ឥណ្ឌូនេស៊ី​អញ្ជើញ​គីម ជុង​អ៊ុន​ចូលរួម​បើក​ព្រឹត្តិការណ៍ Asian Games

901
ចែករម្លែក
  • 100
    Shares

​ប៉ូលិស​ជាតិ​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា មន្ត្រី​ឥណ្ឌូនេស៊ី​មួយក្រុម​បានធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​នៅ​សប្តាហ៍​នេះ​ដើម្បី​នាំសារ​អញ្ជើញ​របស់​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ទៅកាន់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​អាស៊ី (Asian Games) នៅ​ទីក្រុង​ហ្សា​ការ​តា​នៅ​ខែសីហា​។​

​យោងតាម​សេច​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​ដោយ​ប៉ូលិស​ជាតិ​ឥណ្ឌូនេស៊ី​កាលពី​យប់​ថ្ងៃទី ៣០ កក្កដា​បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួង​សម្របសម្រួល​ការអភិវឌ្ឍ​ធនធានមនុស្ស​និង​កិច្ចការ​វប្បធម៌ លោកស្រី ពួន ម៉ា​ហា​រ៉ានី ត្រូវបាន​អមដំណើរ​ដោយ​តំណាង​រដ្ឋាភិបាល​និង​ប៉ូលិស​ឥណ្ឌូណេស៊ី​ជាច្រើន​នាក់​ទៀត​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​។​

​លោកស្រី ពួន ម៉ា​ហា​រ៉ានី ត្រូវបាន​ដកស្រង់​សម្តី​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ ដោយ​និយាយថា “​ហេតុផល​ចម្បង​សម្រាប់​ពួកយើង​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង គឺ​ដើម្បី​បង្ហាញ​ការអញ្ជើញ​ជា​ផ្លូវការ​ដល់​ប្រធានាធិបតី​កូរ៉េខាងជើង​ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​អាស៊ី​នៅ​ថ្ងៃទី ១៨ ខែសីហា​” ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នោះបាន​ឱ្យដឹងទៀតថា លោកស្រី​ម៉ា​ហា​រ៉ានី និង​គណៈប្រតិភូ​ឥណ្ឌូនេស៊ី​បាន​ជួប​ជាមួយ​លោក គីម យ៉ុង​ណាំ ដែលជា​ប្រមុខរដ្ឋ​និង​ជា​ប្រធានសភា​ប្រជាជន​កូរ៉េ​កាលពី​ថ្ងៃ​ចន្ទ​។​

​លោកស្រី​ក៏បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​អំឡុង​ទស្សនកិច្ច​នេះ​ក៏ដូចជា​បញ្ហា​តំបន់​និង​ការអនុវត្ត​របស់​ប៉ូលិស​ឥណ្ឌូណេស៊ី​ក្នុងការ​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​ផងដែរ​។​

​រដ្ឋមន្ត្រី​មកពី​កូរ៉េ​ទាំង​២​បាន​យល់ព្រម​កាលពី​ខែមេសា​ដើម្បី​ជំរុញឱ្យមាន​គណៈប្រតិភូ​បង្រួបបង្រួម​ពី​ប្រទេស​ទាំង​២​ដើរ​ក្បួន​រួមគ្នា​នៅក្នុង​ពិធី​បើក​កីឡា​អាស៊ី ដែល​នឹង​រៀបចំឡើង​នៅ​ខែសីហា​និង​កញ្ញា ចំពេល​កំពុងមាន​សញ្ញា​ថយចុះ​នៃ​ភាព​តានតឹង​អំពី​ម​ច្ឆិ​តា​នុយក្លេអ៊ែរ​របស់​ព្យុ​យ៉ាង​៕ ដោយ៖ កញ្ញាដាលីស

ឥណ្ឌូនេស៊ី​អញ្ជើញលោក គីម ជុង​អ៊ុន ចូលរួម​បើក​កីឡា​អាស៊ី​នៅ​ហ្សា​ការ​តា​នៅ​ថ្ងៃទី ១៨ សីហា​ខាងមុខ