ឧកញ៉ា គួរតែ​ជា​មនុស្ស​បែបណា​?

300
ចែករម្លែក

នៅ​ប៉ុន្មាន​ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ ឧកញ៉ា​ល្បីៗ យ៉ាងហោចណាស់​បីនាក់ ត្រូវ​ចាប់ឃុំខ្លួន ព្រោះ​សំណុំរឿង​គ្រឿងញៀន បញ្ហាដីធ្លី និង​ព្រៃឈើ​។ ក្នុងនោះ រួមមាន អ្នកឧកញ៉ា គិត ធាង ថៅកែ​ក្លិប​កម្សាន្ត​រ៉ក់ នៅ​ភ្នំពេញ​ពាក់ព័ន្ធ​បញ្ហា​គឿង​ញៀន ឧកញ៉ា សុខ ប៊ុន ពាក់ព័ន្ធ​បញ្ហាដីធ្លី នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ និង​ឧកញ៉ា ស៊ឹង សំអុល ពាក់ព័ន្ធ​បទ ល្មើស​ព្រៃឈើ នៅ​ខេត្តមណ្ឌលគិរី​។​

​គេ​នៅចាំ​មិនទាន់​ភ្លេច​ទេ ប៉ូលិស​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន នៅ​ម​ជ្ឈ មណ្ឌល​កម្សាន្ត​រ៉ក់ ជាប់​សាលា​ច្បាប់ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ម៉ោង ០១:៤៥ ទៀបភ្លឺ ថ្ងៃទី​២២ ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ៣១១​នាក់ ( ស្រី ៥៦​នាក់ ) និង​វត្ថុតាង​ជា​គ្រឿងញៀន​សរុប​មិនតិចជាង ៥០​គីឡូក្រាម​ទេ​រួមទាំង ជញ្ជីង​ថ្លឹង​គ្រឿងញៀន ១២ និង​កាំភ្លើងខ្លី​មួយ​ដើម​។

​រហូតដល់​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៩ អ្នកឧកញ៉ា គិត ធាង ថៅកែ​រ៉​ក់បាន​ចូល សារភាព និង​ត្រូវ​ប៉ូលិស​នាំខ្លួន​ទៅ​តុលាការ ចោទប្រកាន់ និង​សម្រេច​ឃុំខ្លួន​បណ្តោះ អាសន្ន នៅ​ពន្ធនាគារ PJ​។

​ដោយឡែក កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ របស់​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា សម្រេច​ឃុំខ្លួន​លោក​ឧកញ៉ា សុខ ប៊ុន ពាក់ព័ន្ធ​ការរំលោភ​ដី​ខុសច្បាប់ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ លោក​ឧកញ៉ា សុខ ប៊ុន ត្រូវបាន​ចាប់ខ្លួន រួម​នឹង​មន្ដ្រី​អាជ្ញាធរ​សង្កាត់​កោះរ៉ុង ចំនួន ៥​នាក់​ផ្សេងទៀត ពាក់ព័ន្ធ​ការរំលោភ​ដី​ខុសច្បាប់ នៅ​កោះរ៉ុង​។​

​រំលង​បានតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ពោលគឺ​នៅ​រសៀល​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ គណៈ កម្ម​ការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ទ្រង់ទ្រាយ​ធំ នៅ​ខេត្តមណ្ឌលគិរី​។ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​កង កម្លាំងប្រដាប់អាវុធ បាន​ចាប់ខ្លួន​មនុស្ស​បួន​នាក់ ក្នុងនោះ មាន​ឧកញ៉ា ស៊ឹង សំអុល ដែលជា​ឈ្មួញ​ឈើ​ល្បីល្បាញ​យូរ​ឆ្នាំ​មកហើយ​។ រហូតដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ តុលាការ​សាលាដំបូង ខេត្តមណ្ឌលគិរី សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​លោក​ឧកញ៉ា ស៊ឹង សំអុល រួមទាំង​បក្ខពួក ដាក់ពន្ធនាគារ រង់ចាំ​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ កម្ម​ព្រៃឈើ​។​
​ ​
​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ “​ឧកញ៉ា​” ថា​ជា​ពាក្យ​ប្រើ​ជា​ឋានន្តរស័ក្តិ​នៃ​មន្ត្រី​ថ្នាក់​ខ្ពស់ជាង​ទី ព្រះ សំដៅ​សេចក្ដី​ថា “​អ្នកចេះ ត្រួតត្រា មុខការ ក្នុង​ក្រសួង ឬ​នាទី​របស់ខ្លួន​”​។ ឧកញ៉ា មកពី​ពាក្យ​ខ្មែរ “​ឧក ឬ អុក​” មានន័យថា “​ត្រួតត្រា​ពេញ​អំណាច​” + ពាក្យ​បាលី “​ញា​” ដែលមាន​សេចក្តី​ថា “​ដឹង​; ចេះ​; ស្គាល់​”​។ ប្រើ​តាម​លំដាប់ថ្នាក់​ស័ក្តិធំ​តូច​ថា លោកអ្នកឧកញ៉ា​…, អ្នកឧកញ៉ា​…, ឧកញ៉ា​… (​មាននិយាយ​ក្នុង​ច្បាប់​ទម្រង់ស័ក្តិ​)​។
​ ​
​ក៏ប៉ុន្តែ “​ឧកញ៉ា​” ក្នុងសម័យ​បច្ចុប្បន្ន សំដៅ​ដល់​អ្នកមាន​លុយ ជា​មហាសេដ្ឋី ដែល​បាន បរិច្ចាគ​លុយ​និង​សម្ភារៈ​ជួយ​សង្គម ចាប់ពី ១០​ម៉ឺន​ដុល្លារ នឹង​ទទួលបាន​ងារ​ជា “​ឧកញ៉ា​”​។ នេះ​បើតាម​អនុក្រឹត្យ​របស់​នាយករ​ដ្ឋ​មន្ត្រី ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​១៩៩៤​។​

​ប៉ុន្តែ​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ អនុក្រឹត្យ កំណត់ថា គោរមងារ “​ឧកញ៉ា​” ត្រូវ​ឡើងថ្លៃ​ពី ១០​ម៉ឺន​ដុល្លារ​អាមេរិក ទៅ ៥០ ម៉ឺន​ដុល្លារ​ដុល្លារ​។ ពោលគឺ​ទាល់តែ​សប្បុរសជន ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារៈ មានតម្លៃ​លើសពី ៥០​ម៉ឺន​ដុល្លារ នឹងត្រូវ​បាន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១ និង​ត្រូវ បាន​រដ្ឋាភិបាល ស្នើសុំ​ព្រះមហាក្សត្រ ប្រទាន​គោរមងារ​ជា “​ឧកញ៉ា​”​។

​គិត​ចាប់ពី​ឆ្នាំ​១៩៩៤ មក​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០១៤ ឧកញ៉ា នៅ​កម្ពុជា ត្រូវបាន​គេ​ផ្សព្វផ្សាយ ថា មាន​ចំនួន ៧០៤ នាក់​។ គោរមងារ “​ឧកញ៉ា​” ត្រូវបានតែងតាំង​ដោយ​ព្រះរាជក្រឹត្យ ចេញ​ដោយ​ព្រះមហាក្សត្រ តាម​ការ​ទូល​ក្រាបបង្គំ ស្នើ​សូមពី​នាយករដ្ឋមន្ត្រី​។​

​មួយរយៈ​ចុងក្រោយ​នេះ ដោយសារតែ​កំណើន​មហាសេដ្ឋី​ច្រើន ហើយ​អ្នកទទួលបាន គោម​ងារ​ជា​ឧកញ៉ា​ក៏​ច្រើន ពោលគឺ​បើសិន​ក្នុង​ត្រកូល​អ្នកមាន​លុយ បើ​ឪពុក ឬ​ម្តាយ ជា​ឧកញ៉ា នោះគេ​ចាត់ចែង​ឲ្យ​កូនៗ​ទាំងស្រី​ទាំងប្រុស​ក្នុង​ត្រកូល​នោះ​ក្លាយជា​ឧកញ៉ា ទាំងអស់​។​
​ ​
​ក្រៅពី​ឧកញ៉ា​ល្បី​ល្បាយ ទាំងបី​នាក់ ( អ្នកឧកញ៉ា គិត ធាង ឧកញ៉ា សុខ​ប៊ុន និង​ឧកញ៉ា ស៊ឹង សំអុល ) ដែល​ត្រូវបាន​ចាប់ឃុំខ្លួន ដោយសារតែ​បទឧក្រិដ្ឋ​គ្រឿងញៀន បញ្ហាដីធ្លី និង​បញ្ហា​ព្រៃឈើ ក៏​នៅមាន​ឧកញ៉ា​ខិលខូច​មួយចំនួនទៀត ដែល​ធ្វើ​ឲ្យ​រាស្ត្រ​រង​ទុក្ខ វេទនា ក្នុង​បញ្ហាដីធ្លី និង​បង្កបញ្ហា​ដល់​សង្គមជាតិ នាំ​ឲ្យ​ខូច​បរម​ងារ​ឧកញ៉ា បាត់បង់​តម្លៃ សេចក្តីថ្លៃថ្នូរ និង​ការគោរព​ពី​សាធារណជន​។​

​ឧកញ៉ា​ខិលខូច​មួយចំនួន​នេះ មិន​ត្រឹមតែ​ប្រព្រឹត្ត ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ឧកញ៉ា ដែល​សុចរិត ប៉ុណ្ណោះ​ទេ តែ​ឧកញ៉ា​ខិលខូច​មួយចំនួន​នេះ ក៏បាន​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានទូល ស្នើ​សូម​គោម​ងារ​ឧកញ៉ា​ឲ្យ​ព្រមទាំង​ធ្វើ​ឲ្យ​ខូច ព្រះនាម ព្រះមហាក្សត្រ ដែល​បាន​ប្រទាន​គោរមងារ​ដល់​ឧកញ៉ា​ទាំងនោះ​។​

​ប៉ុន្តែ​យ៉ាងណា​ក៏ដោយចុះ ក៏មាន​ឧកញ៉ា​សុចរិត​ជាច្រើនរូប ដែលមាន​ទ្រព្យ​ប្រកបដោយ ធម៌ បានមក​ដោយ​ធម៌ និង​កើត​ទ្រព្យសម្បត្តិ​ឡើង​ដោយ​ធម៌​។ ឧកញ៉ា​សុចរិត​ទាំងនេះ សម​ទទួលបាន​គោរមងារ ឧកញ៉ា ព្រមទាំង​ទទួលបាន​នូវ​ការគោរព​អបអរសាទរ​ពី សាធារណជន​។ ឧកញ៉ា​ល្អៗ​ជាច្រើន​នោះ ក៏បាន​ធ្វើអំពើ​ល្អ បរិច្ចាគ​ធនធាន​ទ្រព្យសម្បត្តិ ជួយ​ដល់​សង្គម ដាក់ទុន​វិនិយោគ បង្កើត​ការងារ​ធ្វើ និង​ជួយ​រាជរដ្ឋាភិបាល ក្នុងការ កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​យ៉ាងច្រើន​ផងដែរ​។​

​សរុបមក រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​សមត្ថកិច្ច មិនគួរ​លើកលែង​ដល់​ឧកញ៉ា​ខិល ខូច​មួយចំនួន​តូច ដែល​រកស៊ី​ទុច្ចរិត ពាក់ព័ន្ធ​គ្រឿងញៀន រំលោភ​ដីធ្លី និង​កាប់​ឈើ ដែល​នាំ​ឲ្យ​ខូច​ឈ្មោះ​ដល់​ឧកញ៉ា​ល្អៗ​ផ្សេងទៀត​។

​ក្នុង​យុទ្ធនាការ​បោសសម្អាត​ជនល្មើស​ដែលមាន​ងារ​ជា​ឧកញ៉ា​នេះ រាជរដ្ឋាភិបាល និង​អាជ្ញាធរ​សមត្ថកិច្ច ក៏ត្រូវ​ជីក​ឲ្យ​ដល់​ឫសគល់ ពិសេស​ខ្សែបណ្តាញ ដែលជា​មន្ត្រី ជំនាញ​គ្រប់​ជាន់ថ្នាក់ រហូតដល់​អាជ្ញាធរ​សមត្ថកិច្ច​រាជ​ធានី​ខេត្ត និង​ថ្នាក់ជាតិ ព្រោះថា បទល្មើស​គ្រឿងញៀន​ក៏ដោយ ការរំលោភបំពាន​ដីធ្លី​ក៏ដោយ​ឬក៏​បទល្មើស​ព្រៃឈើ ក៏ដោយ បើសិនជា​អាជ្ញាធរ​សមត្ថកិច្ច មិន​ស៊ីលុយ​ស៊ី​កាក់​របស់​ជនល្មើស ឬ​ឈ្មួញ​ខិល ខូច​ទេ នោះ​ក៏​ជនល្មើស និង​ឈ្មួញ​ខិលខូច មិនអាច​ប្រកបមុខរបរ​ឧក្រិដ្ឋ​រាប់​ឆ្នាំ​នោះ កើត​ដែរ​៕​ដោយៈ ម៉េង​ឆៃ​