ឧបទ្ទវហេតុ​លើ​នាវា​ដឹក​ប្រេង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​អាច​នឹង​បង្កើន​ថ្លៃ​ធានារ៉ាប់រង​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​និង​កាត់បន្ថយ​ចរាចរណ៍​ផ្លូវទឹក​

336
ចែករម្លែក

យោងតាម​ក្រុម​អ្នកជំនាញ​ថាមពល​បានឱ្យដឹងថា ការ​រឹបអូស​និង​ការវាយប្រហារ​កាលពីពេល​ថ្មីៗ​នេះ​សំដៅ​ទៅលើ​នាវា​ដឹក​ប្រេង​នៅ​ច្រក​សមុទ្រ​ហ័​រមូ​សនឹង​បង្កើន​អត្រា​ធានារ៉ាប់រង​សម្រាប់​ក្រុមហ៊ុន​ដឹកជញ្ជូន ហើយ​ប្រសិនបើ​មិនមាន​ការត្រួតពិនិត្យ​ទេនោះ នឹង​កាត់បន្ថយ​ចរាចរ​របស់​នាវា​ដឹក​ប្រេង​នៅក្នុង​ផ្លូវទឹក​ដ៏​សំខាន់​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​បាន​និយាយថា​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​កក្កដា អាជ្ញាធរ​អ៊ីរ៉ង់​បាន​រឹបអូស​យក​នាវា​ពីរ​គ្រឿង ដែល​មួយ​ក្នុងនោះ​គឺ​ដោត​ទង់ជាតិ​អង់គ្លេស​និង​មួយទៀត​ចុះបញ្ជី​នៅក្នុង​ប្រទេស​លី​បេ​រី​យ៉ា​។ ព្រឹ​ត្ដិ​ការណ៍​ទាំងនេះ​បានកើត​ឡើង​នៅលើ​ផ្លូវទឹក ដែល​ដឹកជញ្ជូន​ប្រេង ១ ភាគ ៥ នៃ​ការនាំចេញ​ប្រេង​ឆៅ​របស់​ពិភពលោក​។​

​លោក ម៉ៃ​ឃើ​ល លីន (Michael Lynch) សេដ្ឋវិទូ​ខាង​ថាមពល​បាន​និយាយថា “​ប្រសិនបើ​បញ្ហា​បែបនេះ​នៅតែ​បន្ត អ្នកនឹង​អាច​ឃើញ​មនុស្ស​ចាប់ផ្តើម​ងាក​ចេញពី​ឈូង​សមុទ្រ​ពែ​ក្ស ឬ ព្យាយាម​ដោត​ទង់ជាតិ​ផ្សេង ដើម្បី​កុំឱ្យ​ក្លាយជា​នាវា​ដឹក​ប្រេង​អង់គ្លេស​”​។​

​លោក​លីន ប្រធាន​ក្រុមហ៊ុន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​ថាមពល​និង​សេដ្ឋកិច្ច (Strategic Energy & Economic Research Inc.) បាន​និយាយថា ផលប៉ះពាល់​រយៈពេល​ខ្លី​នឹង​ប៉ះ​ធ្ងន់ធ្ងរ​បំផុត​លើ​ឧស្សាហកម្ម​ដឹកជញ្ជូន​ក្នុង​ទម្រង់​នៃ​អត្រា​ធានារ៉ាប់រង​ដ៏​ខ្ពស់​។​

​លោ​ករី​ឆាត នេ​ប​ព្យូ (Richard Nephew) អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​កូ​ឡុំ​ប៊ី ដែល​បាន​សរសេរ​សៀវភៅ​ស្តីពី​ការដាក់ទណ្ឌកម្ម ក៏​ជឿ​ផងដែរ​ថា ការ​រឹបអូស​យក​នាវា​ដឹក​ប្រេង​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​អាចបង្កើត​ឱ្យមាន “​ការបង់ប្រាក់​ធានារ៉ាប់រង​ដ៏​ថ្លៃ​លើ​ហានិភ័យ​ជាក់ស្តែង​” សម្រាប់​ក្រុមហ៊ុន​ដែល​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ដែល​បាន​ចុះកិច្ចសន្យា​ធានា​ដល់​នាវា​ទាំងនោះ​។​

​លោក​នេ​ប​ព្យូ​បាន​និយាយថា “​ពិតណាស់ យើង​មើលឃើញ​ការព្រួយបារម្ភ​ពី​បញ្ហា​នេះ​ក្នុងពេល​កន្លងទៅ ផ្អែកលើ​ទណ្ឌកម្ម ហើយ​ខ្ញុំ​អាច​ស្រមៃ​ឃើញថា​ការបារម្ភ​អំពី​សន្តិសុខ​នឹង​ក្លាយជា​សមាសធាតុ​ដ៏​ស្មុគស្មាញ​បំផុត​មួយ​”​។​

​កាលពី​ថ្ងៃ​សុក្រ ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​និយាយថា ខ្លួន​បាន​រឹបអូស​យក​នាវា​ដឹក​ប្រេង​អង់គ្លេស​ឈ្មោះ Stena Impero ទៅ​ដា​ក់នៅ​កំពង់ផែ​អ៊ីរ៉ង់​មួយកន្លែង ពីព្រោះ​នាវា​នេះ​បាន​រំលោភ​បទ​ប្បញ្ញត្តិ​ដឹកជញ្ជូន​អន្តរជាតិ​។ ទីភ្នាក់ងារសារព័ត៌មាន​មួយ​របស់​អ៊ីរ៉ង់​បាន​និយាយថា នាវា Mesdar ដោត​ទង់ជាតិ​លី​បេ​រី​យ៉ា​ត្រូវបាន​ឃាត់ទុក​មួយ​ភ្លែត​ផងដែរ រួចហើយ​បាន​ដោះលែង​វិញ បន្ទាប់ពី​ប្រាប់​ឱ្យ​អនុលោម​តាមច្បាប់​បរិស្ថាន​។​

​ការចាប់​នាវា​ដឹក​ប្រេង​ទាំងនេះ​កត់សម្គាល់​ពី​ការកើនឡើង​ភាព​តានតឹង​យ៉ាង​ខ្លាំងក្លា​នៅក្នុង​តំបន់ ដែល​បានចាប់ផ្តើម​កើតឡើង នៅពេល​រដ្ឋបាល​ត្រាំ​ដក​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ជាមួយ​អ៊ីរ៉ង់ និង​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ឡើងវិញ​លើ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ និង​ទណ្ឌកម្ម​ដទៃទៀត​ជាច្រើន​។

​ក្រុមហ៊ុន​ជាង ២.០០០ ដែល​ធ្វើ​ប្រតិបត្តិការ​នាវា​ដឹកជញ្ជូន​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​បាន​បញ្ជា​ឱ្យ​នាវា​របស់ខ្លួន​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​តែ​អំឡុងពេល​ថ្ងៃ​ប៉ុណ្ណោះ និង​ត្រូវ​បើកបរ​ក្នុង​ល្បឿន​លឿន​៕ ដោយ៖ កញ្ញាដាលីស

នាវា Mesdar ចុះបញ្ជី​នៅ​លី​បេ​រី​យ៉ា