ឧត្តមសេនីយ៏ទោ ខេង រ៉ា ចូលរួម​អធិបតីសម្ពោធកុដិ១ខ្នងនៅវត្ត​សុវណ្ណគីរី ហៅវត្តតាពេន

268
ចែករម្លែក

ដោយ:ច័ន្ទគារ/សៀមរាប ៖ ឧត្តមសេនីយ៏ទោ ខេង រ៉ា មេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងលោកស្រី បានអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់កុដិ១ខ្នង ស្ថិតនៅវត្តសុវណ្ណគីរីហៅវត្តតពេន ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។

ព្រះភិក្ខុ រ៉ាន់ ម៉ៅ គង់នៅវត្តសុវណ្ណគិរីហៅវត្តតាពេន បានអានរបាយការណ៏សាងសង់ដោយបញ្ជាក់ថា កុដិ១ខ្នងថ្មីនេះកសាងអស់ទឹកប្រាក់ជាង២ម៉ឺនដុល្លារអាមេរិក ដោយប្រភពថវិកាបានមកពីសប្បុរសជននិងឧត្តមសេនីយ៏ទោ ខេង រ៉ា និងលោកស្រី អ៊ុក រីតា ដោយកសាងរយៈពេលប្រាំមួយខែ ។

ឧត្តមសេនីយ៏ទោ ខេង រ៉ា ក្នុងឪកាសនោះបានមានប្រសាសន៏ថា នេះជាសមិទ្ធផលថ្មីមួយនៅក្នុងវត្តដាច់ស្រយាលដែលបងប្អូនប្រជាពលរដ្ឋសហការគ្នាកសាង ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋអោយមានការរីកចម្រើន និងទុកជាកេរដំណែលទៅថ្ងៃអនាគត។

ឧត្តមសេនីយ៏ទោ ខេង រ៉ា ក៏មានប្រសាសន៏ដែរថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន បានចេញមុខយ៉ាងសកម្មក្នុងការអភិវឌ្ឍន៏វិស័យពុទ្ធចក្រនិងអាណាចក្រ ព្រោះថាកត្តាទាំងនេះមកពីព្រះរាជាណាចក្រកម្ពុជាមានសន្តិភាពពេញ​លេញ ដែលជាហេតុធ្វើអោយយើងគ្រប់គ្នាមានឪកាសរួមគ្នាកសាងសមិទ្ធផលទាំងនោះ។

នៅចំពោះមុខព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយ លោកតា និងប្រជាពលរដ្ឋ ឧត្តមសេនីយ៏ទោ ខេង រ៉ា បានថ្លែងបញ្ជាក់ថា វិស័យពុទ្ធសាសនាបច្ចុប្បន្នមានការរីកចម្រើនគួរអោយកត់សម្គាល់ ព្រោះថា ពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ត្រូវបានប្រជាពលរដ្ឋគោរពបូជាជិត១០០ភាគរយ។

ក្នុងឪកាសនោះដែរឧត្តមសេនីយ៏ទោ ខេង រ៉ា បានបញ្ជាក់ជូនក្នុងកម្មវិធីផងដែរ អំពីនយោបាយថ្មីៗដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសធ្វើអោយប្រទេសមួយនេះមានការអភិវឌ្ឍន៏ដោយសារប្រទេសមានសន្តិភាព។

ក្នុងឪកាសនោះឧត្តមសេនីយ៏ទោ ខេង រ៉ា និងលោកស្រី ព្រមទាំងអ្នករួមដំណើរបាននាំយកសារុង ក្រណាត់ស សៀវភៅ ប៊ិច និងថវិកា ដោយក្នុងនោះយាយជីតាជីចំនួន​១០០នាក់ ក្នុងម្នាក់ៗទទួលនាមក្រណាត់សមួយដុំនិងថវិកាប្រាំពាន់រៀល , ប្រជាពលរដ្ឋចំនួន៣០០នាក់ ក្នុងម្នាក់ៗទទួលបានសារុងមួយ , លោកគ្រូ អ្នកគ្រូ ចំនួន១៨នាក់ ក្នុងម្នាក់ៗទទួលបានសារុងមួយនិងថវិកាចំនួន២ម៉ឺនរៀល, សិស្សានុសិស្សចំនួនប្រាំមួយរយនាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ៣ក្បាល បិច១ដើម ខ្មៅដៃ១ដើម បន្ទាត់១ ជ័រលុប១ ដែកខូង១ និងថវិកាចំនួនប្រាំពាន់រៀល, និងប្រគេនថវិកាជូនដល់វត្តសុវណ្ណគីរីហៅវត្តតាពេនចំនួន២លាន៧សែនរៀល៕B/