ឧបការី​អគ្គលេខាធិការ​អ​.​ស​.​ប​សរសើរ​កម្ពុជា​ពី​ការរីកចម្រើន​

856
ចែករម្លែក
  • 131
    Shares

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ហាវលីង ហ្សូ(Haoliang Xu) ឧបការី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (​អ​.​ស​.​ប​) និង​ជានា​យក​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នៃ យូអិនឌីភី(UNDP )កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ(ខាងស្តាំ) បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ហាវលីង ហ្សូ(Haoliang Xu) ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) និង​ជានា​យក​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នៃ យូអិនឌីភី(UNDP )

​លោក​កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេសបាន​ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា ឧបការី​អគ្គលេខាធិការ​អ​.​ស​.​ប បានកត់សម្គាល់​ពី​វឌ្ឍនភាព និង​ការរីកចម្រើន​យ៉ាងច្រើន​នៅ​កម្ពុជា ជាពិសេស​លើ​ការកាត់បន្ថយ​ភាពក្រីក្រ ដែល​បាន​កាត់បន្ថយ​រហូតដល់ ៥០​ភាគរយ​។​លោក​ឧបការី​បាន​ជម្រាបជូន​អំពី​បទ​ពិសោធន៍​នៅ​បណ្តា​ប្រទេស​មួយចំនួន ដែល​ការអភិវឌ្ឍ​ត្រូវ​ប្រកបដោយ​ចីរភាព កាត់បន្ថយ​នៅ​ផលប៉ះពាល់​ផ្សេងៗ ដែល​កើតចេញ​មកពី​សកម្មភាព​នៃ​ការអភិវឌ្ឍ​នេះ​។ ហើយ UNDP បាន​ជួយ​ដល់​ប្រទេស​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។

​អ្នកនាំពាក្យ​បាន​បន្តថា នៅក្នុង​ជំនួប​ពិភាក្សា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​ឧបការី​អគ្គ​លេខាធិការ​អ.ស.ប ថា អំពី​ការ​ដំណើរការ នៃ​ការអនុម័ត​នៅ​ឯកសារ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​នៅ​ឆ្នាំ​២០៣០ គឺ​ឯកសារ​នេះ នឹង​ត្រៀម​ដាក់​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង​នៃ​រដ្ឋាភិបាល​​ថ្មី​។ នៅពេល​អនុម័ត​ហើយ នឹងធ្វើ​ទៅជា​ឯកសារ​យុទ្ធសាស្ត្រ​ផែនការ​អភិវឌ្ឍ​ជាតិ ហើយ​សង្ឃឹមថា នឹង​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង​នៃ​រដ្ឋាភិបាល​ថ្មី​។ ​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ថ្លែង​កោត​សរសើរ​​ចំពោះ​ការចូលរួម​របស់​ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ជម្រាប​ថា កម្ពុជា​ក្នុងនាម​ភាពជា​ដៃគូ​ជាមួយនិង​ភ្នាក់ងារ​អភិវឌ្ឍន៍​ទាំងអស់​របស់​អង្គការសហប្រជាជាតិ គឺ​រាជរដ្ឋាភិបាល​បាន​បង្កើត​នៅ​វេទិកា​មួយ​ប្រចាំឆ្នាំ​រវាង​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី គឺជា​ការផ្លាស់ប្តូរ​យោបល់​ទៅលើ​ផែនការ​សកម្មភាព​នានា នៃ​ការអភិវឌ្ឍន៍​នៅក្នុង​ប្រទេស​។

​អ្នកនាំពាក្យ​បាន​បន្តថា UNDP បាន​ត្រៀមខ្លួន​ក្នុងការ​ធ្វើជា​ដៃគូរ​ក្នុងការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍ​ជាតិ​របស់​រាជ​រដ្ឋា​ភិបាល​៕សរន