ឥទ្ធិពល​ស្រា​ខ្លាំង បុរស​មួយក្រុម​មាន​គ្នា​៤​នាក់​ចូលទៅ​ផឹក​ស៊ី ក្នុង​ហាង ​នាំគ្នា​បោកកែវ​និងបង្ក​ហិ​ង្សា

309
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ​៖ ដោយសារ​ឥទ្ធិពល​ស្រា​ខ្លាំង ធ្វើ​ឲ្យ​បុរស​មួយក្រុម​មាន​គ្នា​៤​នាក់ ​ចូលទៅផឹក​ស៊ីក្នុង​ហាង គោដុត ( រិ​ទ្ធ វិទូ ) លុះដល់ពេល​ស្រវឹងទាស់​សម្ដី​គ្នា​បោកកែវ​និងបង្ក​ហិ​ង្សា ភ្ញាក់ផ្អើល​ភ្ញៀវ​ពេញ​ហាង ពេលសន្តិសុខទៅ​ឃាត់​វាយ​ទាំង​សន្តិសុខ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ នៅក្នុង​ហាង​គោដុត (​រិ​ទ្ធ វិទូ )​ច្រកចូល​ទីលាន​ចាក់សំរាម​ចាស់ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ។​

​តាម​ប្រភពព័ត៌មាន​ពី​អ្នក​ចូល​ផឹកស៊ី​ក្នុង​ហាងនោះដែរ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​ គាត់​ឃើញ​បុរស​៤​នាក់​បាន​ចូលមក​ផឹកស៊ី​ក្នុង​ហាង​ខាងលើ។ លុះ​ដល់ពេល​ស្រវឹង​រៀងៗ​ខ្លួន ក៏បាន​ទាស់សម្ដី​គ្នា​បន្តិចបន្តួច ស្រាប់តែ​បោក​កែវ ផ្អើល​ដល់​ភ្ញៀវ​ផ្សេង​អង្គុយ​ក្បែរ​កំពុង​ទទួលទាន​ ឃើញ​ដូ​ច្នោះ​សន្តិសុខ បាន​ចាប់បុរស​ដែល​បង្កហេតុ​ខាងលើ​ឲ្យ​ចេញមក​ខាងក្រៅ​សិន តែដោយសារ​ឥទ្ធិពល​ស្រា​ខ្លាំង ធ្វើ​ឲ្យ​ក្រុម​បុរស​ជា​ភ្ញៀវ​ដែល​បង្កហេតុ​នោះបានប្រតាយប្រតប់​វាយ​ជាមួយ​សន្តិសុខ​ថែមទៀត​បណ្ដាល​ឲ្យ​បុរស​ម្នាក់​របួស​ប៉ោង​មុខមាត់។​

​ក្រោយ​កើតហេតុ ម្ចាស់​ហាង​ខាងលើ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន រួមទាំង​អាវុធហត្ថ​ខណ្ឌ​ឲ្យ​មកជួយអន្តរាគមន៍ ដោយបាន​ឲ្យ​ភាគី​ម្ចាស់​ហាង និង​ភ្ញៀវ​ខាងលើ​សម្របសម្រួល​គ្នា។ ចុងក្រោយ​ភាគី​ទាំង​២​មិនបានប្ដឹងផ្ដល់​គ្នា​នោះទេ ហើយ​បុរស​ទាំង​បួន​នាក់ ក៏បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែងកើតហេតុ​រៀងខ្លួន​ទៅ​បាត់​៕​B/Ha