ឧទ្យាន​បូ​តា​និក គឺជា​កន្លែង​ដែល​ត្រូវតែទៅ​ទស្សនកិច្ច​នៅពេល​ទៅដល់​សឹង្ហ​បុរី​

310

(ភ្នំពេញ)៖ ឧទ្យាន​បូ​តា​និក​(Botanical Garden) គឺជា​សួន​មួយ​មាន​លក្ខណៈ​បែប​ធម្មជាតិ​នៅលើ​ភ្នំ​ដ៏​ស្រស់ស្អាត​បំផុត ដែលមាន​ដើមឈើ ផ្កា និង​រុក្ខជាតិ តូចធំ ដ៏​គួរ​ជាទី​មនោ​រម្យ​និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។​

​បើតាម​លោក ទូ​ន តេង ម​គ្គុ​ទ្ទេស​ទេសចរ​នៃ​ស្ថាប័ន​ទេសចរណ៍​(STB)​សិង្ហ​បុរី​បានឱ្យដឹងថា​មាន​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​រាប់លាន​នាក់​បានមក​ទស្សនា​សួន​បូ​តា​និក​ដែល​ក្នុងនោះ​មាន​ទេសចរ​ខ្មែរ​ជាច្រើន​ផងដែរ​។​

​លោក​បាន​ឱ្យដឹងទៀតថា​៖​ឧទ្យាន​បូ​តា​និក បាន​ត្រូវ​បង្កើតឡើង​នៅ​ឆ្នាំ​១៨៥៩ ជា​សួន​សម្រាប់​លំហែកាយ និង​ក្រោយៗ​មក​បាន​ក្លាយជា​កន្លែង​ធ្វើ​សមាធិ ធ្វើ​យូ​ហ្គា បោះជំរំ ហាត់ប្រាណ ដោយសារ​តែមាន​លក្ខណៈ​ធម្មជាតិ ខ្យល់អាកាស​បរិសុទ្ធ ស្ងាត់​ស្ងាត់ និង​មាន​ភោជនីយដ្ឋាន ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ផងដែរ ។​នេះ​ជា​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​ទាក់ទាញ​ជាច្រើន​របស់​ប្រទេស​សឹង្ហ​បុរី ដែល​អ្នកទេសចរ​ត្រូវតែ​មក​ទស្សនា​។​

​ឧទ្យាន​បូ​តា​និក​ដែលមាន​ទំហំ​៨២​ហិកតា គឺជា​សួន​ដ៏​ធំ​បំផុត​ដែលមាន​ផ្កាអ័រគីដេ​ជាង​១០០០​ប្រភេទ​និង​អ័​រ​គី​ដេ​កូនកាត់​ប្រមាណ​២០០០​ប្រភេទ​ព្រមទាំង​ដើមឈើ​និង​រុក្ខជាតិ​ប្រមាណ​ជាង​១​ម៉ឺន​ប្រភេទ​និង​តំបន់​ព្រៃឈើ​ទាក់ទាញ​ទឹកភ្លៀង​ផងដែរ​។​ជាពិសេស​សួន​នេះ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​យូណេស្កូ​ទី​១​របស់​ប្រទេស​សឹង្ហ​បុរី​និង​ជា​សួន​ត្រូ​ពិ​ក​ដំបូង​គេ​តែមួយគត់​នៅក្នុង​បញ្ជី​របស់​យូណេស្កូ​។​​នៅក្នុង​ឧទ្យាន​បូ​តា​និក គេ​បាន​បង្កើត​សួន​មួយ​ឈ្មោះថា សួន​វី​អាយ​ភី​(VIP Garden) ដែល​ក្នុង​សួន​នេះ​មាន​សុទ្ធតែ​ផ្កាអ័រគីដេ​កូនកាត់ ហើយ​គេ​ដាក់ឈ្មោះ​ថ្នាក់ដឹកនាំ​ពិភពលោក​ល្បីៗ​តាំងពី​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ឥស្សរជន​ល្បីៗ​លើ​សកលលោក​។​​គួរឱ្យ​មោទនភាព​ផងដែរ​សម្រាប់​កម្ពុជា ដែល​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ “​ព្រះ​បរម រតន​កោដ្ឋ​” ក៏បាន​ត្រូវ​ដាក់ឈ្មោះ​ក្នុង​សួន​វី​អាយ​ភី​។​សម្តេចព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​ធ្លាប់​យាង​មក​ព្រះរាជទស្សនកិច្ច​នៅ​ឧទ្យាន​បូ​តា​និក​កាលពី​ឆ្នាំ​១៩៦២ ក្នុងនាម​ជា​ព្រះ​អម្ចាស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

Botanic Garden​ត្រូវបាន​ជាប់​ចំណាត់ថ្នាក់​ជា​ឧទ្យាន​ទាក់ទាញ​បំផុត​ឧទ្យាន​នៅ​អាស៊ី​ចាប់តាំងពី​ឆ្នាំ ២០១៣ របស់​TripAdvisor Travelers ,​ទទួល​ពានរង្វាន់ សួន​ទេសចរណ៍ អន្ដរជាតិ​ពី​ក្រុមប្រឹក្សា​ឧទ្យាន​ទេសចរណ៍​កាណាដា​ក្នុង​ឆ្នាំ​២០១២ និង​ទទួលបាន​ចំណាត់ថ្នាក់​ផ្កាយ ៣ របស់ Michelin Star ក្នុង​ឆ្នាំ ២០០៨​។​នៅ​ឆ្នាំ​២០០៨​ដែរ​ទស្សនា​វ​ដ្តី Time Magazine បាន​ពណ៌នា​ថា​ជា​ព្រៃ​ទីក្រុង​ដ៏​ល្អ​បំផុត​នៅ​អាស៊ី​។​

​គួរ​បញ្ជាក់ថា មាន​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​ឧទ្យាន​បូ​តា​និក​ជិត​៥​លាន​នាក់ ក្នុង​មួយឆ្នាំៗ ដែល​ធ្វើឱ្យ​សួន​នេះ​ក្លាយជា​សួន​ដែលមាន​អ្នកទស្សនា​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក​។​

​លោក ឌើ​រី​ល ហ្គា​ន់ (Deryl Gan)​នាយក​ផ្នែក​ទីផ្សារ​និង​ផែនការ​នៃ​នាយកដ្ឋាន​ទេសចរ ណ៍​សិង្ហ​បុរី​(STB) និង​ទទួលបន្ទុក​ទីផ្សារ​កម្ពុជា បានឱ្យដឹងថា​ក្នុង​មួយឆ្នាំ​សឹង្ហ​បុរី​ទទួលភ្ញៀវ​ទេសចរ​ជាង​១០​លាន​នាក់​ក្នុង​មួយឆ្នាំ ដោយនៅ​ឆ្នាំ​២០១៦​មាន​ជាង​១៦​លាន​នាក់ ហើយ​ឆ្នាំ​២០១៧​នេះ រំពឹង​កើនឡើង​លើស​ឆ្នាំ​២០១៦​។​ទេសចរ​ចិន​ឈរ​លំដាប់​ទី​១ ម៉ាឡេស៊ី ទី​២ ឥណ្ឌា​ទី​៣ និង​ឥណ្ឌូនេស៊ី​ទី​៤​។​

​លោក​បាន​ឱ្យដឹងទៀតថា សម្រាប់​សំបុត្រ​យន្តហោះ​ទៅមក​កម្ពុជា​-​សឹង្ហ​បុរី និង​សឹង្ហ​បុរី​កម្ពុជា ខ្ទង់​ប្រមាណ​១២៧​ដល់​៣៨៥​ដុល្លារ​សិង្ហ​បុរី​(​អាស្រ័យ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​និង​ថ្ងៃ​ហោះហើរ​)​។​ចំណែក​តម្លៃ​សណ្ឋាគារ​ក្នុង​មួយ​យប់​ពី​៤០​ដល់​៨០០​ដុល្លារ​សឹង្ហ​បុរី​រីឯ​ផ្ទះសំណាក់​ពី​១៤​ទៅ​៩៩​ដុល្លារ​សឹង្ហ​បុរី​។​គិត​ត្រឹម​ចុងឆ្នាំ​២០១៦​សឹង្ហ​បុរី​មាន​សណ្ឋាគារ​និង​ផ្ទះសំណាក់​ចំនួន​៤១៣៕​ដោយៈ​សុផល​/sn

Botanic Garden គឺជា​សួន​ដែល​ត្រូវតែទៅ​ទស្សនកិច្ច​នៅពេល​ទៅដល់​សឹង្ហ​បុរី​(​រូប សុផល​)