ឧកញ៉ា​ជំនួញ​ឈើ គង់ ក្រឹ​ង​និង​កូនប្រសារ​ត្រូវបាន​ឃុំខ្លួន​

622
ចែករម្លែក
ឧកញ៉ា​ជំនួញ​ឈើ គង់ ក្រឹ​ង​

ដោយៈ វង្ស សុភាព​/​ភ្នំពេញៈ​ឧកញ៉ា​ល្បី​ខាង​ជំនួញ​ឈើ គង់ ក្រឹ​ង និង​កូនប្រសារ ត្រូវបាន​កម្លាំង​ប៉េអឹម​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម ធ្វើការ​សាកសួរ​កាលពី​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩​។ បន្ទាប់ពី​សាកសួរ​រួច​ចៅក្រម​បានសម្រេច​ឃុំខ្លួន​ជន​ទាំងពីរ​នាក់​ដាក់ពន្ធនាគា​រ​។​
​ ​លោក​ម៉េង តូ​នី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ បាន​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោក​ម៉ាត់ ណា​ស៊ា​ត (​កូនប្រសា​រលោក​ឧកញ៉ា គង់ ក្រឹ​ង​) ដាក់ពន្ធនាគារ​ខេត្តក្រចេះ និង​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពី​ប​ទៈ ប្រមូល​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត និង​នាំចេញ​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ ប្រព្រឹត្ត​នៅ​ភូមិ​ច្រាប​ថ្មី ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​អំឡុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​។​
​ ​ឧកញ៉ា គង់ ក្រឹ​ង ដែលជា​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ និង​កូនប្រសារ (​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត​) ត្រូវបាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ឃាត់ខ្លួន​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ បន្ទាប់ពី​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ពាក់ព័ន្ធ​ករណី​បទល្មើស​ព្រៃឈើ​។


​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ និង​មានការ​សម្របសម្រួល​ពី​អយ្យការ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ បានធ្វើការ​ឃាត់ខ្លួន​បុគ្គល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ចំនួន​២​រូប ក្នុងនោះ​មាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹ​ង និង​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត​។ យោងតាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​នៃ​ការស៊ើបអង្កេត មន្ត្រីនគរបាល​យុត្តិធម៌ អាច​ឃាត់ខ្លួន​បុគ្គល​ដែល​សង្ស័យថា បាន​ចូលរួម​ក្នុង​បទល្មើស​៕សរន

កញ៉ា​ជំនួញ​ឈើ គង់ ក្រឹ​ង​និង​កូនប្រសារ​ត្រូវបាន​ឃុំខ្លួន​


#