ឧទ្ធរណ៍​, ឧបនិស្ស័យ​, ឧបនាយក​, ឧក្រិដ្ឋ​, បម្រាម​, ប្រទីប​, ប្រេត​, ប្រប​

3161
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​ឧទ្ធរណ៍ អ៊ុត​-​ធ សំ​. បា​. ( ន​. ) (​ឧទ្ធរណ​) ការ​រើ​ឡើង​; ការ​រើសើ​, ការ​រើ​ធ្វើ​ជាថ្មីទៀត ។ ខ្មែរ​ប្រើពាក្យ​នេះ​ជា​ឈ្មោះ​សាលា​ឬ​សាល​តុលាការ​ទី ២ សម្រាប់​រើ​ជំនុំជម្រះ អធិករណ៍​ដែល​គូក្តី​ម្ខាង​ពុំ​សុខ​ចិត្តនឹង​សេចក្ដី​វិនិច្ឆ័យ​នៃ​ចៅក្រម​សាលាដំបូង​ហើយ​ប្តឹង សុំ​ឲ្យ​រើ​ជំនុំ​កាត់សេចក្ដី​ម្តងទៀត : សាលាឧទ្ធរណ៍​, ប្តឹង​ឧទ្ធរណ៍ ។ ប្រើ​ជា កិ​. ក៏មាន “​សើរើ​, រើ​ប្តឹង​ជាថ្មីទៀត​” : សុំ​ឧទ្ធរណ៍​ទៀត ។ (​ព​. កា​.) : សាលាដំបូង​វិនិច្ឆ័យ​កាត់ក្តី ត្រឹមត្រូវ​ដោយ​យុត្តិធម៌ ប៉ុន្តែ​អ្នកចាញ់​ឡើង​ឧទ្ធរណ៍ នាំ​វរ​ឲ្យ​ខូច​ឈ្មោះ​ចៅក្រម ។ ឧទ្ធរណ៍​រើសើ​ជម្រះ​ទៅ ឃើញ​នៅ​ដូច​មុន​ឥត​ច្រឡំ ប៉ុន្តែ​អ្នកក្តី​ថា​ពុំ​សម​ក៏​ខំ​ឡើង សាល​វិនិច្ឆ័យ ។

​ឧបនិស្ស័យ អ៊ុ​ប៉ៈ​និ​ស​-​សៃ បា​. ( ន​. ) (​ឧ​ប​និ​ស្សយ​)​កុសលធម៌​ដែល​ដេក​ឬ​អាស្រ័យ នៅក្នុង​ខន្ធ​សន្តាន គឺ​កុសល​ដែល​បាន​កសាង​សន្សំ​អប់រំ​ទុក​មក​, សំណាង​, ភ័ព្វព្រេង សំណាង​; ចំណុចចិត្ត : មាន​ឧបនិស្ស័យ​បរិបូណ៌ មាន​កុសល​ក្រាស់ក្រែល ។

​ឧបនាយក អ៊ុ​ប៉ៈ​នាយក់ សំ​. បា​. ( ន​. ) នាយក​បន្ទាប់ ឬ​នាយករង​ពី​មហា​នាយក ឬក៏​ពី​អធិបតី​មក​, មហា​នាយករង (​ថ្នាក់​ខ្ពស់ជាង អនុនាយក​) : ឧបនាយករដ្ឋមន្ត្រី ។ បើ​ស្ត្រី​ជា ឧបនាយិកា ។

​ឧក្រិដ្ឋ អុក​-​ក្រិត បា​. ឬ សំ​. ក្ល​.; បា​.; សំ​. ( គុ​. ) (​ឧ​ត្ក្ឫ​ឞ្ត​; ឧក្កដ្ឋ​) ធ្ងន់​, យ៉ាង​ធ្ងន់​; ធំ​, យ៉ាង​ធំ​; តឹង​, យ៉ាង​តឹង​, យ៉ាង​តឹងតែង​, យ៉ាង​ម៉ឺងម៉ាត់ ។​ល​។ (​ម​. ព​. ឧក្កដ្ឋ ឬ ឧក្កដ្ឋៈ​) ។ ទោសឧក្រិដ្ឋ ឬ ឧក្រិដ្ឋទោស ទោស​ធ្ងន់ ។ បទឧក្រិដ្ឋ​បទល្មើស​ឬ​ដំណើរ​ល្មើស ដែល​ប៉ះ​ទៅលើ​ទោសឧក្រិដ្ឋ : អំពើ​នុះ​ចូលក្នុង​បទឧក្រិដ្ឋ ។​

​បម្រាម បំ​-​រ៉ា​ម ( ន​. ) សំបុត្រ​ហាមប្រាម​, សេចក្ដី​ហាមប្រាម : មាន​បម្រាម​បិទ​នៅ ជិត​មាត់ទ្វារ​ប្រាប់ថា​កុំ​ឲ្យ​អ្នក​ក្រៅ​ចូល​…​។

​ប្រទីប សំ​.; បា​. ( ន​. ) (​បទីប​) គោម​, ចង្កៀង ។ ខ្មែរ​យើង​ហៅ​តែ​ចង្កៀង​តូចៗ ដែល​ឥត​កែវ​លំផូង : អុជ​ប្រទីប​, ពន្លឺ​ប្រទីប​ប្លុងៗ ។ ប្រដាប់​ធ្វើជា​គ្រោង​ឬ​ជា​រូប​ផ្សេងៗ ដាក់​លើ​ទូក​លាត​ឬ​លើ​ក្បូន អុជ​បំភ្លឺ​ព្រោងព្រាត​បណ្ដែត​លើទឹក : បណ្ដែតប្រទីប ។ ប្រទីបជ្វាលា ប្រទីប​ច្រើន​ដែល​ដាក់​រាយ​ជា​ជួរ​ជា​សង្កាត់​នៅ​ស៊ុម​ឬ​នៅ​ប្រទាស​បញ្ឈរ អុជ​ភ្លឺ​រុងរឿង​ក្នុងការ​ធ្វើបុណ្យ​ជាដើម (​ម​. ព​. ជ្វាលា ផង​) ។

​ប្រេត ត​. ទ​. អ​. ថ​. ប្រែ​ត សំ​.; បា​. ( ន​. ) (​បេ​ត​) សត្វ​កើត​ក្នុង​អបាយភូមិ​ពួក​មួយ : ពួក​ប្រេត ។ គុ​. អ្នក​ដែល​ធ្វើ​មរណកាល​ទៅកាន់​បរលោក​ហើយ ។

​ប្រប ( និ​. ) ទៀប​, ជិត​, ក្បែរ : ប្របផ្លូវ​, ប្របខ្លួន ។ កិ​. អែប​, អែបអប​, ផ្គាប់ផ្គុន ដោយ​អែបអប​ឲ្យ​ត្រូវចិត្ត : មនុស្ស​នោះ​ប៉ិន​ប្រប​ណាស់ ។ (​ព​. ទ​. បុ​.) :​មនុស្ស​ប្រប មាន​របប​តែ​ខាង​បញ្ជោរ​លើកជើង ។ ប្រាជ្ញ​ពុំ​ស្មើ​ប្រប ទន់​ស្លឹកត្រចៀក​ខ្លប​ពុំ​ស្មើ ឡេមឡឺម មាន​អត្ថន័យ​ថា អ្នកប្រាជ្ញ​មិនចេះ​ប្រប គឺ​មិនមាន​ការប្រាស្រ័យ​នឹង​អ្នកធំ ទោះ​ស្លូត​សុភាព​យ៉ាងណាក្ដី​ក៏​ពុំ​ស្មើនឹង​អ្នកខ្លៅ​ដែល​គេ​ជា​មនុស្ស​ជិតដិត​នឹង​អ្នកធំ ឡើយ (​ម​. ព​. ប្រយោគសម្បត្តិ ផង​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​