ឥណ្ឌា ដាក់ឱ្យ​ដំណើរការ​រថភ្លើង​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ដំបូងបង្អស់​

101

​ក្រុមហ៊ុន​ផ្លូវដែក​ឥណ្ឌា (Indian Railways) បានដាក់​ឱ្យ​ដំណើរការ​រថភ្លើង​ដើរ​ដោយ​ថាមពល​ពន្លឺ ព្រះអាទិត្យ​ដំបូងបង្អស់​កាលពី​ថ្ងៃ​សុក្រ ទី​១៤ ខែកក្កដា​។ រថភ្លើង​នេះ​មាន​អាគុយ​ដ៏​ធំ​មួយ​ដែល​ធានាថា មាន​ថាមពល​ប្រើប្រាស់​គ្រប់គ្រាន់ ទោះបីជា​គ្មាន​ពន្លឺព្រះអាទិត្យ​ក្តី​។
​ ​
​បន្ទះ​សូ​ឡា ឬ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ដែល​គេ​ដំឡើង​នៅលើ​ដំបូល​ក្បាលរថភ្លើង​នឹង​ផ្គត់ផ្គង់​តម្រូវ ការ​ថាមពល​អគ្គិសនី​ក្នុង​តួ​រថភ្លើង​ទាំងមូល​រួមមាន​អំពូល​ភ្លើង កង្ហារ និង​ប្រព័ន្ធ​បង្ហាញ​ព័ត៌មាន​។
​លោក ស៊ូ​រេស ប្រា​ពូ (Suresh Prabhu) រដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្លូវដែក​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ រថភ្លើង​នេះ​កាលពី​ថ្ងៃ​សុក្រ នៅ​ស្ថានីយ​រថភ្លើង​សា​ហ្វ​ដា​ជុង (Safdarjung Railway Station) ក្នុង​ទីក្រុង​ញូ​វ​ដេលី ហើយ​លោក​បាន​ថ្លែងថា វា​ជា “​ជំ​ហ៊ាន​ច្នៃប្រឌិត​” មួយ​ឆ្ពោះទៅ​ការធ្វើឱ្យ​រថភ្លើង​របស់​ឥណ្ឌា ឈប់​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​។​

​យោងតាម​សេចក្តីរាយការណ៍​ព័ត៌មាន​បានឱ្យដឹងថា រថភ្លើង​នេះ​នឹង​ចេញដំណើរ​ពី​ស្ថានីយ​សា​រ៉ៃ រ៉ូ​ហ៊ីល​ឡា (Sarai Rohilla) ក្នុង​ទីក្រុង​ញូ​វ​ដេលី ឆ្ពោះទៅ​ហ្វា​រុក​ណាហ្គា (Farrukhnagar) ស្ថិតក្នុង​ស្រុក​ហ្គួ​ហ្គា​អុន (Gurgaon) រដ្ឋ​ហា​យ៉ាណា (Haryana)៕ ​ប្រែ​សម្រួលៈ ខុម​