ឥទ្ធិពល​ស្រា​ចូលខ្លួន​!

392
ចែករម្លែក

កាលពី​ពាក់​កណ្តាលអធ្រាត្រ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ បុរស​ជា​កម្មករសំណង់​ម្នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ពីបទ​ហិង្សា​ដោយ​ចេតនា បណ្តាល​ឲ្យ​មិត្តភក្តិក្នុង​វង់​ផឹកស៊ីស្លាប់ ព្រោះតែ​បុរស​ដៃដល់ កាប់​នឹង​ពូថៅ​ត្រូវ​ក និង​ក្បាល​។ ហេតុការណ៍​ផឹកស៊ីបង្កជម្លោះ កាប់​ចាក់​នេះ​បាន​កើតឡើង នៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា បុរស​ដៃដល់ ឈ្មោះ ឆាន រ៉ា​ឌី អាយុ ២៧​ឆ្នាំ ជា​កម្មករ ស្នាក់នៅ​កន្លែងកើតហេតុ បាន​យក​ពូថៅ​ដង​ឈើ កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ ឈុន​នី ភារៈ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ​កម្មករ​ដូចគ្នា មាន​ទីលំនៅ​ភូមិ​ក្រាំងមានជ័យ ឃុំ​ដូន​យ៉យ ស្រុក​ឈូក ខេត្តកំពត ត្រូវ​ត្រ​ង់ក​និង​ដៃ​សងខាង​បណ្តាល​ឲ្យ​ស្លាប់នៅនឹងកន្លែង​។
​ ​
​សមត្ថកិច្ច បញ្ជាក់ថា អំពើ​ហិង្សា​នេះ បានកើត​ឡើង ក្រោយពេល​ផឹកស្រា​ស្រវឹងស្រា​។ ក្រោយ​កើតហេតុ សាកសព ត្រូវបាន​ឪពុកម្តាយ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅស្រុកកំណើត​។ រីឯ​ជនដៃដល់ ត្រូវ​នគរបាលឃាត់ខ្លួន និង​កសាង​សំណុំរឿង​តាម នីតិវិធី ទៅ​តុលាការ​។​
​ ​
ករណី​ជម្លោះ​ពេល​ផឹកស៊ី​ឈានដល់​កាប់សម្លាប់​គ្នា​នេះ​គឺ​ស្ថិតក្នុង​វិនាស​ទាំង​ប្រាំមួយ ប្រការ​ដែល​កើតចេញពី​ការសេព​គ្រឿង​ស្រវឹង​។ នោះ​គឺ​តាម​ធម៌​ព្រះពុទ្ធ អ្នក​សេព​គ្រឿងស្រវឹង ឬ​ផឹកស្រា នាំមក​នូវ​វិនាស​ប្រាំមួយ​ប្រការ រួមមាន​៖ ១-​វិនាស​ទ្រព្យ ២-​បង្កជម្លោះ ៣-​កើត​រោគា​ក្នុង​ខ្លួន ៤-​ខូច​ឈ្មោះ ៥-​បង្ហាញ​កេរខ្មាសទាំង​រស់ និង​វិនាស​ទី​៦-​បាត់បង់បញ្ញា​។​
​ ​
ជាការ​ពិត​ក្នុងសង្គម​កម្ពុជា​យើង​មិន​ថា នៅ​រាជធានី​ភ្នំពេញ​នៅ​ទីប្រជុំជន តាម​បណ្តា​ខេត្ត ឬក៏​នៅ​ទីជនបទ ស្រុកស្រែ​ចម្ការ​ឯណា​ទេ យុវជន​មួយចំនួន​រួមទាំង​មនុស្ស​វ័យចាស់មួយចំនួន មាន​ទាំងស្រី ទាំងប្រុស​ខ្លះ បាន​និយម​ជួបជុំ​ផឹកស៊ី ជុំៗ​គ្នា​ដោយមាន​ទាំងធុងបាស ដែលមាន​មេក្រូ ច្រៀង​រាំ ដោយ​គ្មាន​ក្រែង​រអែងចិត្ត​អ្នកជិតខាង​ណា​ឡើយ​។
​ ​
ក្រៅពី​បង្ក​ការរំខាន​ដោយ​សំឡេង​ផឹកស៊ី និង​ច្រៀង​រាំ ចាក់ធុងបាស​ខ្លាំង​ហើយ​នោះ ក្រុម​អ្នកផឹកស៊ី​មួយចំនួន ពិសេស​យុវជន​ខ្លះ ក៏បាន​ជួបជុំ​ស៊ីផឹក​គ្រឿង​ស្រវឹង នៅតាមទីសាធារណៈ តាមផ្លូវ តាម​សួនច្បារ នៅ​មាត់ទន្លេ រហូតដល់​នៅតាម​ប្រាសាទអង្គរវត្ត ថែមទៀត​។​
​ ​
​នៅ​ភ្នំពេញ តាម​សួនច្បារ នៅ​មាត់ទន្លេ ក៏មាន​យុវជន​មួយចំនួន តស៊ូ​ព្យាយាម​ដោយមួយ​យប់ៗ អង្គុយ​ផឹកស៊ី​ជុំៗ​គ្នាដល់​យប់​ជ្រៅ ហើយ​ជួនកាល​ផឹក​មួយ​យប់​ទល់​ភ្លឺ ដល់​ម៉ោង​៤-៥ ព្រឹក គេ​ក្រោក​ហាត់ប្រាណ ក៏​នៅតែ​ឃើញ​ក្រុមយុវជន​មួយចំនួនមិនទាន់​បំបែក​គ្នាទៅផ្ទះ​ផង ក៏មាន​។​
​ ​
ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួន​ដែល​និយម​ជួបជុំ​ស៊ីផឹក នៅមុខ​ផ្ទះ តាមផ្លូវ​សាធារណៈ នៅ​សួនច្បារ នៅ​មាត់ទន្លេ និង​នៅតាម​ប្រាង្គ​ប្រាសាទអង្គរវត្ត ជាដើម គឺ​ផឹក​តាំងពីមេឃ​ភ្លឺ រហូតដល់​យប់​កណ្តាល​អធ្រាត្រ ហើយ​មាន​ខ្លះ​រហូតដល់​ភ្លឺ​វិញ គឺ​បើសិនជាឧស្សាហ៍ ព្យាយាម តស៊ូ​ក្នុងការ​រៀនសូត្រ រកស៊ី ប្រកបការងារ ដូច​តែ​តស៊ូ​ផឹកស៊ី នោះ​មិនដឹង​ជា​អនាគត​របស់​អ្នក​ចូលចិត្ត​ស៊ីផឹក​ទាំងនោះ ល្អ​យ៉ាងណាទេ​!​។​
​ ​
ជារួម ការសេព​គ្រឿង​ស្រវឹង ស៊ីផឹក​រៀងរាល់​ថ្ងៃនេះ មិនមាន​អ្វី​ចំណេញ​សោះឡើយ​។ មានតែ​ចំណេញ​តែ​អ្នកលក់​ស្រា និង​ក្រុមហ៊ុន​ផលិត​ស្រា​។ រីឯ​អ្នកផឹកស៊ី​វិញ​មានតែ ជួប​នូវ​វិនាស​ទាំង ៦​ប្រការ ដូច​រៀបរាប់​ខាងលើ​។

​ករណី​នៅ​ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ គឺជា​ឧទាហរណ៍ជាក់ស្តែង ដែល​កើតចេញពី​អំពើ​នៃ​ការផឹកស៊ី ដោយ​ពួកគេ​ជា​កម្មករ មិន​ខំប្រឹង​សន្សំលុយ ដែល​បានមកពី​ធ្វើការ​ហត់នឿយ​ទេ តែ​បែរជា​ចាយលុយ​ទិញ​ស្រា​ផឹក​ហើយ ក៏បង្ក​ជម្លោះ ដោយ​អ្នកចាញ់ត្រូវស្លាប់ រីឯ​អ្នកឈ្នះ ត្រូវ​ជាប់គុក​អស់​មួយជីវិត​ដោយសារតែ​សម្លាប់​មនុស្ស ដែលជា​អ្នកចូលរួម​ផឹកស៊ី​ជាមួយគ្នា​ទៅវិញ​៕ ដោយ​: ម៉េង​ឆៃ​/Ha