ឥណ្ឌូណេស៊ី​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដើម្បី​បំបែក​បាតុកម្ម​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត​

709
ចែករម្លែក

​ប៉ូលិស​ឥណ្ឌូណេស៊ី​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២២​ឧសភា បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដើម្បី​បំបែកហ្វូង​បាតុកម្ម​នៅ​កណ្តាល​ក្រុង​ហ្សា​ការតា ក្រោយពី​មាន​ការជួបជុំ​ធ្វើបាតុកម្ម​មួយ​បន្ទាប់​​ពី​លទ្ធផល​ឆ្នោត​ផ្លូវការ​បង្ហាញថា ប្រធានាធិបតី​ក្នុង​តំណែង ចូកូ វី​ដូ​ដូ បាន​ជាប់ឆ្នោត​ជា​ថ្មី​។​

​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​ថា ​លោក​វី​ដូ​ដូ​ឈ្នះ​បាន​សំឡេង​ឆ្នោត​៥៥,៥​ភាគរយ ខណៈ​គូប្រជែង​ដែល​ជំទាស់​លទ្ធផល​នេះ លោក​ប្រា​បូ​វ៉ូ ស៊ូ​បៀ​ន​តូ​ ទទួលបាន​៤៤,៥​ភាគរយ​។​

​វី​ដូ​ដូ ឈ្នះ​បាន​ជាង​៨៥​លាន​សំឡេង ក្នុងចំណោម​សន្លឹកឆ្នោត​សរុប​១៥៤​លាន តែ​លោក​ប្រា​បូ​វ៉ូ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា លោក​ជឿថា​មាន​ការលួចបន្លំ​សន្លឹក​ឆ្នោត​ជា​ទូទៅ​​និង​អ្នកគាំទ្រ​លោក​ប្រមាណ​១.០០០​នាក់​បាន​ជួបជុំ​ប្រឆាំង​លទ្ធផល​ឆ្នោត​នៅ​ក្រុង​ហ្សា​ការតា​។​

​ការជួបជុំ​នេះ​បាន​បញ្ចប់​ទៅ​ដោយ​អហិង្សា តែ​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​ដាក់​អ្នក​តវ៉ា​ខ្លះ​ដែល​ចោល​ដុំ​ភ្លើង​និង​វត្ថុ​ដាក់​ប៉ូលិស​នៅ​ផ្លូវ​ធំ​មួយ​ក្នុង​រដ្ឋធានី​។​

​ក្នុងពេល​ជាមួយគ្នា ប្រា​វ៉ូ​បូ ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍ បាន​សន្យាថា​លោក​នឹង​តស៊ូ​តាម​ផ្លូវច្បាប់ ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដើម្បី​ការពារ​សិទ្ធិ​របស់​ប្រជាជន​។​បើ​តាម​មន្ត្រី​ច្បាប់​របស់​​លោក លោក​ប្រា​បូ​វ៉ូ មាន​ផែនការ​ប្តឹងទៅ​តុលាការ​ធម្មនុញ្ញ​៕​ដោយ​៖​វាសនា​/Ha