ឧកញ៉ា​ម៉ុង ឫទ្ធី ចង់​ជួយ​អ្នកសុំទាន​ម្នាក់​ឱ្យមាន​ការងារ​ធ្វើ តែ​ពេល​ដឹង​រឿង​មួយ សុំ​ខ្មាស​

1445
ចែករម្លែក

ឯកឧត្ដម​បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បាន​រំឭក​ប្រវត្តិ​ហួសចិត្ត​មួយ ជាមួយ​អ្នកសុំទាន​មកពី​ខេត្តតាកែវ ដោយមាន​ចិត្ត​អាណិត​បបួល​ទៅធ្វើ​ការ និង​ផ្ដល់​កន្លែង​ឱ្យ​ស្នាក់នៅ តែ​ត្រូវបាន​អ្នកសុំទាន មាន​ស្រុកកំណើត​នៅ​ឃុំ​លាយ​បូរ​ខាងលិច ទី​រួម​ខេត្តតាកែវ ប្រាប់ថា​ក្រោយពី​ប្រកប​របរ​ធ្វើ​អ្នកសុំទាន​រយៈពេល ៥​ឆ្នាំ សល់​ពី​ការចំណាយ​ទាំងអស់ បាន​សង់​ផ្ទះមួយ​ខ្នង​ដូច​គេ​ដូច​ឯង​។​

​ឧកញ៉ា ម៉ុង ឫទ្ធី បាន​សរសេរ​នៅ​បណ្ដាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖ “​ខ្ញុំ​លើកយក​តែ​ម្នាក់​ដែលមាន​ស្រុកកំណើត​នៅ​ឃុំ​លាយ​បូរ​ខាងលិច​ទី​រួម​ខេត្តតាកែវ គាត់​មកសុំ​ទាន​តាំងតែ​ពី​មានកូន​១​រហូតមកដល់​ពេលនេះ​មានកូន​៣​នាក់ ទុក​កូន​២​ឱ្យ​ប្ដី​មើល​គាត់​មកសុំ​ទាន​យកទៅ​ចិញ្ចឹម​កូន និង​ប្ដី យក​កូន​១​មកបី​ជាប់​នឹង​ដៃ គាត់​ប្រាប់​ខ្ញុំ​ថា​សុំទាន​រយៈពេល​៥​ឆ្នាំ​សល់​ពី​ការចំណាយ បាន​សាង​សង់ផ្ទះ​១​ខ្នង​នៅ​ដូច​គេ​ដូច​ឯង​ដែរ​។ ។ មែនទែនទៅ​ខ្ញុំ​ខ្មាស​ពួកគាត់​ណាស់ ខំ​តែ​បបួល​ពួកគាត់​ឱ្យទៅ​ធ្វើ​ការងារ និង​ផ្ដល់​ទីជម្រក​សមរម្យ​ដល់​ពួកគាត់​តែ​ការពិត​ដូចខាងលើ​ទៅវិញ​។​”

​អ្នកជំនួញ​ផ្នែក​កសិឧស្សាហកម្ម​ល្បីឈ្មោះ​ខាងលើ បានលើកឡើង​ទៀតថា ចំណែកឯ​ប្រជាជន​ក្រីក្រ​ចំណាកស្រុក​ទៅធ្វើ​ការ​ស្រុក​គេ លោក​បាន​ចូលរួម​ទទួលទាន​អាហារ​ជាមួយ និង​បាន​សាកសួរ​ដូច​អ្នកសុំទាន​ខាងលើ​ដែរ តែ​ចម្លើយ​គឺ​សុខចិត្ត​បញ្ចេញ​ពលកម្ម​លុះ​ក្ស័យ ក៏​មិន​លើកដៃ​សុំទាន​គេ​ជាដាច់ខាត​។ ហើយ​ក្រោយមក លោក​ឧកញ៉ា បាន​សាង​សង់ផ្ទះ​ចំនួន​៦៣​ខ្នង​ស្មើនឹង​១២៦​បន្ទប់ បណ្ដោយ​ប្រែង ១២​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ចែកជូន​ពួកគាត់​បានរស់នៅ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ វត្ត​អារាម​។​ល​។​

​លោក​ឧកញ៉ា​ចិត្តសប្បុរស​រូបនេះ​បាន​ចោទ​ជា​សំណួរ​នៅលើ​បណ្ដាញ​សង្គម​ថា មុននឹង​ធ្វើអំណោយទាន តើ​យើង​ត្រូវ​ជ្រើស​រើសយក​ជម្រើស​ទី​១​ឬ​ទី​២?
​អត្ថបទ​៖ ថោ ច័ន្ទ​ឬ​ទ្ធិ​/Sabay​