ឥទ្ធិពល​គោលនយោបាយ​ត្រាំ​កំពុង​ជះ​ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច​អាមេរិក​

588
ចែករម្លែក
  • 353
    Shares

​អ្វីៗ​ដូចជា​មិនសូវ​ស្រួល​ទេ​ក្នុង​សហរដ្ឋអាមេរិក​។ ការបិទ​រដ្ឋាភិបាល​ដែល​បង្កឡើង​ដោយសារ​ជម្លោះ​របស់​រដ្ឋបាល​ត្រាំ ជាមួយ​សភា​ជុំវិញ​ការផ្តល់​ថវិកា​សម្រាប់​ស​ង់​ជញ្ជាំង​ព្រំដែន ឥឡូវនេះ​បាន​ឈាន​ចូលដល់​ថ្ងៃទី២៥ ហើយ​។ ជម្លោះ​ឥឡូវនេះ​បានក្លាយ​ទៅជា​ជម្លោះ​បិទ​រដ្ឋាភិបាល​យូរ​ជាងគេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​អាមេរិក​។ ខណៈដែល​ផលប៉ះពាល់​របស់​វាចា​ប់​ផ្តើម​លេច​រូប​រាង​ឡើង​នោះ លោក​ប្រធានាធិបតី​បាន​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​របស់លោក ដោយ​សង្ឃឹមថានឹង​ធ្វើឱ្យ​គូប្រជែង​របស់លោក​សុំ​ចុះចាញ់​មុន​។​

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ

​ប៉ុន្តែ​សាធារណជន​មិន​ជឿ​លើ​រឿងនេះ​ទេ​។ ការ​ស្ទាបស្ទង់​មតិ​របស់​សាកលវិទ្យាល័យ​ឃ្វី​ន​នី​ភី​អាក់ (Quinnipiac) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​មករា បាន​រកឃើញថា អ្នកបោះឆ្នោត ៥៦ ភាគរយ​បាន​ស្តីបន្ទោស​ត្រាំ​និង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចំពោះ​វិបត្តិ​នេះ ដែល​បានធ្វើឱ្យ​បុគ្គលិក​សហព័ន្ធ​ជាង ៨០០.០០០ នាក់​គ្មាន​ប្រាក់ខែ និង​បន្ថយ​នូវ​សេវាកម្ម​សំខាន់ៗ​របស់​រដ្ឋាភិបាល​។​

​ជាមួយ​សប្តាហ៍​នេះ​ជាការ​ប្រារព្ធ​រយៈពេល ២ ឆ្នាំ​ចាប់តាំងពី​ការស្បថ​កាន់តំណែង​រប​ស់លោក​ត្រាំ​ជា​ប្រធានាធិបតី​អាមេរិក ប្រទេស​ទាំងមូល​ចាប់ផ្តើម​មាន​អារម្មណ៍​ទទួល​នូវ​ផលវិបាក​ពី​ចរិតលក្ខណៈ​នយោបាយ​អ​ស្ថិរភាព​ខ្ពស់​របស់​ត្រាំ​។ “​ដោយនៅ​សែនឆ្ងាយ​ពី​ការធ្វើឱ្យ​អាមេរិក​អស្ចារ្យ​ម្តងទៀត​” ការនាំ​ការងារ​ត្រឡប់មក​ប្រទេស​វិញ និង ការយក​ស្នាដៃ​ចំពោះ​ការ​រស់​ឡើងវិញ​នៃ​សេដ្ឋកិច្ច លោក​ត្រាំ​ជាក់ស្តែង​កំពុងតែ​បង្កើត​នូវ​កម្រិត​ហានិភ័យ​នយោបាយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដែល​អាច​កាត់បន្ថយ​កំណើន​និង​រារាំង​សក្ដានុពល​របស់​ប្រទេស​។​

​នេះ​មិនមែន​គ្រាន់តែ​មកពី​គោលនយោបាយ​តែមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​មកពី​គោលនយោបាយ​ដទៃទៀត​ជាច្រើន​ផងដែរ​។ ជាជាង​សម្ងំសុខ​ក្នុង​ភាពរុងរឿង​នៃ​ជាតិនិយម អ្នកគាំទ្រ​របស់​ត្រាំ​ត្រូវ​ដឹង​រឿងនេះ​ហើយ​គិត​ដោយ​ពិចារណា​អំពី​អ្វីដែល​កំពុង​កើតឡើង មុនពេល​អ្វីៗ​ត្រូវ​ហួសពេល​។ ត្រាំ​នឹងមិន​អាចបំពេញ​តាម​ការសន្យា​អំឡុង​ការបោះឆ្នោត​បានទេ​។​

​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​មករា ប្រធានាធិបតី​រូបនេះ​បាន​និយាយ​លើ Twitter ថា​ប្រសិនបើ​កងកម្លាំង​តួ​ក​គី​វាយប្រហារ​ទឹកដី​របស់​អម្បូរ​ឃឺ​ដ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី លោក​នឹង​ធ្វើឱ្យ “​វិនាស​សេដ្ឋកិច្ច​” របស់​ប្រទេស​តួ​ក​គី​។ សេចក្តីថ្លែងការណ៍​បែបនេះ​បានធ្វើ​ឱ្យគេ​ដឹង​យ៉ាងច្បាស់​ថា​គាត់​កំពុង​ប្រើ​វិធីសាស្ត្រ​បង្វែរ​ការចាប់អារម្មណ៍​បញ្ហា​ក្នុងស្រុក​។​

​ប្រតិកម្ម ការរំខាន និង​ការគំរាមកំហែង​។ ដោយ​ផ្ដាច់​ចេញពី​រាល់​គំនិត​បែប​ការទូត​ទាំង​ថ្នាក់ជាតិ​និង​អន្ដរជាតិ លោក​ប្រធានាធិបតី​បាន​គាំទ្រ​របៀបវារៈ​របស់លោក ដោយ​ប្រើការ​គំរាម​ខ្លាំងៗ​ដាក់​គូប្រជែង​របស់លោក​ក្នុង​គោលបំណង​អូស​ពួកគេ​មក​តុ​ចរចា​។ ប្រសិនបើ​ពួកគេ​មិន​ព្រម​ធ្វើតាម គាត់​នឹងមិន​ឈឺក្បាល​វិលមុខ​ជាមួយ​ពួក​នោះឡើយ ដោយ​មិន​ខ្វល់​ថា​នឹងមាន​ផលវិបាក​អ្វី​នាពេលខាងមុខ​។​

​ទោះបីជា​យុទ្ធសាស្ដ្រ​បែបនេះ​អាចធ្វើឱ្យ​គាត់​ទទួលបាន​ការសរសើរ​ចំពោះ​ការ​ឈ្នះ​ក្នុង​មុខ​ជំនួញ ប៉ុន្តែ​គំនិត​ដែលថា​យុទ្ធសាស្ត្រ​ទាំងនោះ​អាចយ​កមក​ជំនួស​យុទ្ធសាស្ត្រ​អភិបាលកិច្ច​ក៏ដូចជា​ការបង្កើត​គោលនយោបាយ គឺជា​មហន្តរាយ​។ ការដឹកនាំ​ប្រទេសមួយ​គឺ​ត្រូវតែមាន​ផ្ចិតផ្ចង់​ជាង​ការដឹកនាំ​អាជីវកម្ម​មួយ​ទៅទៀត​។​

​ការដឹកនាំ​របៀប​នោះ​គឺ​មិនទាន់​ជួប​នៅឡើយ​ទេ ដូចដែល​បានឃើញ​នៅ​ឆ្នាំ​ដំបូង​យ៉ាង​អ៊ីចឹង លោក​ត្រាំ​បានប្រកាស​យកមុខយកមាត់​សម្រាប់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច ដែលជា​កេរ្តិ៍ដំណែល​របស់​រដ្ឋបាល​បា​រ៉ា​ក់ អូ​បា​ម៉ា​។ គាត់​បាន​អួតថា​ចំនួន​ការងារ​កើនឡើង តួលេខ​ផលិតផល​ក្នុងស្រុក​សរុប​កើនឡើង និង​តួលេខ​ផ្សារ​ហ៊ុន​កើនឡើង គឺជា​ស្នាដៃ​របស់គាត់​ផ្ទាល់​។ ដោយហេតុថា​គ្រា​ដំបូង​អ្វីៗ​ដំណើរការ​ដោយ​រលូន​ដោយសារ​សភា​ឈរ​នៅ​ខាង​គាត់ ដូច្នេះ​នៅ​ថ្នាក់ក្រោម​ជាតិ គាត់​អាចអនុវត្ត​គំនិត​ផ្ទាល់ខ្លួន​របស់គាត់​ដោយ​មិនមាន​ការជំទាស់​ធ្ងន់ធ្ងរ​ទេ​។​

​ទោះយ៉ាងណា ឥឡូវនេះ​រយៈពេល​ពីរ​ឆ្នាំ ស្នាម​ប្រេះ​ចាប់ផ្តើម​បង្ហាញ​ឱ្យគេ​ឃើញ​កាន់តែច្បាស់​។ ទី​១​គឺ គោលនយោបាយ​ការបរទេស​របស់គាត់ គឺជា​អ្នកទទួលខុសត្រូវ​ដ៏​ធំ​។ វិធីសាស្ត្រ​ប្រទូសរ៉ាយ​របស់លោក​ប្រធានាធិបតី​ចំពោះ​បញ្ហា​ទាំងឡាយ​បាន​បង្កើត​បរិយាកាស​នៃ​ភាពមិនប្រាកដប្រជា និង​ហានិភ័យ​លើ​សកលលោក ដែលនាំឱ្យ​គេ​បន្ថយ​ការព្យាករណ៍​អំពី​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៩​។​

​ជាការ​ពិត​លោក​ត្រាំ​បានធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​លើ​ប្រទេស​ចិន​និង​ពិភពលោក​ទាំងមូល​។ លោក​បាន​សន្យាថា​នឹង​ស្តារ​អំណាច​ពាណិជ្ជកម្ម​របស់​អាមេរិក​ឡើងវិញ​។ ផ្ទុយទៅវិញ ទីផ្សារ​បាន​រង​ផលប៉ះពាល់​ខ្លាំង​។ ការនាំចេញ​របស់​សហ​រដ្ឋ​អាមេរិក​បាន​ធ្លាក់ចុះ​ហើយ​តម្លៃ​សណ្តែកសៀង​បាន​ធ្លាក់​ថ្លៃ​ទាប​ខ្លាំង​។ ពិតណាស់ លោក​ត្រាំ​កំពុង​សម្លឹងមើល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទូលំទូលាយ​ជាមួយ​ចិន​ដែល​អាចឱ្យ​គាត់​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​វា​មិនអាច​ជំនួស​អាកប្បកិរិយា​គំរាមកំហែង​របស់គាត់​បានទេ​។​

​ប៉ុន្តែ​វា​មិនទាន់​ចប់​ត្រឹមនេះ​ទេ​។ ចូរ​សម្លឹង​មើលទៅ​ការបិទ​រដ្ឋាភិបាល​វិញ​ម្តង​។ ដោយ​បច្ចុប្បន្ន បុគ្គលិក​រដ្ឋ​ចំនួន ៨០០.០០០ នាក់​មិនទាន់​ទទួលបាន​ប្រាក់ខែ​នៅឡើយ​នោះ នោះ​អាច​ចាត់ទុក​ស្មើនឹង​ចំនួន​គ្មាន​ការងារ​ធ្វើ​ដែរ​។ បញ្ហា​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការចំណាយ​និង​ពួក​អ្នកម៉ៅការ ដែល​ពឹង​ផ្អែកលើ​លុយ​សហព័ន្ធ​។ នៅក្នុង​ទិដ្ឋភាព​នេះ ពួក​សេដ្ឋវិទូ​បាននិងកំពុង​ទម្លាក់​ការព្យាករណ៍​រួចទៅហើយ​អំពី​កំណើនសេដ្ឋកិច្ច​ប្រចាំត្រីមាស​។​

​សេដ្ឋវិទូ​ម្នាក់​ដែល​ត្រូវបាន​ស្រង់​សម្តី​ក្នុង​វេ​ប​សាយ Businessinsider បានសរសេរថា ប្រសិនបើ​ការបិទ​នេះ​អូសបន្លាយ​រយៈពេល ៣ ខែ (​ជាការ​ពិតណាស់​វា​ទំនង​មិនអាច​កើតឡើង​ទេ​) ប្រទេស​នេះ​នឹង​ជួប​កំណើន​អវិជ្ជមាន​។ ការបិទ​រដ្ឋាភិបាលរ​យៈ​ពេល ២ សប្តាហ៍​ក្នុង​រដ្ឋបាល​អូ​បា​ម៉ា​បានធ្វើឱ្យ​ខាតបង់​សេដ្ឋកិច្ច ២,៥ ពាន់​លាន​ដុល្លារ​។ ការបិទ​បច្ចុប្បន្ន​នឹង​រឹតតែ​ធ្វើឱ្យ​ខាតបង់​ខ្ពស់​ជាងនេះទៀត​។ ឥឡូវនេះ​លោក​ត្រាំ​កំពុង​ខាតបង់​ដោយសារតែ​វិធីសាស្ត្រ​ផ្ទាល់ខ្លួន​របស់គាត់​ចំពោះ​គោលនយោបាយ និង​នយោបាយ​។​

​តើ​រឿងនេះ​នឹង​កំណត់​ចេញ​អ្វី​សម្រាប់​អនាគត​? ភាពមិន​អាច​ទាយ​ទុកជាមុន​បាន​របស់​ត្រាំ​មិនអាច​បង្កើតឱ្យមាន​ទំនុកចិត្ត​បានទេ​។ ប្រសិនបើ​ការ​កត់ចំណាំ​ក្នុង​អាណត្តិ​របស់គាត់​គឺ​ត្រូវតែ​ឱ្យ​ជាប់គាំង​នយោបាយ ធ្វើឱ្យមាន​ស្ថានភាព​ហានិភ័យ​ជា​អន្តរជាតិ និង ប្រើ​យុទ្ធសាស្ត្រ​សម្លុត​កំហែង​របស់គាត់ នោះ​គ្មានអ្វី​គួរឱ្យ​សង្ស័យ​ទេ​ដែលថា ការសន្យា​ធ្វើឱ្យ​សេដ្ឋកិច្ច​កើនឡើង​ខ្ពស់​របស់គាត់​នឹង​បានត្រឹមតែ​ជាការ​ខកចិត្ត​។​

​ជាក់ស្តែង ដូចដែល​សេដ្ឋវិទូ​ជាច្រើន​បានកត់សម្គាល់​យ៉ាង​អ៊ីចឹង កំណើនសេដ្ឋកិច្ច​របស់​អាមេរិក​ទំនងជា​នឹង​ធ្លាក់ចុះ​។ ឱកាស​នៃ​ការធ្លាក់ចុះ​ខ្លាំង​និង​កើត​វិបត្តិ​សេដ្ឋកិច្ច​គឺមាន​តិចតួច​ប៉ុណ្ណោះ ប៉ុន្ដែ​គំនិត​ដែលថា​ត្រាំ​នឹង​ធ្វើឱ្យ​អាមេរិក​អស្ចារ្យ​ម្តងទៀត​និង​ស្តារឡើងវិញ​នូវ​ភាពរុងរឿង​នៃ​សេដ្ឋកិច្ច​គឺ​គ្រាន់តែ​ជា​គំនិត​ស្រមើស្រមៃ​ប៉ុណ្ណោះ​។ ដូចដែល​យើង​កំពុង​មើលឃើញ​ជាក់ស្តែង​ចំពោះ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដោយសារ Brexit នៅក្នុង​ចក្រភព​អង់គ្លេស​យ៉ាង​អ៊ីចឹង នយោបាយ​គ្មាន​ហេតុផល​គឺជា​អ្នកបង្ក​វា​ឡើង​។ អារម្មណ៍​ជាតិនិយម​មិនបង្កើត​បាន​នូវ​ភាព​ចម្រុងចម្រើន​ទេ ហើយក៏​មិនអាច​ធ្វើឱ្យមាន​យុទ្ធវិធី​ចរចា​ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​នោះដែរ​។ ឥឡូវ​វា​ជា​ពេល​ត្រូវ​មើលថា​តើ​គោលនយោបាយ​របស់​ត្រាំ​ហុច​ផល​យ៉ាងណា​ហើយ នោះ​គឺ​គ្មាន​បាន​អ្វី​ក្រៅតែពី​ការ​ខូចប្រយោជន៍​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

ប្រភព​៖ CGTN