ឧកញ៉ា​ម្នាក់​ម្ចាស់​សណ្ឋាគារ​នៅ​ខេត្តព្រះវិហារ​ប្រកាស​ផ្តល់​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩

124
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​៖​នៅ​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​នេះ​ម្ចាស់​សណ្ឋាគារ​ព្រះវិហារ​ជ័យ​បានប្រកាស​ផ្តល់​ទីតាំង​សណ្ឋាគារ​របស់ខ្លួន ដែលមាន​ចំនួន​៤២​បន្ទប់ ក្នុង​ខេត្តព្រះវិហារ​។​ដើម្បីឱ្យ​មន្ទីរ​សុខាភិបាល​ខេត្ត ប្រើប្រាស់​សម្រាប់​ជា​កន្លែង ត្រៀម​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។​ក្រៅតែពី​ការផ្តល់​សណ្ឋាគារ​របស់​ខ្លួន សម្រាប់​ជា​កន្លែង​ទទួល​ព្យាបាល​ជំងឺ​ហើយ​នោះ​ម្ចាស់​សណ្ឋាគារ​នេះ​ក៏បាន​ធានា​ចេញ​ប្រាក់​ថ្លៃ​ទឹក​ភ្លើង ដែល​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ផងដែរ​។

​ឧកញ៉ា អ៊ឹង ឃាង ម្ចាស់​សណ្ឋាគារ​ព្រះវិហារ​ជ័យ បានឱ្យដឹងថា ការសម្រេច​ផ្តល់​ទីតាំង​សណ្ឋាគារ​នេះ​ធ្វើឡើង​តប​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ។​ដែល​សម្តេច​តេ​ជោ​បានប្រកាស​នៅថ្ងៃនេះ ឱ្យ​តាម​បណ្តា​ខេត្ត​ស្វែងរក​ទីតាំង​សម្រាប់​តៀម​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។ ដូច្នេះ​សម្រាប់​ខេត្តព្រះវិហារ អាចទាក់ទង​ប្រើប្រាស់​សណ្ឋាគារ​ព្រះវិហារ​ជ័យ នៅ​ឃុំ​ស្រអែម តំបន់​ប្រាសាទព្រះវិហារ ដើម្បី​ទទួល​ឱ្យ​អ្នកជំងឺ​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​។​

​លោក​ឧកញ៉ា អ៊ឹង ឃាង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​”​ខ្ញុំបាទ អ៊ឹង ឃាង ម្ចាស់​សណ្ឋាគារ​ព្រះវិហារ​ជ័យ នៅ​ឃុំ​ស្រអែម តំបន់​ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ សូម​ចូលរួម​ជាមួយ​មន្ទីរ​សុខា​ភិ​បា​ខេត្តព្រះវិហារ ។បើ​មាន​ប្រជាពលរដ្ឋ​កម្ពុ​ជាណា មាន​រោគសញ្ញា​នៃ​ជំងឺ Covid-19 សណ្ឋាគារ​ខ្ញុំបាទ​ទទួល​ឱ្យ​អ្នកជំងឺ​ស្នាក់នៅ​ដោយ​មិនមាន​គិតថ្លៃ​ឡើយ ហើយ​ថ្លៃ​អគ្គិសនី និង​ថ្លៃ​ទឹក ក៏​ខ្ញុំ​ជា​អ្នកចំណាយ​ទាំងអស់​”​។​

​សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ បានចេញ​បទបញ្ជា​ថ្មី និង​បន្ទាន់​មួយ​ទៅកាន់​អភិ​បា​ខេត្ត​ទាំង​២៤ ឱ្យ​រៀបចំ​ទីតាំង​,​សណ្ឋាគារ ,​ផ្ទះសំណាក់​, សាលារៀន​, និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​មួយចំនួន ទុក​សម្រាប់​ព្យាបាល​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ (COVID-19)​។​បទបញ្ជា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើឡើង​បន្ទាប់ពី​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា បានកើត​ឡើងជា​បន្តបន្ទាប់​រហូតដល់​៨៦​ករណី និង​រីក​សាយភាយ​រហូតដល់​១៣​រាជធានី​-​ខេត្ត​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ ករណី​វិជ្ជមាន​កូ​វីដ​១៩ ន​កម្ពុ​ជាមាន​ចំនួន​សរុប​៨៦​នាក់​ហើយ​ស្រី​២​ម្នាក់​ប្រុស​៦៥​នាក់ ដែល​ក្នុងនោះ​មាន​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ បានជា​សះស្បើយ​។​អង់គ្លេស ៣​នាក់​ក្នុងនោះ​មាន​១​នាក់​បានជា​សះស្បើយ​ហើយ​។​កាណាដា​ម្នាក់​ប៊ែ​ល​ហ្សិ​ក​ម្នាក់​បារាំង​៣៣​នាក់ ក្នុងនោះ​មានកូន​ប្រុស​បង្កើត​អាយុ​៤​ខែ​។​ម៉ាឡេស៊ី​១២​នាក់​និង​ខ្មែរ​៣៣​នាក់​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ក្រុមការងារ​របស់ខ្លួន កំពុងតែ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ករណី​ថ្មី​បន្តទៀត ហើយនឹង​បន្ត​ជម្រាបជូន​ប្រជាពលរដ្ឋ ប្រសិនបើ​មាន​ករណី​វិជ្ជមាន​កូ​វីដ​១៩ ថ្មី​ណា​ផ្សេងទៀត​៕S/​