ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​បញ្ជូន​លិខិត​តវ៉ា​ជំទាស់​រួម​គ្នា​ទៅ​សហភាព​អឺរ៉ុប​អំពី​ប្រេងដូង​

497
ចែករម្លែក
  • 23
    Shares

មន្ត្រី​ឥណ្ឌូនេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​មេសា​ថា លោក​ចូកូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​និង លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ត នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ចុះហត្ថលេខា​​លើ​លិខិត​ជំទាស់​ប្រឆាំង​រួម​គ្នា​ហើយ​បាន​បញ្ជូន​លិខិត​នេះ​ទៅ​សហភាព​អឺរ៉ុប​អំពី​ផែនការ​របស់​អឺរ៉ុប​ក្នុង​ការបញ្ឈប់​ការប្រើប្រាស់​ប្រេងដូង​។​

​រដ្ឋ​មន្ដ្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ​បាន​និយាយ​ថា​លិខិត​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​សហភាព​អឺរ៉ុប​កាលពី​ចុង​សប្តាហ៍​មុន​នេះ​។​លោក​បាន​បដិសេធ​មិន​ប្រាប់​ពី​ខ្លឹមសារ​នៃ​​លិខិត​នេះ​ទេ​។​

​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​ផលិត​ប្រេងដូង​កំពូល​នៅលើ​ពិភពលោក​នេះ បាន​គំរាម​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប​អំពី​ផែនការ​​របស់ខ្លួន​ក្នុង​ការបញ្ឈប់​ការប្រើប្រាស់​ប្រេងដូង​នៅ​ឆ្នាំ​២០៣០​។​

​ក្រសួង​សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដោយឡែក​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា គណៈប្រតិភូ​ឥណ្ឌូនេស៊ី បាន​ទៅដល់​ទីក្រុង​ព្រុច​សែ​ល សម្រាប់​ដំណើ​រទស្ស​និច្ច​​នៅ​សប្តាហ៍​នេះ​ជា​ការឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​រើសអើង​របស់​អឺរ៉ុប​។​

​គណៈប្រទិភូ​ឥណ្ឌូនេស៊ី​នេះ ជា​ក្រុម​អ្នក​តំណាំង​នៃ​បេសកកម្ម​រួម​គ្នា​នៃ​ក្រុមប្រឹក្សា​នៃ​ក្រុម​ប្រទេស​ផលិត​ដូងប្រេង ដែល​មាន​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​កូឡុំប៊ី ។​

​ការបញ្ជូន​លិខិតតវ៉ា​ជំទាស់​រួមគ្នា​ទៅ​សហភាព​អឺរ៉ុប​ដោយ​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​នេះ ធ្វើ​ឡើង​គឺ​បន្ទាប់​ពី កាលពី​ខែ​មុន​គណៈកម្មការ​អឺរ៉ុប​បាន​និយាយថា ដូងប្រេង​ជា​មូល​​ហេតុ​នាំឱ្យ​មាន​ការកាប់​ព្រៃឈើ​ដ៏​ច្រើន​ហួស ហើយ​ថា​ការប្រើប្រាស់​ប្រេងដូង​របស់ខ្លួន​(​អឺរ៉ុប​) គួរ​ត្រូវ​បាន​កាត់បន្ថយ​។​

​ឥណ្ឌូនេស៊ី ដែលជា​អ្នក​ផលិត​ដូងប្រេង​ធំ​ជាងគេ​ក្នុង​លោក បាន​លើកឡើង​ថា ក្រៅពី​មិនបាន​ជំរុញ​ចីរភាព​នៅក្នុង​វិស័យ​ដូងប្រេង ច្បាប់​របស់​អឺរ៉ុប​នេះ​ទំនង​គ្រាន់​តែ​ដើម្បី​​ការពារ​និង​ជំរុញ​ការប្រើ​ប្រេង​រុក្ខជាតិ​ដែល​ផលិត​នៅ​អឺរ៉ុប​តែប៉ុណ្ណោះ​៕​ដោយ​៖​សុខា​/sn

ដី​ដែល​ត្រូវបាន​កាប់ឆ្ការ​ព្រៃ​សម្រាប់​ការដាំ​ដើម​ប្រេងដូង​នៅ​រដ្ឋ​Johor​ប្រទេស​ម៉ាឡេស៊ី (​រូបថត ថត​នៅ​ថ្ងៃទី​២៦​ខែ​កុម្ភៈ ២០១៩)