ឧក្រិដ្ឋជន​ម្នាក់ ដែល​ហែក​គុក​រត់គេចខ្លួន​តាម​ឧទ្ធម្ភាគចក្រ​ដូច​ក្នុង​រឿង​ហូលីវូដ ត្រូវ​ប៉ូលិស​បារាំង​តាម​ចាប់ខ្លួនបាន​មកវិញហើយ​

772
ចែករម្លែក

​ប្រភព​មួយ​ដែល​ជិតស្និទ្ធ​នឹង​ការស៊ើបអង្កេត​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣​តុលា​ថា ឧក្រិដ្ឋជន​ម្នាក់ ដែល​ហែក​គុក​រត់គេចខ្លួន​តាម​ឧទ្ធម្ភាគចក្រ​ដូច​ក្នុង​រឿង​ហូលីវូដ ត្រូវបាន​គេ​ចាប់ខ្លួនបាន​នៅ​ភាគ​ខាងជើង​ប្រទេស​បារាំង បន្ទាប់ពី​រត់គេចខ្លួន​អស់​រយៈពេល ៣ ខែ​។​

​ប្រភព​មួយ​បាន​និយាយថា ចោរប្លន់​សញ្ជាតិ​បារាំង​ឈ្មោះ រី​ឌ័​ន ហ្វេ​ដ (Redoine Faid) ត្រូវបាន​ចាប់ខ្លួន​អំឡុង​ពេលយប់ នៅ​តំបន់​អយ​ស៍ (Oise) ភាគ​ខាងជើង​ទីក្រុង​ប៉ារីស​រួមជាមួយ​បុរស​៣​នាក់​ផ្សេងទៀត ក្នុងនោះ​មាន​ទាំង​បងប្រុស​របស់​ជននេះ​ផងដែរ​។​

​ការ​ប្រមាញ់​ចោរ​ទ្រង់ទ្រាយ​ធំ​បានចាប់ផ្តើម​បន្ទាប់ពី​ការរត់​គេចខ្លួន​របស់ រី​ឌ័​ន ហ្វេ​ដ កាលពី​ថ្ងៃទី ១ ខែកក្កដា ដែល​ក្នុងនោះ​ជន​សមគំនិត​ប្រដាប់អាវុធ​២​នាក់​បាន​ប្រើ​គ្រាប់បែក​ផ្សែង​និង​ម៉ាស៊ីន​ឆាប​ដែក​ដើម្បី​ទម្លុះ​ទ្វារ​និង​រំដោះ​ហ្វេ​ដ​យកទៅ​កាន់​ឧទ្ធម្ភាគចក្រ​ដែល​កំពុង​រង់ចាំ​ស្រាប់​។​

​ហ្វេ​ដ ដែលជា​ឧក្រិដ្ឋជន​អាជីព​ធ្លាប់​ត្រូវបាន​ផ្តន្ទាទោស​ជាច្រើន​ករណី​ពីបទ​ប្លន់​ប្រដាប់អាវុធ បាន​រត់គេចខ្លួន​យ៉ាង​លឿន​ពី​ពន្ធនាគារ​នៅ​សហគមន៍​រី​វ (Reau) ស្ថិតនៅ​ចម្ងាយ ៥០ គីឡូម៉ែត្រ​ពី​ភាគ​អាគ្នេយ៍​ទីក្រុង​ប៉ារីស​។​

​បុរស​២​នាក់​បន្លំ​ធ្វើជា​សិស្សសាលា​បើកបរ​យន្តហោះ ដែល​ធ្លាប់​ហាត់​អំពី​ការណែនាំ​ពី​របៀប​បើក​យន្តហោះ​ដែរនោះ បាន​បង្ខំ​គ្រូបង្ហាត់​បើកបរ​ឧទ្ធម្ភាគចក្រ​ម្នាក់​ឱ្យ​ដឹក​ពួកគេ​ទៅ​ពន្ធនាគារ​ដោយ​យក​កាំភ្លើង​ភ្ជង់​ក្បាល​គាត់​។​

​អ្នកបើកបរ​ដ៏​ភ័យខ្លាច​រូបនោះ​បាន​ចុះចត​នៅ​ទីធ្លា​មួយ ដែលជា​ផ្នែក​តែមួយគត់​នៃ​ពន្ធនាគារ​ដែល​មិន​ត្រូវបាន​បំពាក់​ជាមួយ​សំណាញ់​ប្រឆាំងនឹង​ឧទ្ធម្ភាគចក្រ ដោយ​បង្ជាការជជែកវែកញែក​យ៉ាង​ក្តៅគគុក​នៅ​ប្រទេស​បារាំង​ថា​តើ​ពន្ធនាគារ​របស់​ប្រទេស​នេះ​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ហើយ​ឬ​នៅ​។​

​ហ្វេ​ដ បាននិងកំពុង​បំពេញ​រយៈពេល​ជាប់គុក ២៥ ឆ្នាំ​របស់ខ្លួន​ជុំវិញ​ករណី​ប្លន់​បរាជ័យ​មួយ​កាលពី​ឆ្នាំ ២០១០ ដែល​បណ្តាលឱ្យ​ប៉ូលិស​ស្រី​ម្នាក់​ស្លាប់ បើទោះបីជា​ហ្វេ​ដ​អះអាងថា​ការស្លាប់​របស់​ប៉ូលិស​នោះ​គឺជា​ការ​ចៃដន្យ​ក៏ដោយ​។​

​ប៉ូលិស​ជំនាញ​ប្រហែល ១០០ នាក់​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​តាមដាន​បុរស​វ័យ ៤៦ ឆ្នាំ​រូបនេះ ដែល​រួច​ផុតពី​ការចាប់ខ្លួន​បានមក​វិញ​យ៉ាង​ប្រផុតប្រផើយ តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ហែក​គុក​តាម​ឧទ្ធម្ភាគចក្រ និង​ត្រូវ​បង្ខំចិត្ត​បោះបង់ចោល​រថយន្ត​ផ្ទុក​ដោយ​គ្រឿងផ្ទុះ​មួយគ្រឿង​។​

​ហ្វេ​ដ ក៏​ធ្លាប់​ហែក​គុក​ម្តង​ដែរ​កាលពីមុន ដោយ​រត់គេចខ្លួន​បាន ៦ សប្តាហ៍ កាលពី​ឆ្នាំ ២០១៣៕ ដោយ៖ កញ្ញាដាលីស

រី​ឌ័​ន ហ្វេ​ដ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​ហែក​គុក​បាន ៣ ខែ