ឥណ្ឌូនេស៊ី​បញ្ជូន​សម្រាម​៥​កុងតេ​នឺ​ត្រឡប់​ទៅ​អាម៉េរិកវិញ​

619
ចែករម្លែក

​ឥណ្ឌូនេស៊ី បាន​បញ្ជូន​ត្រឡប់​សម្រាប​៥​កុង​តេនឺ ទៅ​អាម៉េរិក​វិញ​និង​ប្តេជ្ញា​មិនអោយ​ខ្លួន​ក្លាយជា​«​ទីតាំង​ចាក់សម្រាម​»​មួយ​ទេ នេះ​បើ​តាម​ពួក​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​។​

​បើ​តាម​ឯកសារ​គយ កុងតេ​នឺ​ទាំងនេះ​ផ្ទុក​ក្រដាស​អេតចាយ តែ​វា​បែរ​ជា​ដាក់​សំណល់​ផ្សេង រួម​មាន​ដប ផ្លាស្ទិ​កនិង​ខោ​ទឹកនោម​កូនក្មេង ។​

​មន្ត្រី​ក្រសួង​បរិស្ថាន​ម្នាក់​បាន​និយាយ​ដា «​វា​មិន​សមស្រប និង​យើង​មិន​ចង់​ក្លាយជា​កន្លែង​ចាក់សម្រាម​ដែរ​»​។​

​កុង​តេនឺ​៥​នេះ​ជា​របស់​ក្រុមហ៊ុន​កាណាដា​មួយ តែ​ពួក​វា​ត្រូវបាន​ដឹក​ចេញពី​ទីក្រុង​ស៊ី​អាថ​ល​នៅ​អាម៉េរិក មក​កាន់​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា របស់​ឥណ្ឌូនេស៊ី​កាលពី​ចុង​ខែ​មីនា​។​

​វា​ជា​ចំណាត់ការ​ចុងក្រោយ​មួយ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​ដែល​ចាប់​និង​បញ្ជូន​សម្រាម​ទៅកាន់​ប្រភពដើម​ទំនិញ​វិញ ក្រោយ​ពី​ម៉ាឡេស៊ី បាន​ប្តេជ្ញា​នាំ​ត្រឡប់​ទៅវិញ​សម្រាម​ផ្លា​ស្ទិក​​រាប់រយ​តោន​កាលពី​ខែ​មុន​។​ហ្វីលីពីន​ក៏​បាន​បញ្ជា​អោយ​នាំ​សម្រាម​រាប់​តោន​ទៅ​កាន់​កាណាដា​វិញ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា អស់​ពេល​រាប់​ឆ្នាំ ចិន​បាន​ទទួលយក​អេតចាយ​ផ្លាស្ទិ​កទាំង​គីបៗ​មក​ពី​ជុំវិញ​ពិភពលោក តែ​បាន​បិទទ្វារ​ឈប់​ទទួល​ទិញ​កាលពី​ឆ្នាំមុន ដើម្បី​សម្អាត​បរិស្ថាន​របស់​​ខ្លួន​។​ដូច្នេះ សម្រាម​ដ៏​ច្រើន​ត្រូវបាន​គេ​ប្តូរ​ទិស ដោយ​នាំ​មកកាន់​អាស៊ីអាគ្នេយ៍​វិញ ។​បើ​តាម​អង្គការ​មូលនិធិ​ធម្មជាតិ​ពិភពលោក​(WWF) ផ្លាស្ទិ​ក​ប្រមាណ​៣០០​លាន​តោន​ត្រូវ​​បាន​ផលិត​ចេញ​ក្នុង​មួយឆ្នាំៗ ដោយ​ភាគច្រើន​បញ្ចប់​នៅក្នុង​គំនរ​សម្រាម​និង​នៅ​បាតសមុទ្រ​៕ដោយ៖វាសនា