ឧកញ៉ា​ចំនួន​១៦​រូប សម្រេចចិត្ត​លាលែង​ពី​កងយោធពល​ខេមរភូមិន្ទ​

1253
ចែករម្លែក
នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ (រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​ឧ​ត្ត​ម​សេនីយ៍​និង​មាន​ងារ​ជា​ឧកញ៉ា បម្រើការ​នៅ​អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ មាន​ចំនួន​សរុប ៦១​នាក់​។ ក្នុងនោះ មាន​៤៥​រូប បានសម្រេច​ចិត្ត​បោះបង់​ងារ​ជា​ឧកញ៉ា និង​ចំនួន ១៦​រូប បានសម្រេច​ចិត្ត​បោះបង់​តួនាទី និង​លាលែង​ពី​កងយោធពល​ខេមរភូមិន្ទ​។


​ ​ការសម្រេចចិត្ត​នេះ គឺ​បន្ទាប់ពី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ណា​ដែលមាន​ងារ​ជា «​ឧកញ៉ា​» ត្រូវ​សម្រេចចិត្ត​ជាបន្ទាន់ ជ្រើស​រើសយក​តែមួយរ​វាង​ងារ​ជា «​ឧកញ៉ា​» ឬ​តួនាទី​ក្នុង​ក្របខណ្ឌ​ជា​កងកម្លាំងប្រដាប់អាវុធ​។​
​ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​៦​ខែកញ្ញា​ថា មន្ត្រី​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​អគ្គបញ្ជាការ​មាន​ងារ​ជា​ឧកញ៉ា​មាន​ចំនួន ៦១​រូប​។​ចំនួន​ឧកញ៉ា​នៅ​ក្រសួងការពារជាតិ នៅ​មិនទាន់​សរុប​នៅឡើយ​ទេ​។ លោក​បាន​បញ្ជាក់ថា “​ក្នុងចំណោម​ឧកញ៉ា​ចំនួន ៦១​រូប គឺមាន​ចំនួន ១៦​រូប បាន​សុំ​ចេញពី​កងទ័ព និង​ចំនួន ៤៥​នាក់ យក​កងទ័ព (​លះបង់​ងារ​ជា​ឧកញ៉ា​) វិញ​។ នេះ​ជា​ចំនួន​នៅ​អគ្គបញ្ជាការ ដែល​បាន​ប្រជុំ​កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩”​។


​គួរ​បញ្ជាក់ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ ថា មិនឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​របស់​កម្ពុជា ដែល​រួមមាន​កងយោធពល​ខេមរភូមិន្ទ នគរបាល និង​កងរាជអាវុធហត្ថ មាន​ងារ​ជា «​ឧកញ៉ា​» តទៅទៀត​នោះឡើយ​។
​ជាមួយគ្នានេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ណា​ដែលមាន​ងារ​ជា «​ឧកញ៉ា​» ត្រូវ​សម្រេចចិត្ត​ជាបន្ទាន់ ជ្រើស​រើសយក​តែមួយរ​វាង​ងារ​ជា «​ឧកញ៉ា​» ឬ​តួនាទី​ក្នុង​ក្របខណ្ឌ​ជា​កងកម្លាំងប្រដាប់អាវុធ​។​


​ចំណែក​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែងថា ការកែទម្រង់​ដ៏​ធំ​មួយ​ពាក់ព័ន្ធ​នឹង​កម្លាំងប្រដាប់អាវុធ​ទាំង​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​ខាង​នគរបាលជាតិ​ផងដែរ គឺ​គោ​រម្យ​ងារ​ជា​ឧកញ៉ា និង​មុខតំណែង គ្រប់​បណ្តា​អង្គភាព​ទាំងអស់​ត្រូវ​រៀបចំ​ឲ្យ​បាន​ឆាប់រហ័ស និង​ប្រុងប្រយ័ត្ន ដើម្បី​ឲ្យ​គេ​សម្រេចចិត្ត​ជ្រើស​រើសយក​មួយណា​។ តាម​តម្រូវការ គឺ​ឲ្យ​ទុក​តែមួយ​ប៉ុណ្ណោះ​។ ការ​ថ្លែង​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​បន្ទាយ និង​អគារ​ស្នាក់នៅ​របស់​កង​ឯកភាព​កងកិត្តិយស​ត្រែទ័ព នៅ​សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩៕​សរន​