ឧបទ្ទវហេតុ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​នៅ​កោះតាង​ក្នុង​ខែឧសភា​ឆ្នាំ​១៩៧៥

- ការចងចាំ​របស់​អតីត​កងទ័ពជើងទឹក​ខ្មែរក្រហម​

1050
ចែករម្លែក

ដោយៈ ឡុង ដា​នី នាយក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
I) សេចក្តី​ផ្តើម​
១-​ទីតាំង​ភូមិសាស្ត្រ​កោះតាង​

​កោះតាង គឺជា​កោះ​មួយ​ក្នុងចំណោម​កោះ និង​កូន​កោះ​ទាំង​៦៤ ស្ថិតនៅក្នុង​ដែនទឹក​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​។ កោះតាង​ស្ថិតនៅ​ប៉ែក​និរតី និង​មាន​ចម្ងាយ​ប្រមាណ​៥២ គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ និង​ជា​កោះ​មួយ​ស្ថិតនៅ​ចន្លោះ​កណ្តាល​រវាង​កោះ​ពូ​លូ​វ៉ៃ និង​ក្រុងព្រះសីហនុ​។ កោះតាង​ស្ថិតនៅ​ចន្លោះ​ខ្សែរ​បណ្តោយ និង​ខ្សែរ​ទទឹង ( 103°7′E 10°18′N)​។

Aerial surveillance showing both East and West Beaches on Koh Tang on 14 may 1975 Photo courtesy of U.S. Air Force

Aerial surveillance showing both East and West Beaches on Koh Tang on 14 may 1975 Photo courtesy of U.S. Air Force
​កោះតាង​មាន​ទំហំ​ប្រមាណ​៥,៩ គីឡូម៉ែត្រ​ការ៉េ (​បណ្តោយ​ប្រវែង​៦,៤ គីឡូម៉ែត្រ និង​ទទឹង​ចន្លោះ​ពី​០,១​ដល់​៣,២ គីឡូម៉ែត្រ​) និង​ជា​កោះ​ដ៏​ស្រស់ស្អាត​មួយ ដែល​គ្របដណ្តប់​ទៅដោយ​កូនភ្នំ និង​ព្រៃឈើ​ប្រមាណ​៩០​ភាគរយ ហើយ​មាន​ឆ្នេរ​ខ្សាច់​ស្អាត និង​ទឹកសមុទ្រ​ថ្លា​។ កោះ​នេះ​មាន​ថ្ម​ប៉ប្រះ​ទឹក ផ្កាថ្ម និង​ជីវចម្រុះ​ជាច្រើន​រស់នៅ​ក្រោម​ទឹកសមុទ្រ ប៉ុន្តែ​មិន​ធ្លាប់មាន​ប្រជាជន​ស៊ីវិល​រស់​នៅលើ​កោះតាង​តាំង​ពីមុន​រហូតមកទល់​នឹង​ប​ន្ចុ​ប្បន្ន​។ កោះតាង គឺជា​មូលដ្ឋាន​មួយ​ក្នុងចំណោម​មូលដ្ឋាន​កងទ័ពជើងទឹក​នៃ​ប្រទេស​កម្ពុជា​ដែល​បាន​បោះទីតាំង​ការពារ​ដែន​កោះ និង​ដែនទឹក​សមុទ្រ​កម្ពុជា​ចាប់ពី​តាំង​របប​សង្គមរាស្ត្រនិយម​,​របប​សាធារណរដ្ឋ​ខ្មែរ​, របប​កម្ពុជា​ប្រជាធិបតេយ្យ​, របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ននេះ​។​

២- ការចូល​កាន់កាប់​កោះ​នៅ​ដែនសមុទ្រ​កម្ពុជា​របស់​កងទ័ព​ខ្មែរក្រហម​បន្ទាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥
​ ​កងពល​ទី​៣​នៃ​ភូមិភាគ​និរតី​របស់​ខ្មែរក្រហម គឺជា​កងពល​មួយ​ដែល​បាន​ចូលកាន់​កាប់​កោះ និង​កូន​កោះ​នៅក្នុង​ដែនទឹក​សមុទ្រ​កម្ពុជា បន្ទាប់ពី​ការឡើង​កាន់កាប់​អំណាច​របស់​ខ្មែរក្រហម​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ កងពល​ទី​៣​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៤ ដោយ តា​ម៉ុក លេខា​ភូមិភាគ​និរតី ដើម្បី​រួមចំណែក​វាយ​សម្រុកចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​នៅក្នុង​អំឡុង​ខែមេសា ឆ្នាំ​១៩៧៥​។ កងពល​ទី​៣​នៃ​ភូមិភាគ​និរតី គឺជា​កងទ័ព​ថ្មើរជើង​ប្រយុទ្ធ​នៅលើ​គោក​។ ប្រធាន​កងពល​ទី​៣ មានឈ្មោះ មាស មុត ដែលជា​កូនប្រសា​ប្រុស​ម្នាក់​របស់ តា​ម៉ុក (​ប្រពន្ធ​របស់ មាស មុត មានឈ្មោះ ខុម ត្រូវជា​កូនស្រី​ច្បង​របស់​តា​ម៉ុក​។ ខុម ជា​លេខា​ស្រុក​ត្រាំកក់ តំបន់​១៣ ភូមិភាគ​និរតី​)​។ មុនពេល​ឡើង​ធ្វើជា​ប្រធាន​កងពល​ទី​៣ មាស មុត គឺជា​អនុ​លេខា​តំបន់​១៣​នៃ​ភូមិភាគ​និរតី ។ ចំណែក​សមាសភាព​កង​ទ័ព​នៃ​កងពល​ទី​៣​នេះ​ភាគច្រើន គឺជា​កូនចៅ​របស់​កសិករ​ធ្វើស្រែ​ចម្ការ​នៅក្នុង​ខេត្តកំពត ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ដែល​បាន​ចូលធ្វើ​កងទ័ព​ខ្មែរក្រហម​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់ ១៩៧៥​។ ឌូ អ៊ុន មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ និង​ជា​កងទ័ព​ខ្មែរក្រហម​នៃ​កងពល​ទី​៣​ភូមិភាគ​និរតី បាន​មានប្រសាសន៍ថា ខ្ញុំ​បាន​ចូល​បដិវត្តន៍​ខ្មែរក្រហម​ដោយ​ស្ម័គ្រចិត្ត ក្នុង​ឆ្នាំ​១៩៧២ នៅមុន​ដំបូង​ធ្វើជា​កងឈ្លប​នៅ​ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ។ នៅក្នុង​ឆ្នាំ​១៩៧៣ ខ្មែរក្រហម​បាន​បញ្ជូន អ៊ុន ឲ្យ​មក​ធ្វើជា​កងទ័ព​តំបន់​៣៣ បន្ទាប់​ហាត់រៀន​យុទ្ធសាស្ត្រ​កងទ័ព​មួយរយៈ​ពេល​ខ្លី ខ្មែរក្រហម​បាន​បញ្ជូន អ៊ុន ឲ្យ​ទៅ​វាយ​ជាមួយ​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ​នៅ​ព្រៃ​លក​មៀត ភ្នំស្រួច​ផ្លូវជាតិ​លេខ​៤​។ នៅក្នុង​ឆ្នាំ​១៩៧៤ អ៊ុន ត្រូវបានចាត់តាំង​បញ្ចូល​ក្នុង​កងពល​ទី​៣ របស់​ភូមិភាគ​និរតី​។ ប៉ាក់ សុខ មាន​ស្រុកកំណើត​នៅ​ស្រុក​ឈូក ខេត្តកំពត និង​បាន​ចូលធ្វើ​បដិវត្តន៍​ខ្មែរក្រហម​នៅក្នុង​ឆ្នាំ​១៩៧២ ពេលនោះ សុខ មាន​អាយុ​ជាង​១០​ឆ្នាំ​។ បន្ទាប់មក​ខ្មែរក្រហម​ចាត់តាំង​ឲ្យ សុខ បម្រើ​ជា​កងទ័ព​តំបន់​៣៥ ការចូល​ធ្វើ​កងទ័ព គឺ សុខ បាន​ហាត់រៀន​បាញ់កាំភ្លើង ក្រាប​លូន​តែ​បន្តិចបន្តួច បន្ទាប់មក​ក៏បាន​ចូល​សមរភូមិ​វាយ​ជាមួយ​ទាហាន លន់ នល់ តែម្តង​។ នៅ​ឆ្នាំ​១៩៧៤ ខ្មែរក្រហម​បាន​បញ្ជូន សុខ មក​ចូល​នៅក្នុង​កងពល​ទី​៣ របស់​ភូមិភាគ​នរ​តី​។ ចំណែក ម៉ៅ រ៉ា​ន់ ដែលជា​អតីត​កងទ័ព​ខ្មែរក្រហម​ម្នាក់​នៅក្នុង​កងវរសេនាតូច​៤១០ នៃ​កងពល​ទី​៣​ភូមិភាគ​និរតី​ដែរនោះ បាន​មានប្រសាសន៍ថា គាត់​មាន​ស្រុកកំណើត​នៅ​ស្រុក​គង​ព​សី ខេត្តកំពង់ស្ពឺ និង​បាន​ចូល​ធើ្វ​កងឈ្លប​នៅក្នុង​ឆ្នាំ​១៩៧២ និង​បន្ត​ឡើងមក​ធើ្វ​ជា​កងទ័ព​តំបន់​៣៣​។ នៅក្នុង​ឆ្នាំ​១៩៧៤ ខ្មែរក្រហម​បាន​បញ្ជូន រ៉ា​ន់ មក​បញ្ចូល​ក្នុង​កងពល​ទី​៣​នេះ​តែម្តង​។ កងពល​ទី​៣​នៃ​ភូមិភាគ​និរតី​ភាគច្រើន​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ជាមួយ​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ​តាមផ្លូវ​ជាតិ​លេខ​៤​នៅ​ម្តុំ​ដោះ​កញ្ជរ ស្រែខ្លុង មហា​សាំង​ក្នុងស្រុក​ភ្នំស្រួច ។ ខ្មែរក្រហម​ក៏​ធ្លាប់បាន​បញ្ជូន​កងពល​លេខ​៣​ទៅ​វាយ​នៅ​ខាង​កំពង់ឆ្នាំង​ដូចជា​នៅ​លង្វែក សាលា​លេខ​៥ ដាំ​ផ្កា បន្ទាប់មក​ទើប​ដក​ត្រឡប់មក​ផ្លូវជាតិ​លេខ​៤ ខេត្តកំពង់ស្ពឺ​វិញ ។​
​នៅក្នុង​មេសា ឆ្នាំ​១៩៧៥ កងពល​ទី​៣​នៃ​ភូមិភាគ​និរតី​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​វាយ​ចូល​ទីក្រុង​ភ្នំពេញ​តាម​ទិស​ផ្លូវជាតិ​លេខ​៤​។ នៅ​ខណៈពេលដែល​កងទ័ព​នៃ​កងពល​ទី​៣​បាន​ចូល​មកដល់​ចោមចៅ និង​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​នោះ ប្រធាន​កងពល​ទី​៣​មាស មុត បាន​បញ្ជា​ឲ្យ​កងទ័ព​នៃ​កងពល​ទី​៣​ទាំងអស់​ដក​ត្រឡប់​ក្រោយមក​ឈរជើង​នៅ​ម្តុំ​ជម្ពូ​វ​ន្ត័​, បែក​ចាន ដើម្បី​ធ្វើដំណើរ​មក​បោះ​ទីតាំងនៅ​កំពង់សោម ។ បន្ទាប់ពី​កងទ័ព​ស្នាក់នៅ​មូលដ្ឋាន​កងទ័ព​រាម​បាន​រយៈពេល​ពីរ​បី​ថ្ងៃ មាស មុត បាន​បញ្ជា​ឲ្យ កងទ័ព​នៃ​កងពល​ទី​៣​មួយចំនួន​ធ្វើដំណើរ​ទៅ​ឈរជើង​នៅលើ​កោះ​ដែលជា​ដែនទឹក​នៃ​ប្រទេស​កម្ពុជា និង​អតីត​កោះ​របស់​កម្ពុជា​មួយចំនួន​ទៀត ដែល​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម ។

៣-​កងវរសេនាតូច​នៃ​កងពល​ទី​៣​ដែល​ឈរជើង​នៅលើ​កោះតាង​
​មាស មុត ដែលជា​ប្រធាន​កងពល​ទី​៣ បាន​ចាត់តាំង​ឲ្យ​កងវរសេនាតូច​លេខ​៤១០ នៃ​វរ​សេនា​ធំ​២១​ទៅ​ប្រចាំការ​នៅតាម​កោះ​ជួរមុខ​មួយចំនួន​ដូចជា កោះ​ពូ​លូ​វ៉ៃ​, កោះតាង និង​កោះព្រីង​។ កងវរសេនាតូច​៤១០ មាន​ប្រធាន​ទទួលបន្ទុក​នយោបាយ​ឈ្មោះ ហម និង​អនុប្រធាន​ទទួលបន្ទុក​ខាង​យោធា​ឈ្មោះ សំណាង ។ វរ​សេនា​តូច​៤១០ រួមមាន​៤​កងអនុសេនាធំ គឺ​កងអនុសេនាធំ (​គ​-៧), កងអនុសេនាធំ (​គ​-៨), កងអនុសេនាធំ (​គ​-៩) និង​កងអនុសេនាធំ (​គ​-១០) ។ បន្ទាប់ពី​រំដោះ​ភ្នំពេញ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ កងទ័ព​នៃ​កម្លាំង​វរ​សេនា​តូច​៤១០ មួយចំនួន​បាន​ស្លាប់​នៅលើ​សមរភូមិ និង​មួយចំនួនទៀត​បាន​បែកខ្ញែក នៅ​ខណៈពេលដែល​ត្រូវ​បញ្ជូនទៅ​ឈរជើង​នៅតាម​កោះ គឺ​កងវរសេនាតូច​៤១០ មាន​កងទ័ព​ចំនួន​ប្រមាណ​ជា​២០០​នាក់​តែប៉ុណ្ណោះ (​កម្លាំង​សរុប​របស់​វរ​សេនា​តូច​៤១០​មាន​ប្រហែល​៤០០​នាក់​កាលពី​មុនពេល​វាយ​ចូល​ទីក្រុង​ភ្នំពេញ​)​។​ប្រធាន និង​អនុប្រធាន​វរ​សេនា​តូច​៤១០ ឈ្មោះ ហម និង សំណាង មាន​ភារកិច្ច​ប្រចាំការ​នៅ​ទីបញ្ជាការ​កងវរសេនាតូច​៤១០​នៅ​រាម គឺ​មិន​ទៅ​ឈរ​ប្រចាំការ​នៅតាម​កោះ​ជាមួយ​កងទ័ព​ឡើយ ។ ខ្មែរក្រហម​បាន​បែងចែក​ឲ្យ កងអនុសេនាធំ (​គ​-៨) និង​កងអនុសេនាធំ (​គ​-១០) ត្រូវ​ឈរជើង​ប្រចាំការ​នៅលើ​កោះតាង ក្នុងនោះ​អនុ​សេនា​ធំ (​គ​-១០) ឈរជើង​នៅ​ម្តុំ​ឆ្នេរ​ខាងលិច និង​អនុ​សេនា​ធំ (​គ​-៨) ប្រចាំការ​នៅ​ម្តុំ​ប៉ុស្តិ៍ទាហាន​ចាស់ (​នៅ​ឆ្នេរ​ខាងកើត​)​។ ចំណែក​កងអនុសេនាធំ (​គ​-៧) និង​កងអនុសេនាធំ (​គ​-៩) ត្រូវបានចាត់តាំង​ឲ្យ​ទៅ​យាម​ប្រចាំការ​នៅ​កោះ​ពូ​លូ​វ៉ៃ និង​កោះព្រីង (​កោះព្រីង​មាន​កងទ័ព​តែមួយ​អនុ​សេនា​តូច​) ។
​មេបញ្ជាការ​ខ្មែរក្រហម​ដែល​ប្រចាំការ​នៅ​កោះតាង​រួមមាន​ឈ្មោះ ម៉េ​ន ប្រធាន​កងអនុសេនាធំ​(​គ​-៨) និង​ឈ្មោះ ម៉ន ប្រធាន​កងអនុសេនាធំ (​គ​-១០) ។ កងកម្លាំង​សរុប​នៅលើ​កោះតាង​មាន​ចំនួន​ប្រហែល​១០០​នាក់ (​ចំនួន​កងទ័ព​បញ្ចូល​គ្នា​ទាំងពីរ​អនុ​សេនា​ធំ គ​-៨ និង​គ​-១០) ប៉ុ​នែ្ត​ដោយសារ​ខ្មែរក្រហម​ត្រូវបញ្ជូន​កងទ័ព​ទៅកាន់​កាប់​កោះ​ក្រចកសេះ (​ពូ​លូ​ប៉ង​សង់​) ថែមទៀត​នោះ ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​ដក​កងទ័ព​មួយចំនួន​ពី គ​-៨ និង​គ​-១០ រួមមាន​ប្រធាន​កងអនុសេនាធំ​ឈ្មោះ ម៉េ​ន​, ម៉ន និង​កងទ័ព​មួយចំនួនទៀត​បាន​ទៅ​ចូលរួម​ជាមួយ​កងវរសេនាតូច​លេខ​៤៧០ ដែលមាន​មេបញ្ជាការ​ឈ្មោះ ទ​ន ដើម្បី​ធ្វើដំណើរ​ទៅកាន់​កាប់​កោះ​ក្រចកសេះ (​ពូ​លូ​ប៉ង​សង់​) ពី​ប្រទេស​វៀតណាម ។ ដូច្នេះ​កងទ័ព​ខ្មែរក្រហម​ដែល​នៅ​សេសសល់ និង​បាន​ប្រយុទ្ធ​ជាមួយ​ទាហាន​សហរដ្ឋអាមេរិក​នៅ​កោះតាង​ក្នុង​ថ្ងែ​ទី​១៥ ខែឧសភា ឆ្នាំ​១៩៧៥ គឺមាន​ចំនួន​ប្រហែលជា ៥០​នាក់ និង​មានឈ្មោះ ប្រេះ ហ៊​ន និង ម៉ៅ រ៉ា​ន់ ដែលជា​ប្រធាន​កងអនុសេនាតូច​ចំណុះ​ឲ្យ គ​-៨ និង​គ​-១០ ជា​អ្នកដឹកនាំ​ប្រយុទ្ធ ។

II) ឧ​ទ្ទ​វ​ហេតុ​កប៉ាល​ម៉ា​យ៉ា​ហ្គេ​ស​នៅ​កោះតាង​

១- ព្រឹត្តិការណ៍​ចាប់​កប៉ាល​ម៉ា​យ៉ា​ហេ្គ​ស និង​ការ​បញ្ជូនមក​ចត​នៅ​កោះតាង​
​កប៉ាល​ម៉ា​យ៉ា​ហ្គេ​ស (S.S. Mayaguez) គឺជា​កប៉ាល​ដឹកទំនិញ​ចំណាស់​មួយ​របស់​ក្រុមហ៊ុន​ឯកជន​សហរដ្ឋអាមេរិក​ដែលមាន​ចំណុះ​១០,៤៨៤​តោន ។

The SS Mayaguez, an American cargo ship. Courtesy of USAF

​បន្ទាប់ពី​របប​ក្រុង​សៃ​ហ្គ​ន​បាន​ដួលរលំ​ទៅ​ប្រហែលជា​ជិត​២​សប្តាហ៍ គឺ​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​១៩៧៥ កប៉ាល់​ម៉ា​យ៉ា​ហ្គេ​សបាន​ដឹកទំនិញ​សម្ភារ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទីក្រុង​សៃ​ហ្គ​ន​ប្រទេស​វៀតណាម​ខាងត្បូង និង​ទំនិញ​ផ្សេងៗ​ទៀត​បានធ្វើ​ដំណើរ​ចេញពី​ទីក្រុង​ហុងកុង​ឆ្លងកាត់​តាម​ឈូង​សមុទ្រ​ថៃឡង់​ដ៍​ឆ្ពោះទៅកាន់​ទីក្រុង​កំពង់ផែ​សាត​តា​ហ៊ី​ប ខេត្ត​ឈុន​បុរី នៃ​ប្រទេស​ថៃ ។ នៅ​ខណៈពេលដែល​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​សបាន​ធ្វើដំណើរ​មក​ប្រឈម​ជាមួយ​កោះ​ពូ​លូ​វ៉ៃ​របស់​ប្រទេស​កម្ពុជា កងទ័ព​ខ្មែរក្រហម​ដែល​ឈរជើង​នៅ​កោះ​ពូ​លូ​វ៉ៃ គឺជា​កងទ័ព​ដែល​មិនមាន​ជំនាញ​ខាងជើង​ទឹក​បន្តិច​នោះ បាន​បើកកប៉ាល់​ប្រភេទ ប៉េ​-​សេ​-​អេ​ហ្វ [Patrol Craft Fast (PCF)/Swift Boat] ចំនួន​២​គ្រឿង និង​មាន​កងទ័ព​ប្រមាណ​ជាង​១០​នាក់​ប្រកបដោយ​អាវុធ​គ្រប់​ដៃ​បានចេញ​ដំណើរ​ទៅ​ស្ទាក់ចាប់​កប៉ាល់​ម៉ា​យ៉ា​ហេ្គ​ស ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូ ម៉ែត្រ​ពី​កោះ​ពូ​លូ​វ៉ៃ ។ កងទ័ព​ខ្មែរក្រហម​បាន​បាញ់កាំភ្លើង​អឹម​-៧៩ ជា​សញ្ញា​ឲ្យ​កប៉ាល​ម៉ា​យ៉ា​ហេ្គ​ស​ឈប់ បន្ទាប់មក​កងទ័ព​ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​នាវិក​បើកកប៉ាល​ម៉ា​យ៉ា​ហ្គេ​ស​ចូលមក​កោះ​ពូ​លូ​វ៉ៃ​ជាមួយ​កប៉ាល​ប៉េ​-​សេ​-​អេ​ហ្វ របស់ខ្លួន ។​
​បន្ទាប់ពី​ចត​នៅ​កោះ​ពូ​លូ​វ៉ៃ មួយ​យប់ គឺ​នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​បញ្ជូន​កប៉ាល់​ម៉ា​យ៉ា​ហេ្គ​ស​ពី​កោះ​ពូ​លូ​វ៉ៃ មកកាន់​កោះតាង​។ នៅ​ខណៈពេល​ចាប់​កប៉ាល​ម៉ា​យ៉ា​ហេ្គ​ស​នេះ​កងទ័ព​ខ្មែរក្រហម ក៏បាន​រាយការណ៍​តាម​វិទ្យុទាក់ទង​ទៅកាន់​ទីបញ្ជាការ​ធំ​នៅ​កំពង់សោម​។ មុនដំបូង​បញ្ជាការដ្ឋាន​នៅ​កំពង់សោម​បាន​បញ្ជា​ឲ្យ​ទុក​កប៉ាល់​ម៉ា​យ៉ា​ហេ្គ​ស​នៅ​កោះ​ពូ​លូ​វ៉ៃ​មួយ​យប់ បន្ទាប់មក​ត្រូវបញ្ជូន​កប៉ាល់​ម៉ា​យ៉ា​ហេ្គ​ស​និង​ក្រុម​នា​វឹក​មក​កោះតាង និង​បញ្ជូនបន្ត​មក​កំពង់សោម​។ ប៉ុន្តែ​នៅពេលដែល​បញ្ជូន​កប៉ាល់​ម៉ា​យ៉ា​ហេ្គ​ស និង​ក្រុម​នា​វឹក​មកដល់​កោះតាង ហើយ​កងទ័ព​ខ្មែរក្រហម​បាន​ឡើងទៅ​យាម​ការពារ​នៅលើ​កប៉ាល​ម៉ា​យ៉ា​ហ្គេ​ស បាន​រយៈពេល​មួយ​យប់​មួយ​ថ្ងែ ក៏មាន​ការប្រែប្រួល គឺ​ព្រលប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៧៥ ខាង​ទីបញ្ជាការ​ធំ​នៅ​កំពង់សោម​ក៏បាន​ប្រាប់​មកទៀត​ថា ត្រូវ​ឲ្យ​កងទ័ព​ខ្មែរក្រហម​ចុះចេញ​ពីលើ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ទាំងអស់ ហើយ​បញ្ជា​ឲ្យ​កងទ័ព​ខ្មែរក្រហម​យក​ក្រុម​នា​វឹក​ទាំងអស់​ចេញពី​កប៉ាល់ និង​ដឹក​មក​ទុក​នៅ​កោះរ៉ុង (​កោះរ៉ុង​សន្លឹម​)​។ ចំណែក​កប៉ាល់​ម៉ា​យ៉ា​ហេ្គ​សត្រូវ​ទុក​នៅ​កោះតាង គឺ​មិនចាំបាច់​បញ្ជូនមក​កំពង់សោម​ឡើយ ។ អតីត​កងទ័ព​ខ្មែរក្រហម​ដែល​បាន​ឈរជើង​នៅលើ​កោះតាង ឈ្មោះ ប៉ាក់ សុខ បាន​រៀបរាប់ថា រហូតដល់​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៧៥ ទើប​មាន​បញ្ជា​ឲ្យ​កងទ័ព​ចុះ​ពី​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​សមក​នៅលើ​កោះ​វិញ នៅ​ខណៈ​ពេលនោះ​ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​ក្រុម​នា​វឹក​ទាំងអស់​ចុះ​ពីលើ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ដែរ ប៉ុន្តែ​នៅមាន​សល់​នា​វឹក​ម្នាក់​លាក់ខ្លួន​ក្នុង​កប៉ាល់ ដែល​កងទ័ព​ខ្មែរក្រហម​រក​មិនឃើញ​។ នា​វឹក​ម្នាក់​នោះ​ប្រហែលជា​កាន់​ខាង​ទូរលេខ​ផង​បាន​ទាក់ទង​ទៅខាង​សហរដ្ឋអាមេរិក​រហូត បន្ទាប់មក​នា​វឹក​នោះ​ក៏បាន​ឡើង​ជិះ​អូ​ម​បរ​បើក​សំដៅ​ទៅរក​នាវាចម្បាំង​សហរដ្ឋអាមេរិក​បាត់ទៅ​។ អតីត​ប្រធាន​កងអនុសេនាតូច​ចំណុះ​ឲ្យ​កងអនុសេនាធំ​(​គ​-១០)​នៃ​កងទ័ព​ខ្មែរក្រហម​ដែល​ធ្លាប់​ឈរជើង​នៅ​កោះតាង​ឈ្មោះ ប្រេះ ហ៊​ន ក៏បាន​ឲ្យ​ដឹងថា មេបញ្ជាការ​វរ​សេនា​តូច​៤១០ ឈ្មោះ សំណាង និង​កងទ័ព​ខ្មែរក្រហម​ផ្សេងទៀត​បាន​បើកកប៉ាល់ ប៉េ​-​សេ​-​អេ​ហ្វ ពី​កោះ​ពូ​លូ​វ៉ៃ​មក​កោះតាង​ជាមួយ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ដែរ​។ ហ៊​ន និង​កងទ័ព​ផ្សេងទៀត​ត្រូវបានចាត់តាំង​ឲ្យ​យាម​ការពារ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​។ បន្ទាប់ពី​យាម​ការពារ​នៅលើ​កប៉ាល់​បាន​រយៈពេល​មួយ​យប់​មួយ​ថែ្ង គឺ​នៅ​ព្រលប់​ថ្ងៃទី​១៤ ខែឧសភា ក៏មាន​បញ្ជា​ពី​កំពង់សោម​មក​ឲ្យ​កងទ័ព​ទាំងអស់​ចុះចេញ​ពី​កប៉ាល់​មក​នៅលើ​កោះ​វិញ​។ ចំណែក​ក្រុម​នា​វឹក​នៃ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ទាំងអស់​ត្រូវ​បញ្ជូនមក​ទុក​នៅ​កោះរ៉ុង​។ ខ្មែរក្រហម​បាន​យក​ទូក​នេសាទ​ថៃ ដែល​កងទ័ព​ខ្មែរក្រហម​ចាប់បាន​មុនពេល​ព្រឹ​ត្ត​ការណ៍​កប៉ាល់​ម៉ា​យ៉ា​ហេ្គ​ស​នេះ​ឲ្យ​ដឹក​ក្រុម​នា​វឹក​ទាំងអស់​ទៅកាន់​កោះរ៉ុង ដោយ​កងទ័ព​ខ្មែរក្រហម​បញ្ជា​ឲ្យ​អ្នកនេសាទ​ថៃ​ដែល​ចាប់​មកជា​មួយ​ទូក​នេសាទ​ជា​អ្នកបើក​ទូក​ដឹក​ក្រុម នា​វឹក​។ ចំណែក​កងទ័ព​ខ្មែរក្រហម​ក៏បាន​ជិះ​កប៉ាល់ ប៉េ​-​សេ​-​អេ​ហ្វ អម​មកជា​មួយ​ដែរ​។ នៅពេល​ធ្វើដំណើរ​ជិត​ដល់​កោះរ៉ុង​នៅវេលា​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៥ ខែឧសភា ឆ្នំ​១៩៧៥ ទីបញ្ជាការ​ធំ​នៅ​កំពង់សោម​បាន​បញ្ជា​ឲ្យ​កងទ័ព​ខ្មែរក្រហម​ដោះលែង​ក្រុម​នា​វឹក​ទាំងអស់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​។​

២- ការប៉ះទង្គិច​រវាង​ទាហាន​សហរដ្ឋអាមេរិក និង​កងទ័ព​ខ្មែរក្រហម​នៅ​កោះតាង​
​បន្ទាប់ពី​កងទ័ព​ខ្មែរក្រហម​ចាប់​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​បាន​ផ្សាយ​ជា​ញឹកញាប់​ឲ្យ​រដ្ឋាភិបាល​ខ្មែរក្រហម​ដែល​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​ថ្មីៗ​ដោះលែង​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស និង​ក្រុម​នា​វឹក​ឲ្យ​ត្រឡប់​ទៅវិញ​ជាបន្ទាន់ បើ​មិន​ដូច្នេះ​
​ទេ ទាហាន​សហរដ្ឋអាមេរិក​នឹង​មក​កម្ទេច​កោះតាង និង​ក្រុង​កំពង់សោម​ឲ្យ​ក្លាយទៅជា​ផេះ​តែម្តង ។ នៅវេលា​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នំ​១៩៧៥ ថ្នាក់ដឹកនាំ​ខ្មែ​ក្រហម​ក៏បាន​បញ្ជា​ឲ្យ​កងទ័ព​ខ្មែរក្រហម​ដោះលែង​ក្រុម​នា​វឹក ដើម្បី​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​វិញ ប៉ុន្តែ​នៅពេល​កំពុងតែ​រៀបចំ​ដោះលែង​ឲ្យ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ត្រឡប់​ទៅវិញ​នោះ ស្រាប់តែ​នៅ​ព្រលឹម​ស្រាងៗ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​១៩៧៥​នោះ សហរដ្ឋអាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​មក​ទម្លាក់​ជុំវិញ​កប៉ាល​ម៉ា​យ៉ា​ហ្គេ​ស និង​ជុំវិញ​កោះតាង​។ នៅពេល​ដំណាលគ្នា​នេះដែរ មាន​ទាហាន​សហរដ្ឋអាមេរិក​ប្រមាណ​ជិត​២០០​នាក់​បាន​ជិះ​ឧទ្ធម្ភាគចក្រ​ចំនួន​៨​គ្រឿង ចេញពី​មូលដ្ឋាន​ទាហានជើងអាកាស​របស់​សហរដ្ឋអាមេរិក​នៅ​អូរ​តា​ប៉ាវ​ប្រទេស​ថៃ​មក​ចុះ​នៅលើ​កោះតាង ។

U.S. Marines run from the GH53 helicopter that landed them on Koh Tang Island 30 miles off Cambodia in rescue of U.S. merchant ship Mayaguez (May 15, 1975).
Image Credit: AP Photo

​ចំណែក​នាវាចម្បាំង អូ​ម​បរ និង​សម្ភារ​មួយចំនួនទៀត​ក៏ត្រូវ​បាន​យកមក​ដាក់​នៅ​ជិត​កោះតាង ក្នុង​គោលបំណង​វាយ​រំ​ដោះយក​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស និង​ក្រុម​នា​វឹក​យក​ត្រឡប់​ទៅវិញ​។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ សហរដ្ឋអាមេរិក​ក៏បាន​បញ្ជូន​យន្តហោះ​ឲ្យ​ទៅ​ទម្លាក់​គ្រាប់បែក​នៅ​កំពង់ផែ​កំពង់សោម​, រោងចក្រ​ប្រេងកាត​នៅ​កំពង់សោម រោងចក្រ​ទឹកដោះគោ និង​មូលដ្ឋាន​កងទ័ពជើងទឹក​ខ្មែរក្រហម​នៅ​រាម ធ្វើ​ឲ្យ​មានការ​ខូចខាត​យ៉ាងដំណំ ។​
​ចាប់ផ្តើម​តាំងពី​ព្រលឹម ទាហាន​សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នៅលើ​កោះតាង បាញ់​ផ្សែង​ពុល និង​បញ្ជា​ឲ្យ​ឧទ្ធម្ភាគចក្រ​បន្ទាប​ចុះ​ដើម្បី​ឲ្យ​ទាហាន​របស់ខ្លួន​ចុះ​តាម​ជណ្តើរ​មក​ប្រយុទ្ធ​នៅ​លើដី​ផ្ទាល់ ដោយ​ចាប់ផ្តើម​ពី​ឆ្នេរ​ខាងលិច​នៃ​កោះតាង និង​បន្ត​ប្រយុទ្ធ​នៅ​ឆ្នេរ​ខាងកើត នៅក្នុងពេល​កំពុង​ប្រយុទ្ធ​នោះ​ទាហាន​សហរដ្ឋអាមេរិក​បាន​បើកកប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ចាក​ចេញពី​កោះតាង​ផងដែរ ។ ការប្រយុទ្ធ​បានចាប់ផ្តើម​តាំងពី​ព្រលឹម​រហូតដល់​ពេល​រសៀល កងទ័ព​ខ្មែរក្រហម​ដែល​ប្រចាំការ​នៅ​ឆ្នេរ​ភាគ​ខាងលិច និង​ឆ្នេរ​ភាគ​ខាងកើត​បាន​អស់​គ្រាប់កាំភ្លើង និង​បាន​បាក់ទ័ព​រត់​ភៀសខ្លួន​ចូលក្នុង​ព្រៃ និង​ឡើងលើ​ភ្នំ​ស្ទើរតែ​ទាំងអស់​។ ចំណែក​ទាហាន​សហរដ្ឋ​អាមេរិក​ក៏​ចាប់ផ្តើម​ប្រមែប្រមូល​ទាហាន និង​សាកសព​ទាហាន ដើម្បី​ធ្វើដំណើរ​ត្រឡប់​ទៅ​មូលដ្ឋាន​កងទ័ព​នៅ​អូរ​តា​ប៉ាវ​នៃ​ប្រទេស​ថៃ​វិញ​នៅ​ម៉ោង​ប្រហែលជា​៨​យប់​ក្នុង​ថ្ងៃ​ដដែល ។ ប៉ាក់ សុខ បាន​រៀបរាប់ថា ទាហាន​អាមេរិកាំង​បាន​ចុះ​ឧទ្ធម្ភាគចក្រ​២​គ្រឿង​នៅ​លី​កោះតាង ខ្ញុំ​កាន់​កាំភ្លើង​អា​១២,៧ (​ដូ​សេត​) កាំភ្លើង​នោះ​អត់​មាន​ជើងទេ គឺ​ខ្ញុំ​បាន​ចងខ្សែ​បាញ់​តែម្តង​។ នៅ​ខណៈ​ពេលនោះ​ខ្ញុំ​ត្រូវរបួស​ហើយ គឺ​ត្រូវ​គ្រាប់​ទាហាន​អាមេរិកាំង​បាញ់​ពី​ខាងលើ​ចុះមក និង​ត្រូវ​ផ្សែង​ពុល​ទៀត​នោះ គឺ​ខ្ញុំ​រត់​ទៅណា​លែងរួច​តែម្តង​។ បន្ទាប់ពី​ងើប​ពី​ពុល​មក​ខ្ញុំ​បាន​បាញ់​ទៀត គឺ​បាញ់​រហូតដល់​ដាច់​កន្ទុយ និង​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​។ ខ្ញុំ​បន្ត​បាញ់​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ទៀត​ដែល​បាន​ហោះ​ឆ្វែល​នៅ​ជិត​ខ្ញុំ ហើយ​ខ្ញុំ​បាន​បាញ់​ធ្លាក់​ប្រហែល​ជាង​១០​ម៉ែត្រ​ពី​កន្លែង​ខ្ញុំ​។ ប្រេះ ហ៊​ន ដែលជា​អតីត​ប្រធាន​កងអនុសេនាតូច​ចំណុះ​កងអនុសេនាធំ​(​គ​-១០)​នៃ​កងទ័ព​ខ្មែរក្រហម​ប្រចាំ​នៅ​ឆ្នេរ​ភាគ​ខាងលិច​ក៏បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ព្រលឹម​ឡើង​ទាហាន​សហរដ្ឋអាមេរិក​បាន​ប្រើ​ឧទ្ធម្ភាគចក្រ យន្តហោះ​ធុន​មិច និង F-105 ចាប់ផ្តើម​ទម្លាក់ និង​វាយ​នៅ​កោះតាង ហើយ​ទាហាន​សហរដ្ឋអាមេរិក​ក៏បាន​យក​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ចេញពី​កោះតាង​ភ្លាមៗ នៅ​ខណៈពេលដែល​កំពុងតែ​ប្រយុទ្ធ​គ្នា​នោះ​។ មុននឹង​ឧទ្ធម្ភាគចក្រ​បាន​ចុះចត​លើ​កោះតាង គឺ​កម្លាំង​ខ្យល់​របស់​ឧទ្ធម្ភាគចក្រ​បាន​បក់បោក​ស្មៅ និង​កូនឈើ​តូចៗ​រាប​ដល់​ដី ទាហាន​អាមេរិកាំង​បាន​មើលឃើញ​កងទ័ព​ខ្មែរក្រហម​ច្បាស់ ទោះបី​ជីក​លេណដ្ឋាន​ជម្រៅ​ណាក៏ដោយ​។ ហ៊​ន ក៏បាន​បន្ថែមថា កងទ័ព​ខ្មែរក្រហម​មានតែ​កាំ​ក្លើ​ង​ដូ​សេត​(១២,៧) មួយ​ដើម មី​ត​ត្រើ​យឺ (A kind of Mitrailleuse)​មួយ​ដើម បេ​-៤០​មួយ​ដើម អឹម​-៧៩ មួយ​ដើម និង​កាំភ្លើង​ដៃ (AK-47 and M-16) ហើយ​ពេល​វាយ​ជាមួយ​ទាហាន​អាមេរិកាំង​នោះ កងទ័ព​ខ្មែរក្រហម​បាន​ចាញ់​បាន​រត់​ខ្ចាត់ខ្ចាយ​ចូល​ព្រៃ និង​ឡើង​ភ្នំ​អស់​។ ហ៊​ន ផ្ទាល់​ក៏បាន​រត់​បែក​ពី​កងទ័ព​ផ្សេងទៀត និង​បាន​អត់បាយ​រយៈពេល​២​ថ្ងៃ គឺ​អត់បាយ​ផង ដើររក​កងទ័ព​ផ្សេង​ទៀតផង​។ ម៉ៅ រ៉ា​ន់ គឺជា​អតីត​ប្រធាន​កងអនុសេនាតូច​ចំណុះ​កងអនុសេនាធំ (​គ​-៨) នៃ​កងទ័ព​ខ្មែរក្រហម​ប្រចាំ​នៅ​ឆ្នេរ​ភាគ​ខាងកើត​បាន​បញ្ជាក់ថា​មុនដំបូង​ទាហាន​អាមេរិកាំង​បាន​ទម្លាក់​ទាហាន​របស់ខ្លួន​លើ​កោះតាង ចតកប៉ាល់​ជុំវិញ​កោះតាង​ហើយ ទើប​ទាហាន​អាមេរិកាំង​មក​វាយ​នៅលើ​កោះតាង ដោយ​ទម្លាក់​គ្រាប់​ផង​បាញ់​ផង​។ កងទ័ព​ខ្មែរក្រហម​ទើប​ជីក​លេណដ្ឋាន​បាន​ខ្លះ​អត់​ខ្លះ និង​ភាគច្រើន​ប្រើប្រាស់​តែ​កាំភ្លើង​ដៃ​ដូចជា​អាកា​៤៧ និង​អឹម​-១៦​។ ចំណែក​ទាហាន​អាមេរិកាំង​បាន​ប្រើប្រាស់​កាំភ្លើង​ទំនើបៗ និង​ឧទ្ធម្ភាគចក្រ​ច្រើន​គ្រឿង​រាប់មិនអស់​ទេ​។ រ៉ា​ន់ បន្ថែមថា ទាហាន​សហរដ្ឋអាមេរិក​វាយ​កងទ័ព​ខ្មែរក្រហម​ខ្លាំង​មែនទែន​រួមទាំង​ជើងគោក និង​ជើង​អាកាស​ផង ដល់​ទៅ​វាយ​ខ្លាំង​អីចឹង កងទ័ព​ខ្មែរក្រហម​មាន​គ្រាប់​ប៉ុន្មាន គឺ​ចាប់ពី​ពេលព្រឹក​រហូតដល់​ថ្ងៃរសៀល​នោះ គឺ​កងទ័ព​ខ្មែរក្រហម​ទប់​លែង​បាន​ទៀតហើយ គឺ​រត់​ចូល​ព្រៃ និង​ឡើង​ភ្នំ​អស់​។​

III) ការស្លាប់ និង​ការខូចខាត​សម្ភារ​ចំពោះ​ឧបទ្ទវហេតុ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​

១- ចំនួន​កងទ័ព​ខ្មែរក្រហម និង​ទាហាន​អាមេរិក​ដែល​បាន​ស្លាប់​
អតីត​កងទ័ព​ខ្មែរក្រហម​ដែល​បាន​ចូលរួម​ប្រយុទ្ធ​នៅលើ​កោះតាង​មិន​បានដឹង​ចំនួន​កងទ័ព​ដែល​បាន​ស្លាប់ និង​បាត់​ខ្លួន​ប៉ុន្មាន​នាក់​ឡើយ​។ កងទ័ព​ខ្មែរក្រហម​គ្រាន់តែ​បានដឹងថា នៅពេល​ដើរ​ប្រមែប្រមូល​សាកសព បានឃើញ​កងទ័ព​ខ្មែរក្រហម​ចំនួន​៧​នាក់​បាន​បាត់​បង់ជីវិត និង​មួយចំនួនទៀត (​មិនដឹង​ចំនួន​ពិតប្រាកដ​) ត្រូវបាន​ទាហាន​សហរដ្ឋអាមេរិក​ទម្លាក់​គ្រាប់បែក​ត្រូវ​កប៉ាល ប៉េ​-​សេ -​អេ​ហ្វ របស់​កងទ័ព​ខ្មែរក្រហម​លិច​ចូលទៅក្នុង​ទឹកសមុទ្រ នៅ​ខណៈពេលដែល​កងទ័ព​ខ្មែរក្រហម​ទាំងនោះ​ធ្វើដំណើរ​ត្រឡប់មក​កោះតាង បន្ទាប់ពី​ជូន​ក្រុម​នា​វឹក​នៃ​កប៉ាល​ម៉ា​យ៉ា​ហេ្គ​ស​ទៅ​កោះរ៉ុង និង​បាន​ដោះលែង​ក្រុម​នា​វឹក​ទាំងនោះ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ។ កងទ័ព​ខ្មែរក្រហម​ក៏​មិនបាន​ដឹងថា​ទាហាន​សហរដ្ឋអាមេរិក​ប៉ុន្មាន​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ដែរ គឺ​កងទ័ព​ខ្មែរក្រហម​បានដឹង​ត្រឹមតែ​ថា​មាន​ទាហាន​សហរដ្ឋអាមេរិក​បាន​ស្លាប់​ច្រើន ពេល​កងទ័ព​បាញ់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ​ឃើញ​មាន​ក្បាល ដៃ ជើងបាន​ឆេះរ​ឡេះ​រលួយ​នៅក្បែរ​ឧទ្ធម្ភាគចក្រ​។ កងទ័ព​ខ្មែរក្រហម ក៏​រកឃើញ​សាកសព​ទាហាន​អាមេរិក​ចំនួន​២ ដែល​បាន​រុំ​ថង់កៅស៊ូ​រួចរាល់​នៅលើ​កោះតាង និង​ទាហាន​ចំនួន​៣​នាក់​ទៀត​នៅមាន​ជីវិត​បន្ទាប់ពី​ទាហាន​សហរដ្ឋអាមេរិក​បាន​ដក​ត្រឡប់​ទៅវិញ​នៅ​ព្រលប់​ថ្ងៃ​ដដែល ។ ទាហាន​អា​រិ​ក​ទាំង​៣​នាក់​នោះបាន​ស្លាប់​ជា​បន្តបន្ទាប់​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ម្នាក់​ស្លាប់​ដោយសារ​របួស និង​អត់​អាហារ​។ ចំណែក​២​នាក់​ទៀត បាន​ស្លាប់​ដោយសារ​កងទ័ព​ខ្មែរក្រហម​បោក​គ្រាប់បែក ខណៈពេល​កំពុង​ងូតទឹក​សមុទ្រ និង​ម្នាក់ទៀត​ត្រូវបាន​កងទ័ព​ខ្មែរក្រហម​បាញ់សម្លាប់ ខណៈពេល​កំពុង​ពួន​លាក់ខ្លួន​នៅ​រូង​ថ្ម ។ ឌូ អ៊ុន ដែលជា​អតីត​កងទ័ព​ខ្មែរក្រហម​នៃ​កងវរសេនាតូច ៤១០ នៃ​កងពល​ទី​៣​នេះ បាន​មានប្រសាសន៍ថា បន្ទាប់ពី​មានការ​ប៉ះទង្គិច​នៅ​កោះតាង គឺ​ខាង​ទីបញ្ជាការ​នៅ​កំពង់សោម​មិនអាច​ទាក់ទង​មក​កងទ័ព​ដែល​ឈរជើង​នៅលើ​កោះតាង​បានទេ គឺ​ដាច់​វិទ្យុទាក់ទង​ទាំងអស់ ហើយ​ទីបញ្ជាការ​ធំ​នៅ​កំពង់សោម​បាន​បញ្ជា​ឲ្យ​ឈ្មោះ សំណាង ដែលជា​បញ្ជាការ​កងវរសេនាតូច​៤១០ រួមជាមួយ​ឈ្មោះ ម៉េ​ន​, ម៉ន​, ហ៊​ត ដែលជា​គណៈបញ្ជាការ គ​៨ និង​គ ១០ បើកកប៉ាល ប៉េ​-​សេ​-​អេ​ហ្វ​មួយគ្រឿង​ចេញពី​មូលដ្ឋាន​កងទ័ព​នៅ​រាម​មក​ស៊ើប​មើល​ស្ថានភាព​នៅ​កោះតាង​។ ចំណែក​វិទ្យុផ្សាយសំឡេង​សហរដ្ឋអាមេរិក​ក៏បាន​ប្រកាសថា​ទាហាន​សហរដ្ឋអាមេរិក​បាន​ដក​ទៅវិញ​នៅ​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃទី​១៥​ម្ល៉េះ ប៉ុន្តែ​ខាង​ខ្មែរក្រហម​នៅ​មិនទាន់​ជឿ​លើ​ព័ត៌មាន​នេះ​ទេ​។ បន្ទាប់ពី​មេបញ្ជាការ​កងវរសេនាតូច​៤១០, គ​៨ និង​គ​១០ បាន​ទៅដល់​កោះតាង និង​រាយការណ៍​មក​ខាង​កំពង់សោម​វិញ​ថា ទាហាន​សហរដ្ឋអាមេរិក​បាន​ដក​ទៅវិញ​អស់​ពិតមែន​។ ស្អែក​ឡើង​ខាង​បញ្ជាការដ្ឋាន​កងពល​នៅ​កំពង់សោម​បាន​បញ្ជា​ឲ្យ អ៊ុន និង​កងទ័ព​ដ៏ទៃទៀត​ធ្វើដំណើរ​មក​កោះតាង​ដែរ​។ នៅ​កោះតាង អ៊ុន បាន​ចូលរួម​ជាមួយ​កងទ័ព​ដ៏ទៃទៀត​ដើរ​បោសសម្អាត និង​ប្រមូល​សាកសព​យកទៅ​កប់​នៅតាម​ព្រៃ​ក្បែរ​ឆ្នេរ​។ អ៊ុន បាន​ឲ្យ​ដឹងថា គាត់ និង​កងទ័ព ផ្សេងៗ​ទៀត​បាន​ប្រមូល​កប់​សាកសព​កងទ័ព​ខ្មែរក្រហម​ចំនួន​៧​នាក់ និង​ទាហាន​សហរដ្ឋអាមេរិក​ដែលមាន​រុំ​ថង់កៅស៊ូ​ចំនួន​២​នាក់​។
​ប្រេះ ហ៊​ន បាន​បន្ថែមទៀតថា ពេលនោះ​កងទ័ព​ខ្មែរក្រហម​មិនបាន​គិតគូ​វែង ឆ្លា​យ​ឡើយ កងទ័ព​ខ្មែរក្រហម​បាន​រុញ​សាកសព​ទាហាន​អាមេរិកាំង​បណ្តែត​ទឹក​ចោល គឺ​កងទ័ព​ទាំងនោះ​ធ្វើយ៉ាងណា​ឲ្យ​តែ​សាកសព​បានចេញ​ផុត​កោះ​តែប៉ុណ្ណោះ​។​
២- ការខូចខាត​ផ្នែក​សម្ភារ​
​ខាង​ភាគី​ខ្មែរក្រហម​ក៏មាន​ការខូចខាត​សម្ភារ​មួយចំនួន​ដូចជា​កប៉ាល ប៉េ​-​សេ​-​អេ​ហ្វ ទូក​នេសាទ​ថៃ និង​ទូក​ជនភៀសខ្លួន​វៀតណាម ដែល​កងទ័ព​ខ្មែរក្រហម​បាន​ចាប់​មុន​ការប៉ះទង្គិច​នេះ​។ ចំណែក​មូលដ្ឋាន​កងទ័ព​ខ្មែរក្រហម​នៅលើ​កោះតាង មូលដ្ឋាន​កងទ័ព​ខ្មែរក្រហម​នៅ​រាម រោងចក្រ​ប្រេងកាត​នៅ​កំពង់សោម កំពង់ផែ​កំពង់សោម ត្រូវ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ ភាគី​ខាង​ទាហាន​សហរដ្ឋអាមេរិក គឺមាន​ខូចខាត​ឧទ្ធម្ភាគចក្រ​ចំនួន​៣​គ្រឿង (​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ត្រូវបាន​កងទ័ព​ខ្មែរក្រហម​បាញ់​ឆេះ​ធ្លាក់​នៅលើ​កោះតាង​មួយគ្រឿង​ត្រូវ​កងទ័ព​ខ្មែរក្រហម​បាញ់​ដាច់​កន្ទុយ​ធ្លាក់​នៅលើ​កោះតាង​ដែរ ចំណែក​មួយគ្រឿង​ទៀត​ក៏ត្រូវ​កងទ័ព​ខ្មែរក្រហម​បាញ់​ចំ និង​បាន​ធ្លាក់​នៅក្នុង​ទឹកសមុទ្រ​ស្ថិត​នៅក្បែរ​កោះព្រីង​របស់​កម្ពុជា​) និង​សម្ភារ​ផ្សេងៗ​ទៀត ។ ប្រេះ ហ៊​ន និយាយថា ខ្លួន​បាន​មើលឃើញ​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ត្រូវបាន​កងទ័ព​ខ្មែរក្រហម​បាញ់​ឆេះ​សន្ធោសន្ធៅ និង​បាន​ចុច​ធុងសាំង​នៅ​ខាងក្រោម​ឧទ្ធម្ភាគចក្រ​ចោល បន្ទាប់​ឧទ្ធម្ភាគចក្រ​នោះ​ក៏បាន​ធ្លាក់​នៅក្នុង​ទឹក​នៅក្បែរ​កោះព្រីង​។ ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ទៀត​នៅ​សំកាំង​លើ​កោះតាង​ដើម្បី​ឲ្យ​ទាហាន​របស់ខ្លួន​ទម្លាក់​ជណ្តើរ​ចុះ​ចំ​ពីលើ​លេណដ្ឋាន​កងទ័ព​ខ្មែរក្រហម និង​ត្រូវ​កងទ័ព​ខ្មែរក្រហម​បាញ់​ត្រូវ​ហើយ​ឆេះ​ធ្លាក់​។ ចំណែក​ឧទ្ធម្ភាគចក្រ​ទី​៣​ក៏ត្រូវ​បាន​កងទ័ព​ខ្មែរក្រហម​បាញ់​ដាច់​កន្ទុយ​ធ្លាក់​នៅលើ​កោះ​នេះដែរ​។ ម៉ៅ រ៉ា​ន់ ក៏បាន​ឲ្យ​ដឹងថា ខាង​ខ្មែរក្រហម​បាញ់​ត្រូវ និង​ធ្លាក់​ឧទ្ធម្ភាគចក្រ​ចំនួន​២​គ្រឿង មាន​មួយគ្រឿង​ត្រូវ​ដាច់​កន្ទុយ​។ មាន​ទាហាន​អាមេរិកាំង​មួយចំនួន​បាន​ស្លាប់​នៅលើ​ឧទ្ធម្ភាគចក្រ​, ខ្លះ​នៅក្បែរ​ឧទ្ធម្ភាគចក្រ​, ខ្លះ​ស្លាប់​នៅលើ​កោះ និង​ខ្លះទៀត​ស្លាប់​នៅក្នុង​ទឹក​។ ប៉ាក់ សុខ ក៏​ឲ្យ​ដឹងថា នៅ កន្លែង​ខ្ញុំ​មាន​ទាហាន​អាមេរិកាំង​ប្រមាណ​ជាង​១០​នាក់ ខ្លះ​ស្លាប់​នៅក្នុង​ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់ និង​ទាហាន​ខ្លះទៀត​បាន​ហែល​ទឹកសមុទ្រ​សំដៅទៅ​អូ​ម​បរ​របស់​ពួកគេ​។

៣-​ការសម្លាប់​ឈ្លើយសឹក​
​បន្ទាប់ពី​ការប៉ះទង្គិច​បានបញ្ចប់ ទាហាន​សហរដ្ឋអាមេរិក​បាន​ដក​ចេញពី​កោះតាង​ភ្លាមៗ​នៅ​ព្រលប់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​១៩៧៥ ដោយបាន​បន្សល់ទុក​ទា​ហាន​របស់ខ្លួន​នៅមាន​ជីវិត​ចំនួន​៣​រូប​នៅលើ​កោះតាង​។ ប៉ាក់ សុខ ដែល​បាន​ចូលរួម​ប្រយុទ្ធ​នៅលើ​កោះតាង បាន​បន្ថែមថា មាន​ទាហាន​អាមេរិកាំង​ម្នាក់​រត់ឡើង​ឧទ្ធម្ភាគចក្រ​មិនទាន់ ហើយក៏​បានរ​ត់ទៅ​ពួន​នៅ​រូង​ថ្ម​មួយកន្លែង​។ ប្រហែល​ជាមួយ​សបា្តហ៍​ក​ន្ល​ង​ទៅ សុខ បាន​ដើរទៅ​មើល​តាម​រូង​ថ្ម​ក៏​ប្រទះឃើញ​ទាហាន​នោះ​ក៏​ភ្ញាក់ និង​បាន​យក​កាំ​ណុង​កាំភ្លើង​ទៅបុក​នឹង​ទ្រូង​និង​បាញ់​ទាហាន​នោះ​ស្លាប់ និង​បាន​ដើររក​កាំភ្លើង​ជុំវិញ​សាកសព​ទាហាន​នោះ ប៉ុន្តែ​រក​មិនឃើញ​ឡើយ​។ មុនពេល​ជួប​និង​បាញ់សម្លាប់​ទាហាន​អាមេរិកាំង​នេះ សុខ ក៏​ធ្លាប់​បានដឹងថា​មាន​ទាហាន​អាមេរិកាំង​នៅរស់​លើ​កោះ និង​បាន​ពួនស្ទាក់​តដៃ​ជាមួយ​កងទ័ព​ខ្មែរក្រហម​ទៀតផង​។ ប្រេះ ហ៊​ន បាន​បន្ថែមថា មាន​កងទ័ព​ខ្មែរក្រហម​ម្នាក់​ឈ្មោះ វ៉ន ធ្លាប់​ត្រូវបាន​ទាហាន​អាមេរិកាំង​បាញ់​បាក់​ភ្លៅ​ពេល​ដើរល្បាត​នៅលើ​កោះ បានឃើញ​ទាហាន​អាមេរិក​ម្នាក់​កំពុង​ងូតទឹក​សមុទ្រ​នៅ​ជិត​ផ្ទាំង​ថ្ម​មួយកន្លែង​នៅពេល​ថ្ងៃត្រង់ វ៉ន ក៏បាន​បោះ​គ្រាប់បែក​ទៅលើ​ទាហាន​មេ​រិ​កាំ​ង​នោះ​ស្លាប់ទៅ វ៉ន មិន​ហ៊ាន​ចូល​ទៅជិត​ទាហាន ព្រោះ​ខ្លាចក្រែង​ទាហាន​នោះ​មាន​កាំភ្លើង​។ ឌូ អ៊ុន អតីត​កងទ័ព​ខ្មែរក្រហម​ដែល​បានមក​ប្រមូល​សាកសព​បន្ទាប់ពី​ការប៉ះទង្គិច​នៅលើ​កោះ​តាំង បាន​ឲ្យ​ដឹងថា គាត់​បានឃើញ​ទាហាន​អាមេរិកាំង​ម្នាក់​បាន​ដេក​លើ​ផ្ទាំង​ថ្ម​ដកដង្ហើម​ផេ​ត​ផតៗ​ត្រូវរបួស​ផង អត់​មាន​អ្វី​ហូប​ផង គឺ​មិនមាន​កងទ័ព​ខ្មែរក្រហម​ណា​ហ៊ាន​ទៅជិត និង​ជួយសង្គ្រោះ​ឡើយ ពីព្រោះ​ខ្លាច​ទាហាន​នោះ​មាន​កាំភ្លើង​បាញ់​តដៃ ក្រោយមក​ទា​ហា​អាមេរិកាំង​នោះ​ក៏បាន​ស្លាប់ អ៊ុន និង​កងទ័ព​ខ្មែរក្រហម​បាន​យក​ទាហាន​នោះ​ទៅ​កប់​នៅ​ព្រៃ​ក្បែរ​មាត់សមុទ្រ​នោះ​។​
​អតីត​កងទ័ព​ខ្មែរក្រហម​ដែល​ធ្លាប់​ចូលរួម​ប្រយុទ្ធ​នៅលើ​កោះតាង​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ទាហាន​សហរដ្ឋអាមេរិក​មាន​ឧត្តមភាព​ខ្លាំងក្លា មាន​បច្ចេកទេស​ខ្ពស់ និង​មាន​សម្ភារ​ទំនើបៗ​។ ដូច្នេះ​កងទ័ព​ខ្មែរក្រហម​មិន​ហ៊ាន​ចូល​ជិត​ចាប់​ទាហាន​នោះ​ទាំង​រស់ ក៏​សម្រេចចិត្ត​បាញ់ និង​បោក​គ្រាប់បែក​សម្លាប់​តែម្តង​។ ម្យ៉ាងទៀត​កងទ័ព​ខ្មែរក្រហម​បារម្ភ​ថា បើ​ចាប់​ទាំង​រស់​ទៅ​ខ្លាច​ដូច​ករណី​នា​វឹក​ម្នាក់​ដែល​បាន​លាក់ខ្លួន​នៅក្នុង​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស និង​បាន​ទាក់ទង​ទៅខាង​សហរដ្ឋអាមេរិក ដែល​នាំ​ឲ្យ​សហរដ្ឋអាមេរិក​បញ្ជូន​ទាហាន​មក​ទម្លាក់​គ្រាប់បែក និង​វាយ​ប្រយុទ្ធ​នៅលើ​កោះតាង​ម្តងទៀត​។​

IV) សេចក្តីសន្និដ្ឋាន​

​ការប៉ះទង្គិច​រវាង​ក​ង​ទ័ព​ខ្មែរក្រហម និង​ទាហាន​សហរដ្ឋអាមេរិក​នៅលើ​កោះតាង​របស់​ប្រទេស​កម្ពុជា​ក្នុង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​១៩៧៥ គឺជា​ជម្លោះ​ប្រដាប់អាវុធ​ទ្រង់ ទ្រាយ​ធំ​លើក​ទី​១ បន្ទាប់​ខ្មែរក្រហម​បាន​ឡើង​កាន់កាប់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ ខែ មេសា ឆ្នាំ​១៩៧៥ ហើយក៏​ជាការ​ធ្វើសង្គ្រាម​លើកចុងក្រោយ​របស់​ទាហាន​សហរដ្ឋ​អា​មេ រិ​កនៅ​ឥណ្ឌូចិន បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ដកខ្លួន​ចេញពី​សង្គ្រាម​វៀតណាម​នៅក្នុង​ឆ្នាំ​១៩៧៣​។​
​ឧបទ្ទវហេតុ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​នេះ គឺជា​សង្គ្រាម​មួយ​ដែល​មិនគួរ​ឲ្យ​កើតមាន​។ សង្គ្រាម​នេះ​បង្កឡើង​នៅពេលដែល​កងទ័ព​ខ្មែរក្រហម​បានចេញ​ទៅ​ចាប់​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ដែលជា​កប៉ាល់​ដឹកទំនិញ​របស់​សហរដ្ឋ​អាមេរិក​កំពុងធ្វើដំណើរ​នៅក្នុង​ឈូង​សមុទ្រ​ថៃឡង់​ដ៍​។ សហរដ្ឋអាមេរិក​បាន​បញ្ជូនទាហាន​របស់ខ្លួន​ជាមួយ​យន្តហោះ ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​មក​ទម្លាក់ និង​វាយ​នៅ​កោះតាង គឺ​ក្នុង​គោលបំណង​រំដោះ​ក្រុម​នា​វឹក និង​កប៉ាល​ម៉ា​យ៉ា​ហ្គេ​ស​ត្រឡប់​ទៅវិញ​។ មេដឹកនាំ​ខ្មែរក្រហម​បាន​ថ្លែងថា ថ្នាក់ដឹកនាំ​នៅ​ភ្នំពេញ​មិនបាន​ដឹង​អំពី​ការចាប់​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​នេះ​ភ្លាមៗ​ទេ រហូតដល់​មាន​វិទ្យុផ្សាយសំឡេង​សហរដ្ឋអាមេរិក​ផ្សាយ​អំពី​ការចាប់​នេះ​ទើបបាន​ដឹង និង​បញ្ជា​ឲ្យ​កងទ័ពជើងទឹក​នៅ​ក្រុង​កំពង់សោម​ដោះលែង​ក្រុម​នា​វឹក និង​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ឲ្យ​ត្រឡប់​ទៅ​ប្រ​ទស​ថៃ​វិញ​ជាបន្ទាន់ គឺ​តាំងពី​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៧៥ ប៉ុន្តែ​សហរដ្ឋអាមេរិក​នៅតែ​បញ្ជូនទាហាន និង​យន្តហោះ​មក​ទម្លាក់ និង​វាយ​នៅ​កោះតាង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​១៩៧៥​ដដែល ។ ចំណែក​អតីត​កងទ័ពជើងទឹក​របស់​ខ្មែរក្រហម​ក៏បាន​ទទួលស្គាល់ថា​ខ្លួន​មិនមាន​ជំនាញ​ខាងជើង​ទឹក និង​បាន​យល់ដឹង​អំពី​ច្បាប់​អន្តរជាតិ​ឡើយ ប៉ុន្តែ​កងទ័ព​ទាំងនោះ​បែរជា​ត្រូវបានចាត់តាំង​ឲ្យ​ទៅ​ឈរជើង​ប្រចាំការ​នៅតាម​កោះ និង​ដែនសមុទ្រ​នៃ​ប្រទេស​កម្ពុជា​បន្ទាប់ពី​ខ្មែរក្រហម​បាន​កាន់កាប់​ទីក្រុង​ភ្នំពេញ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ទៅវិញ ។ អតីត​កងទ័ព​ខ្មែរក្រហម​ក៏បាន​ទទួលស្គាល់ថា ការចាប់​កប៉ាល​ម៉ា​យ៉ា​ហ្គេ​ស​នេះ គឺ​ខុស​នឹង​ច្បាប់​អន្តរជាតិ និង​បាន​ប្រៀបធៀប​កងទ័ព​ខ្មែរក្រហម​នៅពេលនោះ​ទៅនឹង​កងទ័ព​ព្រៃ​ដែល​មិនបាន​ចេះ​ច្បាប់​អ្វី​ទាំងអស់ ។ កងទ័ព​ខ្មែរក្រហម​មួយចំនួន​ថែមទាំង​មិនដែល​បាន​ស្គាល់​សមុទ្រ នៅពេលដែល​មេបញ្ជាការ​របស់ខ្លួន​ចាត់តាំង​ឲ្យ​ធ្វើដំណើរ​តាម​កាណូត​ទៅ​ឈរជើង​នៅលើ​កោះ​នោះ គឺ​បាន​ពុលរលក និង​ក្អួតចង្អោរ​ថែម​ទៀតផង ។

ឯកសារយោង​

​កប៉ាល់​ល្បាត​ល្បឿន​លឿន [Patrol Craft Fast, URL: https://en.wikipedia.org/wiki/Patrol_Craft_Fast (May 6 2019)]

​ណា​យ៉ាន់ ចាន់​ដា សត្រូវ​បងប្អូន​ឯង [Nayan Chanda, Brother Enemy: The War After The War San Diego, New York, London: Harcourt Brace Jovanovich Publishers, 1986]

​ទំព័រ ៤២៦-៤៦៩ (​ប្រវត្តិសាស្ត្រ​រួម​នៃ​កង​អាកាស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចនៃ​ទាហាន​សហរដ្ឋអាមេរិក ពីថ្ងៃ​ទី​១ ខែ កក្កដា ឆ្នាំ​១៩៧៤ ដល់​ថ្ងៃទី​៣១ ឆ្នូ ឆ្នាំ​១៩៧៥) [Pages 426-469 (Inclusive of History of the Pacific Air Forces 1 Jul 74 – 31 Dec 75), URL: http://www.kohtang.com/documents/PDFs/DOD/history-of-the-pacific-air-forces.pdf (May 3, 2019)]

​ប៊ែ​ន គៀរ​និ​ន របប​ប៉ុល ពត ពូជសាសន៍ អំណាច អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​១៩៧៥-១៩៧៩ [Ben Kiernan, The Pol Pot Regime, Race, Power, and Genocide in Cambodia Under the Khmer Rouge, 1975-79, Third Edition New Haven and London: 2008 by Yale University Press].

​មក​ទស្សនៈកិច្ច​កន្លែង​នរក​ម្តងទៀត [A hell revisited, URL: https://www.phnompenhpost.com/post-weekend/hell-revisited (May 6, 2019)].

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​លេខ​២ ខែកុម្ភៈ ឆ្នាំ​២០០០

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ កង សុំ នៅ​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៥

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ កុយ នួន នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០០៧

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ ឌូ អ៊ុន នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ តូ សេម នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៣

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ ប៉ាក់ សុខ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០០៧

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ ប្រេះ ហ៊​ន នៅ​ថ្ងៃទី​២២ ខែ​មី​ថុ​នា ឆ្នាំ​២០០៧

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ ផ្លុ​ង ឈា នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០០៧

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ ព្រំ សារ៉ាត់ នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០០៧

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ ម៉ា ឈឿន នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០០៧

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ ម៉ៅ រ៉ា​ន់ នៅ​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៥

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ សយ ប៊​ន នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០០៧

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ សាន់ កាន ហៅ ប៊ុត នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០០៧

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ សៅ ពត នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១១

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ ស៊ីម នី នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១១

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ សឿ ទូច ហៅ សឿ លី នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០០៧

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ ហៀ​ង រ៉េត នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០០៧

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ ហ៊ី​ញ អ៊ុច នៅ​ថ្ងៃទី​២៨ ខែ​មី​ថុ​នា ឆ្នាំ​២០០៧

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ ឡាយ ប៊ុន​ហាក់ នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០០៧

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ អ៊ឹម ចែម នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១២

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ ឯម សុន នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨

​មិនមាន​ន​ណា​ម្នាក់​នៅមាន​ជីវិត​ក្រោយមក​៖ ការពិត​អំពី​ឧបទ្ទវហេតុ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស [Leave No Man Behind: The Truth about the Mayaguez Incident, URL: https://thediplomat.com/2018/06/leave-no-man-behind-the-truth-about-the-mayaguez-incident/(May 3, 2019)]

​សារៈមន្ទីរ ហ្សេ​រ៉ា​ដ ហ្វ​ដ​៖ ឧបទ្ទវហេតុ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស [Gerald Ford Museum Mayaguez Incident URL: https://www.fordlibrarymuseum.gov/museum/exhibits/mayaguez/index.html (May 3, 2019)]

​អ្នកស្រាវជ្រាវ​និយាយថា អ្នក​ជួយសង្គ្រោះ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​មិនគួរ​ត្រូវបាន​ផ្គ​ល់​កិ​តិ្ត​យស [Mayaguez Rescuers Not Properly Honored, Researcher Says, URL: https://www.voacambodia.com/a/mayaguez-rescuers-not-properly-honored-researcher-says/4465064.html (May 3, 2019)]

​ឯកសារ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា D២៨៨៤៣ ទស្សនៈ​កម្ពុជា​ចំពោះ​ករណី​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​(DC-Cam Document D28843, A Cambodian View of Mayaguez Case)

​ឯកសារ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា D៧១៣៧៥ កម្ពុជា​ប្រកាស​ដោះលែង​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស (DC-Cam Document D71268, Cambodia Announces Intent to Release Mayaguez)

​ឯកសារ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា D៧១៣៧៥ របាយការណ៍​ស្តីអំពី​ឧបទ្ទវហេតុ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​នៅ​កោះតាង​ក្នុង​ខែឧសភា ឆ្នាំ​១៩៧៥ (DC-Cam Document D71375, WD Report on Mayaguez Incident, Koh Tang Cambodia, May 1975)

​ឯកសារ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា L08119 កំហុស​ដែល​នាំ​ឲ្យ​មាន​សោកនាដកម្ម​៖ ការចងចាំ​ពី​ឧបទ្ទវហេតុ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស (DC-Cam Document L08119, A tragedy of errors: the Mayaguez Incident Remembered)​