ឧត្តមសេនីយ៍ព្រេម ទទួលមរណភាព​ដោយ​គាំងបេះដូង​ក្នុង​វ័យ​៩៨​ឆ្នាំ​

889
ចែករម្លែក

​ឧត្តមសេនីយ៍ ព្រេ​ម ទីន​ស៊ូ​ឡា​ណុន ប្រធាន​ក្រុម​ទីប្រឹក្សា​ព្រះមហាក្សត្រ​និង​ជា​រដ្ឋបុរស​ថៃ បាន​ទទួល​មរណភាព​នៅ​មន្ទីរពេទ្យ Phramongkutklao Hospital កាលពី​ថ្ងៃអាទិត្យ​​ទី​២៦​ឧសភា​។​

​លោក​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​ដោយ​មន្ត្រី​យោធា ដើម្បី​ព្យាបាល​កាលពី​ម៉ោង​៥​ព្រឹក និង​ត្រូវបាន​ប្រកាសថា​បាត់បង់​ជីវិត​នៅ​ម៉ោង​៩​ព្រឹក​។​

​ឧត្តមសេនីយ៍ព្រេម ជា​ប្រភេទ​បុគ្គល​បិតា​ជាតិ ដោយ​ជិតស្និទ្ធ​ខ្លាំង​នឹង​យោធា​និង​រាជវង្ស ជា​ទីប្រឹក្សា​ជា​ទី​ទុកចិត្ត​របស់​អតីតព្រះមហាក្សត្រ ភូមិបុន អា​ឌុល​យ៉ាដេ​និង​ជា​និមិត្ត​​រូប​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​កូនកាត់​របស់​ថៃ​។​

​លោក​បាន​កើត​នៅ​ថ្ងៃ​២៦​សីហា ឆ្នាំ​១៩២០ នៅ​ខេត្ត​សុង​ក្លា​ភាគខាងត្បូង​។​លោក​ត្រូវបាន​ដាក់ឈ្មោះថា ព្រេ​ម ដោយ​លោក​សង្ឃ​ប្រា រ៉ា​ត​តា​ណា​ថា​ត​មុនី ចំណែក​ឈ្មោះ ទីន​ស៊ូ​ណា​ណុន ត្រូវបាន​ស្តេច​រ៉ា​ម៉ា​ទី​៦​ប្រទាន​នៅ​ឆ្នាំ​១៩១៩​។​

​ក្រោយ​រៀន​ចប់​មធ្យមសិក្សា​នៅ​បាងកក​នា​ឆ្នាំ​១៩៣៧ លោក​បាន​ចូលរៀន​សាលា​បច្ចេកទេស​យោធា​នៅ​កងពល​រថក្រោះ មុន​ចូល​បំរើ​យោធា​និង​បាន​ចូលរួម​ក្នុង​សង្គ្រាម​ឥណ្ឌូ​​ចិន​និង​សង្គ្រាមលោកលើកទី​២​។​

អតីត​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុម​ទីប្រឹក្សា​ព្រះមហាក្សត្រ លោក​ព្រេម ទីន​ស៊ូ​ឡា​ណុន

​ក្រោយ​សង្គ្រាមលោកលើកទី​២ ឧត្តមសេនីយ៍ព្រេម ជា​នាយទាហាន​មួយរូប​នៅ​ខេត្ត​អ៊ុត​តា​រ៉ា​ឌី​ត​។​នៅ​ឆ្នាំ​១៩៥២ លោក​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អាមេរិក​នៅ​សាលា​រថ​​ក្រោះ​និង​ពេល​វិល​មក​វិញ​លោក​ក្លាយជា​មេបញ្ជាការរង​នៃ​សាលា​រថក្រោះ​នៅក្នុង​ខេត្ត​សា​រ៉ា​ប៊ូ​រី​។​

​ត្រូវបាន​ដំឡើង​ជា​ឧត្តមសេនីយ៍ លោក​ក៏​ត្រូវបាន​តែងតាំង​ជា​មេបញ្ជាការ​មជ្ឈមណ្ឌល​ក​ង​រថក្រោះ​នៅ​ឆ្នាំ​១៩៦៨​។​លោក​បាន​ធ្វើ​ជា​មេបញ្ជាការរង​នៃ​យោធា​ភូមិភាគ​២ ដែល​​ត្រួត​មើល​តំបន់ឦ​សាន្ត​នៅ​ឆ្នាំ​១៩៧៣ ។​នៅ​ឆ្នាំ​១៩៧៤ លោក​ត្រូវបាន​ដំឡើង​ដល់​ឧត្តមសេនីយ៍​ឯក​និង​ជា​មេបញ្ជាការ​ភូមិភាគ​២​និង​ជា​នាយសេនាធិការ​កងទ័ព​នៅ ឆ្នាំ​១៩៧៨​។​

​ឧត្តមសេនីយ៍ព្រេម​ជា​ស្ថាបនិក​ម្នាក់នៃ​ប្រវត្តិសាស្ត្រ​ថៃ​ទំនើប ដោយ​បាន​ផ្តល់​ការលើកលែងទោស​ដល់​ស​មាជិក​បក្ស​កុំម្មុយនិស្តនិងប​ញ្ចប់​ការតស៊ូ​ប្រដាប់អាវុធ​ចំណាស់​២​ទសវត្សរ៍​។​

​លោក​បាន​ចូលប្រឡូក​ក្នុង​នយោបាយ​លើកដំបូង​នៅ​ឆ្នាំ​១៩៥៩ និង​បាន​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​ចាប់​ពី​ឆ្នាំ​១៩៦៨​ដល់​១៩៧១ និង​សមាជិក​សភា​ចាប់ពី​ឆ្នាំ​១៩៧២​ដល់​១៩៧៣​។​

​លោក​បាន​ធ្វើ​ជា​អនុរដ្ឋមន្ត្រី​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​មុន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ទី​១៦ នៅ​ឆ្នាំ​១៩៨០​។​លោក​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុម​ទីប្រឹក្សា​ស្តេច​នៅ​ឆ្នាំ​១៩៩៨​។​លោក​នៅតែ​ជា​ក​ម្លោះ និង​ពេល​មួយ​លោក​បាន​ប្រកាសថា លោក​បាន​រៀបការ​ជាមួយ​កងទ័ព​៕​ដោយ​៖​វាសនា​

#