ឥណ្ឌូនេស៊ី​បាន​បិទ​សាលារៀន​ជាច្រើន​ខណៈ​ដែល​មាន​ផ្សែង​អ័ព្ទ​ជាថ្មី​

151
ចែករម្លែក

​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​អង្គារ​ទី​១៥​ខែតុលា​បាន​ព្រមាន​ដល់​ពលរដ្ឋ​របស់​ខ្លួន​អំពី​ផ្សែង​អ័ព្ទ​បង្កបញ្ហា​ផ្លូវដង្ហើម​ដែល​បង្កឡើង​ដោយ​ការឆេះ​ព្រៃ ខណៈ​ដែល​ខេត្ត​មួយចំនួន​បាន​​បិទ​សាលារៀន​ជាច្រើន ដោយសារ​គុណភាព​ខ្យល់​កាន់តែ​អាក្រក់​។​

​អាកាសធាតុ​អែល​នី​ណូ​(El Nino)​នៅ​ឆ្នាំ​នេះ​បាន​បង្កើន​ភ្លើង​ឆេះ​ព្រៃ​រដូវប្រាំង ដែល​រៀងរាល់ឆ្នាំ​បណ្តាលមកពី​ការ​កាប់ឆ្ការ​និង​ដុត​ព្រៃ​សម្រាប់​ធ្វើស្រែ​ចម្ការ​។​

​ភ្នាក់ងារ​អាកាសធាតុ​ឥណ្ឌូនេស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ចំនួន​តំបន់​ដែល​មាន​អាកាសធាតុ​ក្តៅ​នៅក្នុង​ផ្នែក​ខ្លះ​នៃ​កោះ​ស៊ូ​ម៉ា​ត្រា​និង​កោះ​ប័រណេ​អូបាន​​កើន​ឡើង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងមកនេះ បើទោះបីជា​មាន​ភ្លៀង​ធ្លាក់​ខ្លះ​ក៏ដោយ​ហើយ​ភ្នាក់ងារ​អាកាសធាតុ​នេះ​បាន​ព្រមាន​អោយ​ប្រជាជន​ប្រុងប្រយ័ត្ន​ចំពោះ​​បញ្ហា​ផ្សែង​អ័ព្ទ​។​

​ភ្នាក់ងារ​អាកាសធាតុ​នេះ​បាន​និយាយថា សរុប​ចំនួន​១.៥៤៧​កន្លែង​ដែល​ប្រឈម​នឹង​ភ្លើង​ឆេះ​ឬ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ភ្លើង​ឆេះ​ព្រៃ ត្រូវបាន​រកឃើញ​នៅ​ខេត្ត​ចំនួន​៦ និង​បាន​បន្ថែមថា​ផ្សែង​ដែល​កើតចេញ​ពី​ភ្លើង​ឆេះ​ព្រៃ​នេះ អាច​បង្ក​ផល​ប៉ះពាល​ដល់​ខេត្ត​មួយចំនួន​ទៀត​ដោយ​អាស្រ័យ​លើ​ទិសដៅ​នៃ​ខ្យល់​បក់​។​

​សេចក្តីថ្លែងការណ៍​នេះ​មិន​បាន​និយាយ​អំពី​អំពី​កម្រិត​ផ្សែង​ដែល​រសាត់​ឆ្លងកាត់​ព្រំដែន​នេះ​ទេ​។ ផ្សែង​អ័ព្ទ​ដ៏​ក្រាស់​នេះ​បាន​រសាត់​ទៅ​បណ្តា​ប្រទេស​ជិតខាង​ក្នុង​រដូវប្រាំង​កាល​ពី​ខែ​មុន ដែល​បង្ក​ឱ្យ​មាន​ជម្លោះ​ការទូត​រវាង​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​៕ដោយ៖សុខា/sn

ផ្សែង​អ័ព្ទ​ដែល​កើតឡើង​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងត្បូង គ្របដណ្តប់​លើ​ទីក្រុង​ប៉ាឡេ​មបាន ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​១៤​ខែ​តុលា​នេះ​