ឧកញ៉ា សៀ ឫទ្ធី ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​រឿង ដី ផ្ទះ លក់​ថោកៗ​ពេញ​ហ្វេ​ស​ប៊ុ​ក​

1026

​តាមរយៈ​បទសម្ភាសន៍​ដោយផ្ទាល់​ជាមួយ Sabay ឧកញ៉ា សៀ ឫទ្ធី ស្ថាបនិក​ក្រុមហ៊ុន WorldBridge ដ៏​ធំ​មួយ​ក្នុងប្រទេស​កម្ពុជា បាន​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​រឿង ដី ផ្ទះ​ប្រកា​សលក់​ថោកៗ​ពេញ​ហ្វេ​ស​ប៊ុ​ក​ត្រឹម​១​ម៉ឺន​ដុល្លារ ២​ម៉ឺន​ដុល្លារ គ្មាន​ការប្រាក់ គ្មាន​លុយ​កក់ ប្រយ័ត្ន​យកលុយ​ឱ្យគេ​ទទេៗ​។​

​អ្នកជំនួញ​ដ៏​ល្បីល្បាញ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ បន្តទៀតថា ប្រជាពលរដ្ឋ​គួរ​ប្រយ័ត្ន​ពីព្រោះ​បើ​និយាយ​ពី​វិស័យ​អចលនទ្រព្យ មិនដឹងថា​នរណា​ជា​នរណា​ទេ​។ ឧទាហរណ៍​ថា អ្នកលក់​មាន​ដី​មួយ​ឡូត៍​ពុះ​លក់​នៅក្នុង​ប្លង់​មេ​មិនបាន​ដាក់ថា កន្លែង​ណា​លូ​? កន្លែង​ណា​ផ្លូវ​ទេ​? ហើយ​នៅពេលដែល​រដ្ឋ​ចេញ​ច្បាប់​មក​ត្រូវ​ថយ​ចេះ ត្រូវ​កាត់ អ្នក​ដែល​ប៉ះពាល់​គឺ​អ្នកទិញ​នោះ​ហើយ​។ ដូច្នេះ​នៅពេល​មាន​បញ្ហា​តើ​ទៅ​សួរ​អ្នកណា​? តើ​អ្នកណា​ជា​អ្នកដោះស្រាយ​?

​មកដល់​ចំណុច​នេះ​លោក ឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​លើកទឹកចិត្ត​គាត់​ឱ្យទៅ​ទិញ​ដី ផ្ទះ​ទាំង​នោះទេ មុននឹង​ទិញ​ត្រូវ​ពិនិត្យមើល​ក្រុមហ៊ុន​ឱ្យបាន​ច្បាស់លាស់ បើ​គ្រាន់តែ​ជា​បុគ្គល​ម្នាក់​ប្រជាពលរដ្ឋ​មិនគួរ​ប្រថុយ​នោះទេ បើ​ប្រថុយ​មនុស្ស​ម្នាក់​យកលុយ​យើង​បាត់ តើ​យើង​ទៅរក​រឿង​អ្នកណា​? បើជា​ក្រុមហ៊ុន​មាន​រដ្ឋ​ជា​អាណាព្យាបាល​ការពារ ហើយ​ចំពោះ​បុគ្គល​ពន្ធ​ក៏​មិន​បង់ ឈ្មោះ​ក្រុមហ៊ុន​ក៏​មិនមាន​​»។

​លោក​ឧកញ៉ា សៀ ឫទ្ធី បានផ្ដល់​ជា​យោបល់​ថា ដើម្បី​ជៀសវាង​ករណី​ទិញ​ដី ឫ​ផ្ទះ​ចាញ់បោក​គេ ត្រូវ​សិក្សា​ទៅលើ​បញ្ហា​មួយចំនួន​ដូចខាងក្រោម​៖

១. ត្រូវ​សិក្សា​ផ្លូវច្បាប់​ឱ្យបាន​ច្បាស់លាស់ ថា​តើ​ដី​នៅ​តំបន់​នោះ ស្ថិតនៅក្នុង​ដី​ប្រភេទ​ណា​? ជា​ដី​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ឬទេ​? តើ​មានច្បាប់​អនុញ្ញាតឱ្យ​ពុះ​លក់​ឬក៏​អត់​?

២. ប្រជាពលរដ្ឋ​ត្រូវ​សិក្សា​មើលថា ជា​ក្រុមហ៊ុន​អ្វី​? មាន​ចុះបញ្ជី​ច្បាស់លាស់​ឬក៏​អត់​?

៣. ត្រូវ​ពិចារណា​ថា ដី ឫ​ផ្ទះ​លក់​ថោកៗ​គ្មាន​ការប្រាក់ គ្មាន​ប្រាក់​កក់​នោះ ប្រាកដជា​មិនអាច​ទុកចិត្ត​បានទេ ទោះ​តម្លៃ​ត្រឹម ៥ ០០០​ដុល្លារ ឫ​៦ ០០០​ដុល្លារ តែ​នេះ​ជា​លុយ​ដែល​ប្រជាពលរដ្ឋ​ខំរ​កដោយ​លំបាក ជា​ញើស​ជា​ឈាម​យក​ឱ្យគេ​ស្រួលៗ​ម្ល៉េះ​?

​អត្ថបទ​៖ ថោ ច័ន្ទ​ឬ​ទ្ធិ
ប្រភព​៖sabay​