ឥណ្ឌា បិទ​ប្រទេស​ដោយសារ​កូ​រ៉ូ​ណា អ្នក​បំពាន​ស៊ី​ថ្មោង​

112
ចែករម្លែក

ឥណ្ឌា ដែលជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​ក្នុង​ពិភពលោក​បាន​បិទ​ប្រទេស​កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែមីនា ដោយ​រដ្ឋាភិបាល​ប្រាប់​ឱ្យ​ពលរដ្ឋ​ទាំង​ប្រមាណ ១,៣​ពាន់​លាន​នាក់​របស់ខ្លួន សម្ងំ​នៅតែ​ក្នុងផ្ទះ​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ ដែល​កំពុងតែ​វាយបំបាក់​ប្រព័ន្ធ​សុខាភិបាល​ដ៏​ផុយ​ស្រួល​របស់​ប្រទេស​នេះ​។​
​ ​
ប៉ូលិស​បាន​ប្រើ​រំពាត់ផ្ដៅ​វាយ​សំពង​ពលរដ្ឋ​ដែល​បំពាន​បម្រាម​នេះ ខណៈ​ផ្លូវជាតិ មហាវិថី និង​ស្ថានីយ​រថភ្លើង​ទូទាំង​ក្រុង​ញូ​វ​ដេលី បិទ​ខ្ទេចខ្ទី​គ្មាន​សល់ ក្នុង​ចំណាត់​ការមិន​ធ្លាប់មាន ដើម្បី​ពន្យឺតការ​រាលដាល​វីរុស​នេះ​។​
​ ​
ការបិទ​ប្រទេស​ឥណ្ឌា មាន​ទ្រង់ទ្រាយ​ធំ​ជាង​នៅ​ប្រទេស​ចិន ទៅទៀត ដែល​ប្រជាជន​ចិន ប្រមាណ ៧៦០ លាន​នាក់​ត្រូវបាន​ប្រាម​ប្រាម​មិនឱ្យ​ចេញទៅ​ណា​ពោលគឺ​នៅតែ​ក្នុងផ្ទះ​កាល ពី​ខែមករា បន្ទាប់ពី​វីរុស​នេះ​បានចាប់ផ្ដើម​ឆ្លង​រាលដាល​ខ្លាំង​ទូទាំង​ខេត្ត​ហ៊ូ​ប៉ី (Hubei) មុនពេល ឆ្លង​រាលដាល​ទូទាំងប្រទេស​។ ហើយ​ពេលនេះ​ការ​រឹតបន្តឹង​នានា​ត្រូវបាន​បន្ធូរបន្ថយ​ខ្លះ​ហើយ​។​
​ ​
សូមបញ្ជាក់ថា រហូតមកទល់​ពេលនេះ ប្រទេស​ឥណ្ឌា ទើបតែ​មាន​ករណី​ឆ្លង​ប្រមាណ ៥០០ ករណី​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា ក្រុម​អ្នកជំនាញ​ព្រមាន​ថា ពលរដ្ឋ​ឥណ្ឌា រហូតដល់​ទៅ ៥០០ លាន​នាក់​អាច​ឆ្លង​វីរុស​នេះ​ត្រឹម​ឆ្នាំក្រោយ ដែល​មានន័យថា នឹងមាន​មនុស្ស​ស្លាប់​ជាង ១ លាន​នាក់​នៅ​រយៈពេល ១២ ខែក្រោយ​៕ ប្រែ​សម្រួលៈ ខុម