ឧទ្ធរណ៍​នឹង​បើកសវនាការ​រឿងក្ដី​លោកស្រី ថាក់ ឡា​នី នៅ​ថ្ងៃទី​១០ ខែសីហា

350

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ខាងមុខនេះ សាលាឧទ្ធរណ៍ នឹង​បើកសវនាការ​រឿងក្ដី​លោកស្រី ថាក់ ឡា​នី​អតីត​សមាជិក​ព្រឹទ្ធ​​សភា​គណបក្ស សម រង្ស៊ី ពាក់ព័ន្ធ​ការបរិហារកេរ្តិ៍​ចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថា​ជា​អ្នក​សម្លាប់​លោក​​បណ្ឌិត កែម ឡី​។​
​ ​
​លោក ទូច ថា​រិ​ទ្ធិ អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឥ្យ​ដឹងថា​សវនាការ​នេះ​ដឹកនាំ​ដោយ​​លោក ប្លង់ សំណាង អនុប្រធាន​សាលាឧទ្ធរណ៍ វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១០ ខែសីហា​។​
​ ​
​គួររំលឹកថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោកស្រី ថាក់ ឡា​នី ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​ពិន័យ​៨​លាន​រៀល ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចំនួន​១០០​រៀល​។​
​ ​
​លោក​ចៅក្រម អ៊ី ថាវរៈ ក៏បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​លោកស្រី ថាក់ ឡា​នី ផងដែរ​។ លោកស្រី ថាក់ ឡា​នី ជាប់ចោទ​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​ប្រព្រឹត្ត​នៅ​​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ តាម​មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ដោយសារតែ​ចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ទាំង​គ្មាន​ភស្តុតាង​ថា​ជា​អ្នក​សម្លាប់​លោក​​បណ្ឌិត កែម ឡី​៕​ដោយ​:​វិបុល​