ឧកញ៉ា ជួប ច័ន្ទ ពាក់ព័ន្ធ​ការចេញ​សែក​គ្មាន សាច់ប្រាក់​ជាង​មួយ​លាន​ដុល្លារ​បាន​ត្រឡប់ទៅផ្ទះ​វិញ

375

(​ភ្នំពេញ​)៖ ឧកញ៉ា ជួប ច័ន្ទ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ចេញ​សែក​គ្មាន​សាច់ប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក ត្រូវបាន​លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ នៅ​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ តែ​នីតិវិធី​នៅ​បន្ត​ដដែល ពោល​នៅពេល​តំណាង​អយ្យការ​កោះហៅ​ពេលណា ត្រូវ​ចូលទៅ​បំភ្លឺ​នៅពេលនោះ​។​

​មន្ត្រី​តុលាការ​បញ្ជាក់ថា ចំពោះ​មូលហេតុ​នៃ​ការអនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​នេះ ដោយសារ​យោង​លើ ដីកា​សម្រេច​រក្សា​ការពារ​ស្តីពី​​ការ​រឹបអូស​ជា​បណ្ដោះអាសន្ន លេខ​២៩៧”​ង​”​ដ​.​រ ចេញ​ដោយ​លោក ហេង សុខ​ណា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅ ។​

​មន្ត្រី​ដដែល​បាន​បន្តថា យោងតាម​ដីកា​សម្រេច​រក្សា​ការពារ ស្តីពី​ការ​រឹបអូស​ជា​បណ្ដោះអាសន្ន នេះ គឺ​សបញ្ជាក់​ឱ្យឃើញថា​សែក​នេះ​ត្រូវ​បាន​អស់​សុពលភាព​ហើយ​។ ដូច្នេះ វា​មិនអាច​បង្កើតបានជា​បទ​ល្មើស​ទេ​។ ទោះបីយ៉ាងណា មន្ត្រី​ដដែល​សង្កត់ធ្ងន់ថា ឧកញ៉ា ជួប ច័ន្ទ ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មែន តែ​នីតិវិធីតុលាការ​នៅ​ដដែល​។​

​ឧកញ៉ា ជួប ច័ន្ទ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​ព្រលប់​​ថ្ងៃទី​១២ ខែកញ្ញា ពាក់ព័ន្ធ​ការចេញ​សែក​គ្មាន​សាច់ប្រាក់​ជាង​មួយ​លាន​ដុល្លារ តាម​ការឯកភាព​ឱ្យ​ឃាត់ខ្លួន​របស់លោក ស៊ិន វីរៈ​ព្រះរាជ​​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាន បញ្ជាក់ថា លោក លីវ វុទ្ធី តំណាងឱ្យ​ក្រុមហ៊ុន គឹម កៅ ដែលជា​កូនប្រុស​លោក​ឧកញ៉ា គឹម ហាប់​បានដាក់​ពាក្យ​ប្តឹង​​ឧកញ៉ា ជួប ច័ន្ទ ពីបទ​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​ចំនួន​ជាង​មួយ​លាន​ដុល្លារ​អាមេរិក ។​

​ប្រភព​បន្តថា ករណី​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​នេះ​គឺ ឧកញ៉ា ជួប ច័ន្ទ បាន​រកស៊ី​ជាមួយ ក្រុមហ៊ុន​លោក​ឧកញ៉ា គឹម កៅ​លើ​​ទឹកប្រាក់​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ក្រោយមក លោក​ឧ​ញ៉ា គឹម កៅ បាន​ទារប្រាក់​នេះ​វិញ ទើប​ឧកញ៉ា ជួប ច័ន្ទ​ចេញ​សែក​​ឲ្យ​ទៅ​ឧកញ៉ា គឹម កៅ ដែលមាន​ទឹកប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក ដោយបាន​កំណត់ ឱ្យទៅ​បើក​នៅ​ធនាគារ​នៅ​ថ្ងៃទី​៣០ ខែកក្កដា​ឆ្នាំ ២១០៧​។​

​ប៉ុន្តែ​ពេល​ភាគី​ឧកញ៉ា គឹម កៅ យក​សែក​ទៅ​បើក​លុយ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មកវិញ​ថា​មូលប្បទានប័ត្រ​នេះ​គ្មាន​សាច់ប្រាក់​ទេ ។ ក្រោយ​បានទទួល​ពាក្យបណ្តឹង​របស់លោក លីវ វុទ្ធី រួចហើយ សមត្ថកិច្ច​បាន​អញ្ជើញ​ឧកញ៉ា ជួប ច័ន្ទ ឱ្យចូល​បំភ្លឺ​លើ​ពាក្យបណ្តឹង​នេះ​។ ពេល​ឧកញ៉ា ជួប ច័ន្ទ ចូល​បំភ្លឺ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ៕​ដោយៈ​ស​រិ​ទ្ធ​/sn