ឥណ្ឌូនេស៊ី​ពន្លិច​ទូក​និង​នាវា​នេសាទ​បរទេស​ខុសច្បាប់​ចំនួន​១២៥

755
ចែករម្លែក

ឥណ្ឌូនេស៊ីបានបាញ់និងដាក់រំសេវបំផ្ទុះពន្លិចទូកនិងនាវាបរទេសចំនួន១២៥ ពាក់ព័ន្ធនឹងការចូលនេសាទខុសច្បាប់នៅក្នុងដែនទឹករបស់ខ្លួនក្នុងកិច្ចខិតខំដើម្បីបញ្ជាក់អះអាងអំពីការត្រួតត្រាកាន់តែម៉ឺងម៉ាត់ឡើងលើដែនសមុទ្រដ៏ធំល្វឹងល្វើយរបស់ខ្លួន, នេះបើតាមមន្រ្តីម្នាក់បានបញ្ជាក់អះអាងកាលពីថ្ងៃពុធទី២២សីហា។

ការពន្លិចចោលនេះត្រូវបានធ្វើឡើងនៅ១១ទីតាំងនៅទូទាំងដែនទឹកឥណ្ឌូនេស៊ីនិងត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នាកាលពីថ្ងៃចន្ទ។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី លីលី ប្រេហ្គីវ៉ាទី បាននិយាយកាលពីថ្ងៃពុធថា ប្រតិបត្តិការនេះ មិនត្រូវបានប្រកាសជាមុនដើម្បីជៀសវាងទំនាក់ទំនងមិនល្អជាមួយប្រទេសជិតខាង។

ឥណ្ឌូនេស៊ី និយាយថាខ្លួនបានពន្លិចនាវានិងទូកនេសាទខុសច្បាប់ចាប់តាំងពីខែតុលាឆ្នាំ២០១៤ ភាគច្រើនដោយដាក់រំសេវផ្ទុះ។រដ្ឋាភិបាលបាននិយាយថា ទូកខុសច្បាប់គឺជាការគំរាមមួយដល់ឧស្សាហកម្មនេសាទក្នុងស្រុករបស់ខ្លួន។

ទូកដែលត្រូវបានពន្លិចកាលពីថ្ងៃចន្ទរួមមាន ទូកនេសាទដោតទង់វៀតណាម៨៦គ្រឿង ម៉ាឡេស៊ី២០និងហ្វីលីពីន១៤។

ឥណ្ឌូនេស៊ី ដែលជាប្រទេសកម្រងកោះជាង១៧.០០០ អះអាងថា តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ច្រើនតែទន្ទ្រានដោយទូកនិងនាវានេសាទបរទេស៕ដោយ៖វាសនា