ឥណ្ឌូនេស៊ី​ស្វែងរក​កិច្ច​ចុះ​អនុស្សារណៈ​រវាង​រមណី​យ​ដ្ឋា​ន​អង្គរ និង​រមណីយដ្ឋាន Borobudur

2090
ចែករម្លែក

​ដោយ​: គូលែន / សៀមរាបៈ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨​នេះ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ អគ្គនាយករង អាជ្ញាធរ​ជាតិ​អប្សរា បានអនុញ្ញាត​ឲ្យ​លោក Ricky SP Siahaan ប្រធាន​ផ្នែក​ទីផ្សារ​និង​សេវាកម្ម​នៃ​PT Taman Wisata Candi ដែល​គ្រប់គ្រង​រមណីយដ្ឋាន Borobudur ប្រទេស​ឥណ្ឌូនេស៊ី ចូលជួប​សំណេះសំណាល ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក រវាង​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​ប្រទេស​ទាំងពីរ គឺ​រមណីយដ្ឋាន​អង្គរ និង​រមណីយដ្ឋាន Borobudur​។​

​លោក ហង់ ពៅ អគ្គនាយករង អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈប្រតិភូ​ឥ​ណ្ឌ​នេ​ស៊ីថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ចែករំលែក​បទពិសោធន៍​ល្អៗ លើ​ការអភិរក្ស ការជួសជុល ការគ្រប់គ្រង​រមណីយ​ដ្ឋា​ន​អង្គរ​ដល់​បណ្តារ​ប្រទេស​ផ្សេងៗ​ដែល​មានបំណង​ស្វែងយល់​អំពី​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិ​វ​ឌ្ឈ​ន៍​ដោយ​ចីរភាព​នៃ​រមណីយដ្ឋាន​អង្គរ​។​

​លោក​បាន​បន្តថា អាជ្ញាធរ​ជាតិ​អប្សរា​ពេញចិត្ត​នឹង​ស្វាគមន៍​រាល់​កិច្ចសហប្រតិបត្តិការ​ដែល​បម្រើ​ដល់​ប្រយោជន៍​បេតិកភណ្ឌ​ទាំងមូល​។ ម្យ៉ាងទៀត​ទស្សនៈវិស័យ​ក្នុងការ​អភិរក្ស និង​ការអភិវឌ្ឍ​បេតិកភណ្ឌ​ពិភពលោក​រវាង​ប្រទេស​ទាំងពីរ គឺមាន​ទស្សនវិស័យ​ប្រហាក់ប្រហែលគ្នា ងាយ​សហការគ្នា​រីកចម្រើន​ទៅមុខ និង​មាន​ចំណុច​ពិសេស​សម្រាប់​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​ក្នុងការ​អភិរក្ស​ប្រាសាទ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​។ លោក​បាន​បន្តទៀតថា ជោគជ័យ​រមណីយដ្ឋាន​អង្គរ​មកដល់ពេលនេះ គឺ​ដោយមាន​ការខិតខំ និង​សហ​ការណ៍​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ផ្សេងៗ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​បេ​តិ​ភណ្ឌ​។​

​លោក Ricky SP Siahaan ប្រធាន​ផ្នែក​ទីផ្សារ​និង​សេវាកម្ម នៃ​PT Taman Wisata Candi មានប្រសាសន៍ថា លោក​ពិត​ជាមាន​ក្តីរំភើប​ដែល​បានមក​កាន់​ទីនេះ ស្របពេល​ពេល​ថ្មីៗ​នេះ ប្រាសាទអង្គរវត្ត​រប​ស់​កម្ពុជា ជាប់​ចំណាត់ថ្នាក់​ជា​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត ធ្វើឡើង​តាមរយៈ​ការ​ស្រង់​មតិ លើ​ចំណាប់អារម្មណ៍ និង​ទស្សនៈ​របស់​អ្នកទេសចរ​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​។​

​លោក​បាន​បន្តថា វា​ជា​ចំណុច​ដែល​ប្រទេស​ឥណ្ឌូនេស៊ី​ចាប់អារម្មណ៍ មានបំណង​ចង់​ធ្វើ​កិច្ចសហប្រតិបត្តិការ​ណ៍​រវាង​រមណីយដ្ឋាន​អង្គរ របស់​កម្ពុជា​និង​រមណីយដ្ឋាន Borobudur របស់​ឥណ្ឌូនេស៊ី ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ចំណេះដឹង​ល្អៗ ដូចជា​ការអភិរក្ស​ការគ្រប់គ្រង ការ​អភិ​វ​ឌ្ឈ​ន៍ សេវាកម្ម​ផ្សេងៗ​។​

​ក្នុងនោះ តាមរយៈ​កម្មវិធី Twin World Heritage Program ខាង​ភាគី​ឥណ្ឌូនេស៊ី​មានបំណង​បង្កើត​កិច្ចព្រមព្រៀង​រវាង​ស្ថាប័ន​ទាំងពីរ​ដើម្បី​ជម្រុញ​ការផ្សព្វផ្សាយ​អំពី​គ្នា​ទៅវិញទៅមក និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​កាន់តែច្រើន​៕