ឥត​មេត្តាៈ ​គិលានុបដ្ឋាយិការ ឃើញ​អ្នកជំងឺ​ដង្ហើម​ផ្ដឹ​កៗ បំពុល​ឱ្យស្លាប់​លឿន​អស់ ២០ នាក់

950
ចែករម្លែក

គិលានុបដ្ឋាយិការ​ម្នា​ក់នៅ​ប្រទេស​ជប៉ុន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​៧ ខែកក្កដា តាម​ការសង្ស័យ​ពីបទ​បំពុល​អ្នកជំងឺ​រហូតដល់​ទៅ ២០​នាក់​ដើម្បីឱ្យ​អ្នកជំងឺ​ទាំងនោះ ឆាប់​ស្លាប់​។

​គិលានុបដ្ឋាយិការ​ដែល​មានឈ្មោះ អា​យូ​មិ គូ​បូ​គិ (Ayumi Kuboki) អាយុ ៣១ ឆ្នាំ​ខាងលើ នេះ​បាន​បំពុល​ជន​ចាស់ជរា​ដោយ​ការចាក់​សូលុយស្យុង​សម្លាប់​មេរោគ (antiseptic solution) ចូលទៅក្នុង​សេរ៉ូម​របស់​ពួកគេ​នៅ​មន្ទីរពេទ្យ​អូ​ហ្គូ​ឈិ (Oguchi Hospital) ស្ថិតនៅ​ចម្ងាយ ប្រហែល ៣០ គីឡូម៉ែត្រ​នា​ភាគខាងត្បូង​ទីក្រុង​តូ​ក្យូ កាលពី​ឆ្នាំ​២០១៦​។

​កាសែត អាសា​ហ៊ី ហ្សី​ម​ប៊ុន​(Asahi Shimbun) បាន​ចុះផ្សាយ​ថា នាង អា​យូ​មិ គូ​បូ​គិ បាន​សារភាព​ប្រាប់​ប៉ូលិស​ថា​នាង​បាន​ព​ន្លឿ​ន​ការស្លាប់​របស់​អ្នកជំងឺ​ទាំងនោះ​ដើម្បីឱ្យ​ពួកគេ​ស្លាប់ ចំ​វេន របស់​គិលានុបដ្ឋាយិកា​ម្នាក់ទៀត ធ្វើយ៉ាងណា​កុំឱ្យ​ស្លាប់​ចំ​វេន​របស់ខ្លួន​។

​នាង​បាន​បញ្ជាក់ថា ការធ្វើ​បែបនេះ​វា​ងាយស្រួល ពីព្រោះ​នាង​មិនចាំបាច់​ជូនដំណឹង​អំពី​ការស្លាប់ ដល់​គ្រួសារ​របស់​អ្នកជំងឺ​។​

​ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត​បន្ទាប់ពី​គិលានុបដ្ឋាយិកា​ម្នាក់ទៀត​ប្រទះឃើញ​ពពុះ​ក្នុង​ប្លោក​សេរ៉ូម ដែល​បញ្ចូល​ឱ្យ​បុរស​អ្នកជំងឺ​ម្នាក់​អាយុ ៨៨ ឆ្នាំឈ្មោះ ណូ​បួ យ៉ាម៉ា​គិ (Nobuo Yamaki) បន្ទាប់ពី​គាត់​ស្លាប់​កាលពី​ខែកញ្ញា ឆ្នាំ​២០១៦​។ ហើយ​ជា​លទ្ធផល​នៃ​ការស៊ើបអង្កេត​បាន​ឈានទៅ ដល់​ការចាប់ខ្លួន​គិលានុបដ្ឋាយិកា​ឈាម​ត្រជាក់​រូបនេះ​៕ ប្រែ​សម្រួល​: ខុម​