ឥណ្ឌូនេស៊ី​បំផ្លាញគ្រឿងញៀន​ម៉ាទឹកកកជាង ២ តោន​

1006
ចែករម្លែក

​ថ្នាំញៀន​ប្រភេទ​គ្រី​ស្តា​ល់​មេ​តំ​ហ្វេ​តា​មីន​(ម៉ាទឹកកក)ជាង ២ តោន​ត្រូវបាន​បំផ្លាញចោល​នៅ​ថ្ងៃ​សុក្រ​ទី ៤ ឧសភា​នេះ ខណៈដែល​ឥណ្ឌូនេស៊ី​បង្កើន​ការបង្ក្រាប​គ្រឿងញៀន​ក្នុង​ប្រតិបត្តិការ​ធំ​បំផុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​មកនេះ​។

​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​មានច្បាប់​ប្រឆាំង​គ្រឿងញៀន​តឹងរ៉ឹង​បំផុត​មួយ​លើ​ពិភពលោក និង​ដាក់ទោស​ប្រហារជីវិត​ចំពោះ​ការជួញដូរ​គ្រឿងញៀន​។

​ថ្នាំញៀន​គ្រី​ស្តា​ល់​មេ​តំ​ហ្វេ​តា​មីន​នេះ​ត្រូវបាន​រឹបអូស​បាន​ពី​កប៉ាល់​ចុះបញ្ជី​របស់​បរទេស​ក្នុង​ប្រតិបត្តិការ​ពីរ​ដាច់ដោយឡែក​ពីគ្នា​នៅ​ដែនទឹក​ឥណ្ឌូនេស៊ី ក្បែរ​ប្រទេស​សិង្ហ​បុរី​កាលពីដើម​ឆ្នាំនេះ​។ នាវិក​ជនជាតិ​តៃវ៉ាន់ ៤ នាក់ និង​ចិន ៤ នាក់​ត្រូវបាន​ចាប់ខ្លួន​។

​អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​ស៊ូ​ស កាល់​ឡា បាន​ចុះ​ត្រួតពិនិត្យ​គ្រឿងញៀន​នេះ​ដោយ​ពាក់​ស្រោមដៃ​ការពារ និង ម៉ាស់​មុខ មុនពេល​បោះ​កញ្ចប់​ថ្នាំញៀន​មួយចំនួន​ចូល​ឡ​ដុត ក្នុង​រដ្ឋធានី​ហ្សា​ការ​តា​។

​លោក​និយាយថា “​យើង​សូម​គោរព​ដល់​ប៉ូលិស​ដែល​បាន​រឹបអូស​បាន​គ្រឿងញៀន​នេះ​…​គ្រី​ស្តា​ល់​មេ​តំ​ហ្វេ​តា​មីន ២,៦ តោន​ត្រូវបាន​រឹបអូស ប៉ុន្តែ​នៅមាន​គ្រឿងញៀន​ជាច្រើន​ទៀត​ត្រូវ​បង្ក្រាប ដូច្នេះ​គ្រោះថ្នាក់​នៅតែមាន​”​។

​ឥណ្ឌូនេស៊ី​បានចាត់ទុក​ការបង្ក្រាប​គ្រឿងញៀន​ជា​អាទិភាព​កំពូល​របស់ខ្លួន និង​លើក​យកទោស​ប្រហារជីវិត​មក​អនុវត្ត​ឡើងវិញ​សម្រាប់​អ្នកជួញដូរ​គ្រឿងញៀន ក្នុង​ឆ្នាំ ២០១៥៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាធរ​ឥណ្ឌូនេស៊ី​រឹបអូស​បាន​គ្រឿងញៀន​គ្រី​ស្តា​ល់​មេ​តំ​ហ្វេ​តា​មីន ២,៦ តោន​កាលពី​ថ្ងៃ​សុក្រ