ឥណ្ឌូនេស៊ី​អត់​ចរចា​ហើយ​បញ្ជូន​យន្តហោះ នាវា​និង​កេណ្ឌ​អ្នកនេសាទ​ទៅ​តទល់​ជាមួយ​នាវា​ចិន​

483
ចែករម្លែក

​កងទ័ពអាកាស​ឥណ្ឌូនេស៊ី បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​៤​គ្រឿង​ទៅ​កាន់​ព្រំដែន​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​ទី​០៧​មករា ក្នុង​ការប្រឈមមុខ​ជា​មួយ​ចិន​​ប៉េកាំង បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ហ្សា​ការតា​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​នាវា​រដ្ឋាភិបាល​និង​ទូក​នេសាទ​ចិន​នៅក្នុង​ដែនទឹក​ដែល​ឥណ្ឌូនេស៊ី​អះអាងថា​ជា​តំបន់​សេដ្ឋ​​កិច្ច​ផ្តាច់មុខ​របស់ខ្លួន​។​

​ការប្រឈមមុខ​គ្នា​នេះ​បាន​ចាប់ផ្តើម​ឡើង​កាលពី​ពាក់កណ្តាល​ខែ​ធ្នូ​ឆ្នាំ​មុន នៅពេល​នាវា​ឆ្មាំ​សមុទ្រ​ចិន​មួយ​បាន​អម​ការពារ​ទូក​នេសាទ​ចិន​ជា​ច្រើន​នៅក្នុង​​ដែនទឹក​នៅ​ឯនាយ​ឆ្នេរ​កោះ​ណាតូ​ណា​របស់​ឥណ្ឌូនេស៊ី ជាហេតុ​នាំ​អោយ​ឥណ្ឌូនេស៊ី​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​ស្តាប់​ការតវ៉ា​។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ត្រូវ​ទៅ​ទស្សនកិច្ច​កោះ​ណា​ទូ​ណា​នៅ​ថ្ងៃ​ពុធ​ទី​០៨​មករា ។​នៅ​ទីនោះ លោក​គ្រោង​ជួប​អ្នកនេសាទ​រាប់រយ​នាក់​ក្រោយ​ពួកគេ​បាន​ប្រទះ​​ឃើញ​នាវា​និង​ទូក​នេសាទ​ចិន​នៅ​ជិត​កោះ​មក​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោ​កហ្កេង សួង បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​ចិន​បាន​«​បើកចំហ​បណ្តាញ​ការទូត​»​ជាមួយ​ឥណ្ឌូ​ន​ស៊ី ចាប់​តាំង​​ពី​មាន​ឧបទ្ទវហេតុ​ចុងក្រោយ​នេះ​និង​ថា​«​ប្រទេស​ទាំង​ពីរ​គួរ​រួម​គ្នា​ទទួលខុសត្រូវ​ចំពោះ​ការថែរក្សា​សន្តិភាព​និង​ស្ថិរភាព​តំបន់​»​។​

​កាលពី​សប្តាហ៍​មុន លោ​កហ្កេង សួង ក៏​បាន​និយាយថា ចិន​បាន​មាន​អធិបតេយ្យភាព​លើ​ប្រជុំ​កោះ​ស្ព្រ៉ា​ត​លី​និង​ដែនទឹក​របស់​វា ហើយ​ទាំង​ចិន​និង​ឥណ្ឌូនេស៊ី​​មាន​សកម្មភាព​នេសាទ​ជា​ធម្មតា​នៅ​ទីនោះ​។​

​កោះ​ណា​តូ​ណា នៅ​ភាគ​និរតី​នៃ​ប្រជុំ​កោះ​ស្ព្រ៉ា​ត​លី​។​

​តែ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​និយាយ​ក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋ​ន្ត្រី​កាលពី​ថ្ងៃ​ចន្ទ​ថា «​នឹង​មិន​មាន​ការចរចា​ទេ​នៅពេល​វា​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព​របស់​​យើង​»​។​ចំណែក​រដ្ឋ​មន្ត្រី​សម្របសម្រួល​ក្នុង​គណៈរដ្ឋមន្ត្រី​ដែល​ទទួលបន្ទុក​គ្រប់គ្រង​ប្រភព​ធនធាន​និង​ការវិនិយោគ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​​ថា អធិបតេយ្យភាព​របស់​ឥណ្ឌូនេស៊ី​មិនអាច​ចរចា​បានទេ ទោះជា​ចិន​មាន​សារៈសំខាន់​ចំពោះ​សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី​ក្តី​។​

​អាជ្ញាធរ​ក្រុង​ហ្សា​ការតា​បាន​អោយដឹងថា​ ​ឥណ្ឌូនេស៊ី​បាន​បញ្ជូន​នាវាចម្បាំង​ជាច្រើន​គ្រឿង​និង​ទូក​នេសាទ​១២០​គ្រឿង​ទៅ​ល្បាត​នៅ​សមុទ្រ​មាន​ការ​ប្រទាញ​ប្រ​​ទង់​នេះ​។​

​ហ្វា​ចា អា​ឌ្រីយ៉ាន់​តូ អ្នកនាំពាក្យ​កងកម្លាំង​អាកាស បាន​និយាយថា​យន្តហោះ​F-16​ចំនួន​៤​គ្រឿង​បាន​ហោះ​ពីលើ​កោះ តែ​លោក​បាន​និយាយ​សម្រាល​អំពី​ការ​​ប្រឈម​មុខ​ណាមួយ​ជាមួយ​ចិន​ដោយ​ថា​«​ពួក​វា​គ្រាន់តែ​ហោះ​ល្បាត​ដើម្បី​ការពារ​តំបន់​អធិបតេយ្យភាព​របស់​យើង​។​យើង​មិន​បាន​បញ្ជា​អោយ​ធ្វើ​សង្គ្រាម​ជាមួយ​​ចិន​ទេ​»​។​

​យោង​តាម​គេហទំព័រ​តាមដាន​ចរាចរណ៍​សមុទ្រ​Maritime Traffic មក​ត្រឹម​ថ្ងៃ​អង្គារ នាវា​ចិន​ពីរ​គ្រឿង​បាន​ស្ថិត​នៅ​ជាយ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ឥណ្ឌូ​នេ​​ស៊ី តែ​ពួក​វា​ស្ថិតនៅ​ក្នុង​ខ្សែ​ព្រំដែន​ទឹក​«៩​ត្រេ​» ដែល​ចិន​គូស​វា​ឡើង​ដោយ​ជាន់​តំបន់​ដែល​វៀតណាម​អះអាង​ជា​របស់​ខ្លួន​ផងដែរ​៕ប្រែសម្រួល៖វាសនា

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក​ចូកូ វី​ដូ​ដូ​(​កណ្តាល​)​និង​មេ​ទ័ព​របស់​លោក​ដើរកាត់​យន្តហោះ​ប្រយុទ្ធ​និង​សព្វាវុធ ក្នុងអំឡុង​សមយុទ្ធ​យោធា​មួយ​នៅ​កោះ​ណា​ទូ​ណា​​ក្នុង​ខេត្ត រី​អាវ អ៊ី​ស្លង់ កាលពី​ឆ្នាំ​២០១៦

កាលពី​ថ្ងៃ​ចន្ទ ឥណ្ឌូនេស៊ី​បាន​និយាយថា​ខ្លួន​បាន​កេណ្ឌ​អ្នកនេសាទ​ទៅកាន់​កោះ​ណា​តូ​ណា និង​បាន​បញ្ជូ​នាវាចម្បាំង​ជាច្រើន​ទៅ​ជាមួយ​ផង​