ឥណ្ឌូនេស៊ី​បញ្ជូន​ទ័ព​ចូល​នៅពេល​ភាពវឹកវរ​កើត​ឡើង​ជា​ថ្មី​នៅ​ខេត្ត​បះបោរ​ប៉ាពួ​

321
ចែករម្លែក

​ចលាចល​បាន​កើតឡើង​ជាថ្មី​នៅ​ខេត្ត​ប៉ាពួ ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ពុធ​ទី​២១​ខែ​សីហា​នេះ​ខណៈ​ដែល​កងសន្តិសុខ​ជាង​១.០០០ នាក់​ត្រូវបាន​បញ្ជូន​ទៅ​តំបន់​រំជើបរំជួល​នេះ​​បន្ទាប់​ពី​ការតវ៉ា​ហិង្សា​ដោយ​បាន​ដុត​អគារ​ជាច្រើន​និង​ការ​ប៉ះទង្គិច​គ្នា​នៅតាម​ផ្លូវ​រវាង​ប៉ូលិស​និង​ក្រុមបាតុករ​។​

​រដ្ឋាភិបាល​ក្រុង​ហ្សា​ការតា បាន​អំពាវនាវ​ឱ្យ​មាន​ភាពស្ងប់ស្ងាត់​នៅក្នុង​ទឹកដី​ភាគ​ខាងកើត​របស់ខ្លួន​នេះ​ដែល​មាន​ការបះបោរ​ប្រឆាំង​នឹង​ច្បាប់​របស់​ឥណ្ឌូនេស៊ី​អស់​ជាច្រើន​​ទសវត្សរ៍​មក​ហើយ​។

​ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​មាន​កុបកម្ម​ដែល​បាន​បណ្តាលមកពី​ការ​ឃុំឃាំង​និស្សិត​ជនជាតិ​ប៉ាពួ រាប់សិប​នាក់​កាលពី​ចុង​សប្តាហ៍​។​

​កាលពី​ថ្ងៃ​ពុធ មនុស្ស​ប្រមាណ ១.០០០ នាក់​បាន​ធ្វើ​ការតវ៉ា​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​Timika ជា​កន្លែង​ដែល​ក្រុមបាតុករ​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​ប៉ូលិស​ហើយ​ព្យាយាម​បំផ្លាញរ​បាំង​ផ្លូវ​​នៅ​ជុំវិញ​អគារ​សភា​ក្នុង​តំបន់​នេះ​។​

​ហ្វូង​មនុស្ស​បាន​ចាប់ផ្តើម​បែកខ្ញែក​គ្នា នៅពេល​ដែល​ប៉ូលិស បាន​បាញ់​ព្រមាន​លើ​អាកាស​។​

​មាន​ការ​ធ្វើ​បាតុកម្ម​ផង​ដែរ​នៅ​ទីក្រុង​Fakfak ភាគ​លិច​នៃ​តំបន់​ដី​កោះ​នេះ​ដែល​បែងចែក​រវាង​ខេត្ត​ប៉ាពួ​របស់​ឥណ្ឌូនេស៊ី​និង​ប្រទេ​ស​ប៉ាពួ​អាស៊ី​នូវែល​ហ្គី​ណេ​។​

​ការតវ៉ា​ចុងក្រោយ​នេះ បាន​កើត​ឡើង​បន្ទាប់ពី ទីក្រុង​ជា​ច្រើន​នៅ​ខេត្ត​ប៉ាពួ​ដែល​សម្បូរ​ធនធាន​នេះ បាន​ធ្លាក់​ក្នុងស្ថានភាព​ជាប់គាំង​នៅ​សប្តាហ៍​នេះ ដោយ​រួមទាំង​ទីក្រុង​Manokwari ជា​កន្លែង​ដែល​អាគារ​ពាណិជ្ជកម្ម​និង​អគារ​សភា​ក្នុង​តំបន់​ត្រូវបាន​ដុត​បំផ្លាញ​ដោយ​ក្រុម​បាតុករ​ដែល​មាន​ការ​ខឹងសម្បារ​៕​ប្រែ​សម្រួល​៖​សុខា/sn​

ទាហាន​ឥណ្ឌូនេស៊ី​ត្រៀម​ចេញ​ទី​ប៉ាពួ ក្រោយ​ផ្ទុះ​កុបកម្ម និង​ក្រុមអ្នកតវ៉ា​ប្រឈម​មុខ​នឹង​ប៉ូលិស​ឥណ្ឌូនេស៊ី​នៅ​ទីក្រុង​Manokwari​នៅ​ខេត្ត​ប៉ាពួ

#