ឥណ្ឌូនេស៊ី​បញ្ជូន​កាកសំណល់​រាប់​តោន ទៅ​ប្រទេស​អូស្ត្រាលី​វិញ​

132
ចែករម្លែក

​មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៣ ខែសីហា​ថា ឥណ្ឌូនេស៊ី បាន​ដឹក​ជញ្ជូន​សំរាម​អូស្ត្រាលី​រាប់​តោន​ចេញពី​ប្រទេស​នេះ ស្របពេល​ដែល​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ធ្វើការ​ប្រឆាំង​នឹង​ការ​ធ្វើ​ជា​កន្លែង​ចាក់សំរាម​សម្រាប់​សំរាម​បរទេស​។​

​ភ្នាក់ងារ​គយ​ក្នុងស្រុក​បាន​និយាយថា កុងតេន័រ​ផ្ទុក​សំ​រាមចំនួន​៨ ទំងន់​ប្រហែល​២១០ តោន ត្រូវបាន​ដឹក​ចេញ​តាម​នាវា​មួយ​ពី​ទីក្រុង​Surabaya ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​​ថ្ងៃ​ចន្ទ​។​

​វិធានការ​នេះ​កើត​ឡើង​មិន​ដល់​មួយ​សប្តាហ៍​ផង បន្ទាប់​ពី​អូស្ត្រាលី​បាន​សន្យា​បញ្ឈប់​ការនាំ​ចេញ​សំរាម​ដែល​អាច​កែច្នៃ​ឡើងវិញ នៅពេលដែល​មាន​ការព្រួយបារម្ភ​ជា​សកល​​អំពី​ជ័រ​ប្លា​ស្ទិច​ដែល​បំពុលទឹក​សមុទ្រ​និង​ការកើនឡើង​នៃ​ការបញ្ជូន​សំរាម​មកវិញ​ពី​បណ្តា​ប្រទេស​អាស៊ី ដែល​ប្រឆាំង​ការទទួលយក​សំរាម​។​

​កាលពី​ខែ​មុន ឥណ្ឌូនេស៊ី​បាន​និយាយថា​ខ្លួន​នឹង​ប្រគល់​សំរាម​ឱ្យ​ប្រទេស​អូស្ត្រាលី​វិញ បន្ទាប់ពី​ក្រុម​អាជ្ញាធរ​បាន​រកឃើញ​សំរាម​ដែល​មាន​គ្រោះថ្នាក់​និង​សំរាម​តាម​ផ្ទះ​​ដោយ​រួមទាំង​ក្រណាត់​កន្ទប​ទារក​និង​កាក​សំណល់​គ្រឿង​អេឡិចត្រូនិច នៅក្នុង​កុងតេន័រ​ជាច្រើន ដែល​មាន​បិទ​ក្រដាស​ថា ” សំរាម​តែប៉ុណ្ណោះ​” ។​

​កាលពី​ខែ​មុន ឥណ្ឌូនេស៊ី បាន​បញ្ជូន​កាកសំណល់​ដែល​នាំចូល​ខុស​ច្បាប់​ចំនួន​៧ កុងតេន័រ​ទៅកាន់​ប្រទេស​បារាំង​និង​ក្រុង​ហុងកុង​វិញ​៕​ដោយ​៖​សុខា​/sn

មន្ត្រី​ឥណ្ឌូនេស៊ី​បើក​មើល​កុងតេន័រ​ផ្ទុក​សំរាម​ដែល​នាំ​ចូល​ខុសច្បាប់​នៅ​កោះ​Batam​របស់​ឥណ្ឌូនេស៊ី