ឥណ្ឌូណេស៊ីចាប់ផ្តើមហោះហើរត្រង់មកកាន់កម្ពុជាហើយ

495
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍Citilink Airlines របស់ឥណ្ឌូណេស៊ីបានចាប់ផ្តើមហោះត្រង់ដឹកអ្នកដំណើរជាផ្លូវការពីក្រុងJakata មកកាន់ក្រុងភ្នំពេញ នៅចុងខែមិថុនានេះហើយ។ នៅចុងខែឧសភាខាងមុខ​នេះ​យន្តហោះរបស់ក្រុមហ៊ុន បានចុះចតសាកល្បងនៅព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ​ជាបណ្តើរៗ។ នេះបើតាមការប្រាប់ឲ្យដឹងពីលោកHeriyanto អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍Citilink Airlines នៅក្នុងសន្និសឹទកាសែតមួយ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។


លោកបញ្ជាក់ប្រាប់ថា ការហោះត្រង់ក្នុងដំណើរអាជីវកម្មដឹកជញ្ជូនតាមផ្លូវ​អាកាសនេះ គឺរត់៣ជើងក្នុងមួយសប្តាហ៍​មានថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។ ដោយប្រើយន្តហោះប្រភេទAirbus320 អាចដឹកអ្នកដំណើរបាន១៨០នាក់។

លោកបានបន្តថា មុននឹងបើកទីផ្សារពង្រីកការដឹកជញ្ជូនមកកាន់កម្ពុជានេះ គឺក្រុមហ៊ុនបានសិក្សារួចរាល់ហើយ។ ពិសេសភ្ញៀវទេសចររវាងប្រទេសទាំងពីរ អាចមានសកម្មភាពច្រើន ពីព្រោះកម្ជុជា-ឥណ្ឌូណេស៊ី ធ្លាប់មានចំណងទំនាក់​ទំនង​សហប្រតិបត្តិការយូរលង់ និងធ្លាប់ភ្ជាប់ផ្លូវអាកាសជាមួយគ្នា​តាំងពី​ទសវត្ស៦០មកម្ល៉េះ។

លោក ថោង ខុន បានចាត់ទុកការហោះត្រង់នេះជាបរិបទថ្មីមួយរវាង​កម្ពុជា-ឥណ្ឌូណេស៊ីក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍។ ការហោះត្រង់នេះ គឺចំណេញពេលវេលាច្រើនណាស់ដល់អ្នកធ្វើដំណើរ។ ពិសេសភ្ញៀវទេសចរ​គេចូលចិត្តជិះ។ ការជិះយន្តហោះឈប់សំចតនៅព្រលាននីមួយៗ ទម្រាំទៅ​ដល់គោលដៅគឺខាតពេលវេលាច្រើន។ ភ្ញៀវអ្នកជិះគេអត់ចូលចិត្ត។ នេះគឺជា​ការផ្តល់សេវាដឹកជញ្ជូនមួយបម្រើដល់វិស័យទេសចរណ៍ធំជាងគេ។

លោករដ្ឋមន្ត្រីជឿជាក់ថា តាមរយ:ហោះត្រង់នេះ នឹងអាចមានកំណើនភ្ញៀវ​កាន់តែ​ច្រើនថែមទៀតដល់ប្រទេសទាំងពីរ។ ឆ្នាំ២០១៨ ទេសចរឥណ្ឌូណេស៊ី​មកកម្ពុជាមានប្រមាណជាង៥ម៉ឺននាក់ ៣ខែ ឆ្នាំ២០១៩នេះមានចំនួន១៥០០០​នាក់៕B/Ha