ឧត្ដមសេនីយ៍ត្រី ទូច យុ​ទ្ធា​៖ អ្នកលក់​ឡេ​តាម Online ទាំងអស់​នឹងត្រូវ​ចាប់​ជា​បន្តបន្ទាប់​

863
ចែករម្លែក

ថ្លែង​មកកាន់ Sabay នៅ​រសៀល​នេះ​ឧត្ដមសេនីយ៍ត្រី ទូច យុ​ទ្ធា អនុ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែង​ក្លែង បានឱ្យដឹងថា លោក​នឹង​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​កន្លែង​លក់​ឡេ​តាម Online ជា​បន្តបន្ទាប់​ទៀត ឱ្យតែ​មិនមាន​សុំច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​

​ឧត្ដមសេនីយ៍ត្រី ទូច យុ​ទ្ធា បាន​បន្តទៀតថា រាល់​ផលិតផល​ទាំងអស់​ឱ្យតែ​ដាក់លក់​ជា​សាធារណៈ ត្រូវតែ​សុំច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួងពាណិជ្ជកម្ម ហើយ​បើ​ផលិតផល​ទាក់ទង​នឹង​ការថែរក្សា​ស្បែក​ត្រូវតែ​សុំច្បាប់ និង​ឆ្លង​ការ​ការត្រួតពិនិត្យ​ពី​ក្រសួងសុខាភិបាល ដើម្បី​ធានាថា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។ លោក​ឧត្ដម​នី​យ៍​ត្រី​រូបនេះ លើកឡើងថា ករណី​អ្នក​ផ្សព្វផ្សាយ​ឡេ​លាប​ស្បែក ឬ​ផលិតផល​ណាមួយ ជា​សាធារណៈ ដោយ​ពុំមាន​សុំច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ចាត់ទុកថា ជា​ផលិតផល​ក្លែងក្លាយ​នឹងត្រូវ​តែ​ចុះបង្ក្រាប​ទៅតាម​ច្បាប់​។​

​ចំពោះ​ករណី​ការចុះ​បង្ក្រាប អ្នក​លាយ​ឡេ​លក់​តាម Online ឈ្មោះ Love Riya លោក​ឧត្ដមសេនីយ៍ត្រី ទូច យុ​ទ្ធា បានឱ្យដឹងថា ដោយសារ​ស្ត្រី​រូបនោះ​ធ្វើការ​លាយ​ឡេ​លក់ ដោយ​យក​ផលិតផល ១១​មុខមក​បញ្ចូល​គ្នា​តែ​១ ហើយ​សុទ្ធសឹងតែ​មិនមាន​ការធានា​គុណភាព​ត្រឹមត្រូវ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​ដាក់ឈ្មោះ​ខ្លួនឯង លើ​ផលិតផល ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៀតផង​។ ដូច្នេះ​មានន័យថា ខុសច្បាប់​ទាំងស្រុង​ហើយ នឹង​ត្រូវតែ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។​

​ឧត្ដមសេនីយ៍ត្រី ទូច យុ​ទ្ធា បានធ្វើការ​សំណូមពរ​ទៅដល់​អ្នកសារព័ត៌មាន ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅកាន់​សមត្ថកិច្ច​ប្រសិនបើ​ដឹងថា កន្លែង​ណាមួយ​លាយ​ឡេ​លក់​គ្មាន​ច្បាប់​ត្រឹមត្រូវ​។ ចំណែកឯ​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ទាំងអស់ មុននឹង​ដាក់លក់​ជា​សាធារណៈ​ត្រូវ​ស្នើសុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​ពាក់ព័ន្ធ ដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ដើម្បី​កុំឱ្យ​មានការ​ខាតបង់​។ ដោយឡែក ចំពោះ​អ្នកប្រើប្រាស់​វិញ ត្រូវ​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ចំពោះ​ការប្រើ​ឡេ​លក់​តាម​អន​ឡាញ​ទាំងនោះ ព្រោះ​អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃក្រោយ​៕​អត្ថបទ​៖ ថោ ច័ន្ទ​ឬ​ទ្ធិ​/sn

#