ឥណ្ឌូនេស៊ី ចាប់ខ្លួន​អ្នកនេសាទ​១២​នាក់​ក្រោយ​ការប៉ះទង្គិច​នៅ​សមុទ្រ​ជាមួយ​វៀតណាម​ (វីដេអូ)

389
ចែករម្លែក

កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​មេសា​ថា នាវា​មួយ​ក្នុងចំណោម​នាវា​ល្បាត​មួយ​របស់​ខ្លួន​ត្រូវបាន​នាវា​ឆ្មាំ​សមុទ្រ​វៀតណាម​បុក​ក្រោយពី​មានការ​ស្ទាក់​​ចាប់​ទូក​វៀតណាម​មួយ​ដែល​ខ្លួន​និយាយថា​ចូល​នេសាទ​ខុសច្បាប់​នៅក្នុង​ដែនទឹក​របស់ខ្លួន​។​

​មេបញ្ជាការ​កង​នាវា​ខាងលិច​របស់​ឥណ្ឌូនេស៊ី​លោក​ឧត្តមនាវី ម៉ា​ហ្គោ​ណូ បាន​និយាយថា​ឥណ្ឌូនេស៊ី​បាន​ចាប់ខ្លួន​អ្នកនេសាទ​វៀតណាម​១២​នាក់​នៅក្នុង​ទូក​ដែល​លិច​ក្រោយ​ការ​​ប៉ះទង្គិច​កាលពី​ថ្ងៃ​សៅរ៍ និង​ថា​ពួកគេ​ត្រូវបាន​ឃុំខ្លួន​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​មួ​យ​សំរាប់​ដំណើរការ​ផ្លូវច្បាប់​បន្ត​។​២​នាក់​ទៀត​ត្រូវបាន​ជួយ​សង្គ្រោះ​ដោយ​ឆ្មាំ​សមុទ្រ​វៀតណាម​។​

​បើ​តាម​លោក​ឧត្តមនាវី ម៉ា​ហ្គោ​ណូ ទូក​នេសាទ​នេះ​ត្រូវ​បាន​ស្ទាក់ចាប់​នៅក្នុង​ដែនទឹក​នៅ​ឯនាយ​កម្រង​កោះ ណា​ទូ​ណា របស់​ឥណ្ឌូនេស៊ី ដែល​ជា​ចុង​ខាងត្បូង​បំផុត​នៃ​សមុទ្រ​​ចិន​ខាងត្បូង​។​«​ទីតាំង​ចាប់ខ្លួន ពិតជា​ស្ថិតនៅក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី​។​តែ​វៀតណាម​ក៏​អះអាងថា​តំបន់​នេះ​ជា​ដែនទឹក​របស់​វៀតណាម​»​។​

​ឥណ្ឌូនេស៊ី ដែល​ជា​ប្រជាជាតិ​កម្រង​កោះ​ធំ​បំផុត​ក្នុង​លោក បាន​ពន្លិច​នាវា​និង​ទូក​នេសាទ​ខុសច្បាប់​រាប់រយ​មកពី​វៀតណាម ហ្វីលីពីន ចិន​និង​ប្រទេស​ដទៃ​ទៀត ចាប់តាំងពី​​ឆ្នាំ​២០១៤ ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ដើម្បី​អះអាង​ការត្រួតត្រា​ធំ​ឡើង​លើ​ដែល​សមុទ្រ​៕​ដោយ​៖​វាសនា​

វីដេអូ ថត​ដោយ​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី បង្ហាញ​ទូក​ល្បាត​វៀតណាម​ប៉ះទង្គិច​ជាមួយ​នាវា​នៃ​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី