ឥណ្ឌូណេស៊ី​នឹង​សម្លាប់​មាន់​ចោល​ចំនួន​៣​លាន​ក្បាល​ដើម្បី​បង្កើន​តម្លៃ​

301
ចែករម្លែក

​ឥណ្ឌូណេស៊ី​បាន​ប្រាប់​ក្រុម​អ្នក​ចិញ្ចឹម​មាន់​ទា​ឱ្យ​សម្លាប់​មាន់​ចោល​ប្រហែល​៣​លាន​ក្បាល​ក្នុង​រយៈពេល​២​សប្តាហ៍​ ចាប់ពី​ថ្ងៃ​ពុធ​ទី​២៦​មិថុនា​ទៅ​ ដើម្បី​បង្កើន​តម្លៃ​ដែល​កំពុង​ធ្លាក់​​ចុះ​ខ្លាំង​នេះ ​ខណៈ​ដែល​កសិករ​ធ្វើ​ការតវ៉ា​ដោយ​ផ្តល់​ឱ្យ​មាន់​ទា​រាប់ពាន់​ក្បាល​ឥតគិតថ្លៃ​។​

​ឥណ្ឌូណេស៊ី​បាន​ផលិត​សាច់មាន់​ច្រើន​ជាង​ខ្លួន​ត្រូវការ ដែល​ជា​ការដាក់​សម្ពាធ​លើ​តម្លៃ​។ កសិករ​ចិញ្ចឹម​មាន់​បាន​ត្អូញត្អែរ​ថា​តម្លៃ​មាន់​ទា​នៅ​រស់​គឺ​នៅ​ទាប​ជាង​តម្លៃ​ដែល​កំណត់​​ដោយ​រដ្ឋាភិបាល​និង​តម្លៃ​នៃ​ការផលិត​អស់​រយៈពេល​ជា​ច្រើន​ខែ​។​

​កសិករ​ចិញ្ចឹម​មាន់​ទា​បាន​បង្កើន​ការផលិត​សាច់មាន់​ដើម្បី​លក់បាន​ប្រាក់​ច្រើន​ក្នុងពេល​មាន​តម្រូវការ​ច្រើន​ជាង​ពេល​ធម្មតា​នៅ​អំឡុង​បុណ្យ​សាសនា​មូស្លីម​Eid al-Fitr ​កាលពីដើម​ខែ​នេះ​។ ប៉ុន្តែ​ក្រសួង​កសិកម្ម​បាន​និយាយថា ​តម្រូវការ​មិន​បាន​សម្រេច​បាន​ដូច​អ្វី​ដែល​រំពឹង​ទុក​នោះទេ​។​

​ជា​ការឆ្លើយតប​នោះ ក្រសួង​កសិកម្ម​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ​រដ្ឋាភិបាល​បាន​ប្រាប់​កសិករ​ឱ្យ​សម្លាប់​ចោល​មាន់​ណា​ដែល​មាន​អាយុ​៦៨​សប្តាហ៍​​ក្នុង​រយៈពេល​២​សប្តាហ៍​រហូត​ដល់​ថ្ងៃទី​៩​ខែកក្កដា​។​

​លោក Sugiono មន្ត្រី​កសិកម្ម បាន​វាយ​ប៉ាន់ស្មាន​ថា ​មាន់​ចំនួន​៣​លាន​ក្បាល​នឹង​ត្រូវបាន​សម្លាប់​ចោល​​​ ដោយ​កាត់បន្ថយ​ការផ្គត់ផ្គង់​មាន់​ចាស់​ចំនួន​១,៥​លាន​ក្បាល​​ក្នុង​មួយ​សប្តាហ៍​។​

​យោង​តាម​ក្រសួង​កសិកម្ម​នេះ​ឱ្យដឹង​ថា​​ តម្លៃ​មធ្យម​នៃ​មាន់នៅ​រស់នៅ​ប្រទេស​ឥណ្ឌូណេស៊ី គឺ​២០.២១៦​រូ​ពី (១,៤៣ ដុល្លារ​) ក្នុង​មួយ​គីឡូក្រាម​កាលពី​ថ្ងៃ​អង្គារ បើ​ប្រៀបធៀប​ទៅ​​នឹង​តម្លៃ​ដែល​ដាក់​ដោយ​រដ្ឋាភិបាល គឺ​១៨.០០០ រូពី​ក្នុង​មួយ​គីឡូក្រាម​៕ដោយ៖សុខា/sn/Ha

មនុស្ស​នាំគ្នា​យក​មាន់​ឥតគិតថ្លៃ​ពី​សមាគម​កសិករ​ចិញ្ចឹម​មាន់​ក្នុងពេល​តវ៉ា​ទៅ​រដ្ឋាភិបាល​ចំពោះ តម្លៃ​មាន់​ទាប នៅ​ទីក្រុង​Yogyakarta​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​ពុធ