ឥណ្ឌូនេស៊ី​ព្រមាន​អំពី​ការខូចខាត​ដំណាំ​ស្រូវ​នៅ​តំបន់​រងគ្រោះ​រាំងស្ងួត

431
ចែករម្លែក

​ដំណាំ​ស្រូវ​របស់​ឥណ្ឌូនេស៊ី​កំពុង​ជួប​ហានិភ័យ​ក្នុងការ​ខូចខាត​ដោយសារ​អាកាសធាតុ​រាំងស្ងួត​យូរ​ខុសពី​ធម្មតា ដែល​ប៉ះពាល់​តំបន់​ផលិត​ស្រូវ​ជាច្រើន​កន្លែង ដោយ​បង្កើន​នូវ​ការរំពឹងទុក​ថា​នឹងមាន​ការបង្កើន​ការ​នាំចូល​អង្ករ​សម្រាប់​ពីរ​ឆ្នាំ​ជាប់​គ្នា​។​

​យោងតាម​លោក​អេ​ឌី ពូ​ណា​វ៉ាន់ នាយក​ផ្នែក​ការពារ​ដំណាំ​នៅ​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា អាកាសធាតុ​រាំងស្ងួត​បាន​គ្របដណ្តប់​លើ​វាលស្រែ​នៅលើ​កោះ​ជ្វា ដែលជា​តំបន់​ដាំ​ដុះ​ស្រូវ​ដ៏​សំខាន់ ហើយ​ក្រសួងកសិកម្ម​មើលឃើញ​ការប្រមូល​ផល​ស្រូវ​ធ្លាក់ចុះ​ក្នុង​តំបន់​ច្រើនជាង ២០.០០០ ហិកតា​រួចទៅហើយ​។​

​ជាមួយ​តំបន់​មួយចំនួន​គ្មាន​ភ្លៀង​អស់​រយៈពេល​ជាង ៦០ ថ្ងៃ អ្នក​ព្យាករណ៍​អាកាសធាតុ​របស់​ប្រទេស​បាន​ព្រមាន​ថា ប្រជុំ​កោះ​នេះ​អាច​នឹង​ស្ថិតនៅក្រោម​ឥទ្ធិពល​បាតុភូត El Nino ខ្សោយ​។ គ្រោះរាំងស្ងួត​នេះ​បាន​ជំរុញ​ឱ្យ​លោក​ប្រធានាធិបតី​ចូ​កូ វី​ដូ​ដូ​បញ្ជា​ឱ្យ​ចាត់វិធានការ​កាត់បន្ថយ​ផលប៉ះពាល់​និង​ពិចារណា​ប្រើប្រាស់​ភ្លៀង​សិប្បនិម្មិត​។​

​រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សេដ្ឋកិច្ច​លោក ដា​មីន ណា​ស៊ូ​សិន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​កក្កដា​ថា រដ្ឋាភិបាល​នឹង​បន្ត​តាមដាន​និង​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​រដូវប្រាំង​លើ​អតិផរណា ហើយនឹង​ប្រកាស​វិធានការណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅ​ខែក្រោយ​៕ ដោយ៖ កញ្ញាដាលីស

កោះ​ជ្វា​របស់​ឥណ្ឌូនេស៊ី​កំពុង​ជួប​គ្រោះរាំងស្ងួត​ជាង ៦០ ថ្ងៃ​មកហើយ