​រួច​ទោស​នេះ​។​

​រឿង​ប្រទូសរ៉ាយ​បាន​តាម​លង​ក្មេងប្រុស​បូលីវូត​នេះ ចាប់តាំងពី​លោក​ល្បី​ក្នុង​ភាពយន្ត​ឥណ្ឌា​ក្នុង​ទសវត្សរ៍​១៩៨០​។​លោក​ត្រូវ​បាន​សំរេច​អោយ​រួច​ទោស​នៅ​ឆ្នាំ​២០១៥​ចំពោះ​ការសម្លាប់​បុរស​អត់​ផ្ទះសម្បែង​ម្នាក់​ក្នុង​ឧបទ្ទវហេតុ​បុក​រត់​មួយ​។​ទោះជា​យ៉ាងណា ការសំរេច​នោះ កំពុង​ត្រូវបាន​ប្រឆាំង​និង​តតាំង​គ្នា​នៅ​តុលាការ​កំពូល​។​

​គាត់​ក៏​ជាប់ចោទ​ពី​បទ​វាយ​អតីត​បវរកញ្ញា​ពិភពលោក​ម្នាក់ និង​បាន​បង្ក​កំហឹង​មួយ​នៅ​ឆ្នាំ​២០១៦​ដោយសារ​តែ​និយាយថា តារាង​ពេល​ថតកុន​របស់​លោក​មួ​យៗ​ធ្វើអោយ​​គាត់​មាន​អារម្មណ៍​ដូច​«​ស្ត្រី​ត្រូវ​គេ​ចាប់រំលោភ​»​។​

​ទោះជា​យ៉ាងណា លោក​នៅតែ​ជា​តារា​ទាក់ទាញ​ម្នាក់​របស់​ឥណ្ឌា ដោយ​បាន​សម្តែង​ជាង​១០០​រឿង​ទាំង​ក្នុង​ខ្សែភាពយន្ត​និង​ក្នុង​ទូរទស្សន៍​។​យោង​តាម​ទស្សនា​វ​ដ្តី​Forbes​ខាន់ រកបាន​៣៧​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ដោយ​នៅ​លំដាប់​ទី​២​បន្ទាប់ពី​លោក សារុ ខាន់ ក្នុង​បញ្ជីចំណូល​តារា​បូលីវូត​ឆ្នាំ​២០១៧៕ដោយ៖វាសនា

​​តួ​ឥណ្ឌា សាល់​ម៉ាន់ ខាន់ ត្រូវបាន​ចោទប្រកាន់​ចំពោះ​ការបាញ់​ប្រើស​នៅ​ឆ្នាំ​១៩៩៨