ឧបនាយករដ្ឋមន្ត្រី​ចិនៈ ការផ្តួចផ្តើម​គំនិត​ផ្លូវ​១​ខ្សែក្រវាត់​១​ចេញពី​ចិន តែ​ប្រសិទ្ធិ​ផល​បាន​ទៅដល់​ពិភពលោក​

309

ពិព័រណ៍ ចិន​-​អាស៊ាន​និង​ជំនួប​កំពូល​ពាណិជ្ជកម្ម​និង​វិនិយោគទុន (CABIS) លើក​ទី​១៤ នឹង​បើកសម្ពោធ​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​១២ ខែ កញ្ញា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​អន្តរជាតិ​ណាន​នី​ង ខេត្ត​គ័​រងស៊ី ប្រទេស​ចិន​(​រូប សុផល​)​

​ណាន​នី​ងៈ ពិព័រណ៍​ចិន​-​អាស៊ាន​និង​ជំនួប​កំពូល​ពាណិជ្ជកម្ម​និង​វិនិយោគទុន​លើក​ទី​១៤ បាន​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ កញ្ញា ឆ្នាំ​២០១៧​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​អន្តរជាតិ​ណាន​នី​ង ខេត្ត​គ័​រងស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្រោម​ប្រធានបទ​«​ការរួបរួម​គ្នា​ស្ថាបនា​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ លើកកម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​តាមរយៈ​ទេសចរណ៍​»​។​

​នៅក្នុង​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន​នេះ មានការ​ថ្លែង​សុន្ទរកថា​ពី​ឥស្សរជន​ជាន់ខ្ពស់​និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ដូចជា លោក ចាង កៅ​លី​ឧបនាយករដ្ឋមន្ត្រី​ចិន​, ព្រះ​ចៅ​ស៊ុ​លត​ង់​នៃ​ប្រទេស​ព្រុយ​ណេ​, សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​,​លោក ចុង ហ័​រ​ប៊ិ​ញ ឧបនាយករដ្ឋមន្ត្រី​វៀតណាម​លោក សុន​សៃ ឧបនាយករដ្ឋមន្ត្រី​ឡាវ​ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ខេត្ត​គ័​រងស៊ី​។​

​លោក ចាង កៅ​លី (Zhang Gaoli)​ឧបនាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែងថា​ការ​លើកយក​ប្រធានបទ​«​ការរួបរួម​គ្នា​ស្ថាបនា​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ លើកកម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​តាមរយៈ​ទេសចរណ៍​»​គឺ​ដើម្បី​ពិភាក្សា​និង​ផ្លាស់ប្តូរ​ផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ភាព​រីកចម្រើន​ទៅ​អនាគត​របស់​មនុស្សជាតិ​និង​ព​ន្លឿ​ន​ការស្ថាបនា​សហគមន៍​ចិន​អាស៊ាន ព្រមទាំង​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​។​

​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន​រូបនេះ បាន​បន្តថា​នៅ​ឆ្នាំ​២០១៣ ប្រធាន​រដ្ឋ​ចិន លោក ស៊ី ជិន​ភីង បាន​លើក​គំនិត​ផ្តួចផ្តើម​ឈ្មោះ «​រួមគ្នា​កសាង​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១​។ នៅ​ខែឧសភា ឆ្នាំ​២០១៧ ចិន​បានរៀបចំ​ដោយ​ជោគជ័យ​នូវ​វេទិកា​កំពូល ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ខ្សែក្រវាត់​១ ផ្លូវ​១ ដែលមាន​ថ្នាក់ដឹកនាំ​២៩​ប្រទេស និង​តំណាង​១៦០០​រូប​មកពី​ប្រទេស​ជាង​១៤០ និង​អង្គការ​ជាង​៨០ បាន​អញ្ជើញ​ចូលរួម​វេទិកា​កំពូល​។ ការចូលរួម និង​ការគាំទ្រ​នេះ​ជា​សញ្ញា​បង្ហាញថា គំនិត​ផ្តួចផ្តើម​ផ្លូវ​១​ខ្សែក្រវាត់​១ បានចាប់ផ្តើម​ធ្វើការ​ប្រតិបត្តិ​ជាក់ស្តែង និង​ឆាន​ចូល​ដំណាក់កាល​ចាប់ផ្តើម​ពី​គម្រោង ផែនការ​រហូតដល់​ការអនុវត្ត​។ រហូតមកដល់​ពេលនេះ ប្រទេស​ជាង​១០០ និង​អង្គការ​អន្តរជាតិ​ជាច្រើន​បាន​ចូលរួម​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ ហើយ​ប្រទេស​ជាង​៧០​បាន​ចុះហត្ថលេខា លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​។ គម្រោង​ធំៗ និង​សំខាន់ៗ​ជាច្រើន​បាន​ត្រូវអនុវត្ត​ជាក់ស្តែង​បង្កើតបានជា​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ដ៏​ធំ​សម្បើម លោក​ឧបនាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា​«​ការផ្តួចផ្តើម​គំនិត​ផ្លូវ​១​ខ្សែក្រវាត់​១​ចេញពី​ចិន តែ​ប្រសិទ្ធិ​ផល​អំណោយផល​ដល់​ពិភពលោក​ទាំងមូល​»​។​

​លោក​បាន​បន្ថែមថា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​កិច្ចសហការ​រវាង​ចិន អាស៊ាន បាន​ដើរតួនាទី​សំខាន់​ប្រកបដោយ​សន្តិភាព បើកទូលាយ​ប្រកបដោយ​បរិ​យា​ប័ន្ន រៀនសូត្រ​ពីគ្នា ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​។​

​ចំណែក​លោក ហុង ជិ​ញ​ហ័​រ លេខា​បក្ស​កុម្មុយនីស្ត​ចិន​ប្រចាំខេត្ត​គ័​រងស៊ី បាន​លើកឡើងថា​ទំនាក់ទំនង​ចិន​អាស៊ាន ក្លាយជា​ទំនាក់ទំនង​យ៉ាងសំខាន់ ប្រកបដោយ​កម្លាំង​រស់​រវើក និង​មាន​ខ្លឹមសារ​សម្រាប់​ទំនាក់ទំនង​ភាពជា​ដៃគូ​សន្ទនា ហើយ​ពិព័រណ៍​ចិន​-​អាស៊ាន​នេះ នឹង​ដើរតួនាទី​ប្រកបដោយ​ឧត្តមភាព​ត​ភ្ជាប់​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​និង​ទស្សនាទាន​សហគមន៍​អាស៊ាន​រួមវិភាគទាន​កាន់តែ​ធំ លើ​កិច្ចសហការ​គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ និង​ពាណិជ្ជកម្ម ។​

​ជាមួយគ្នា​នោះដែរ លោក​ហ្វ៊ូ ជឺ​យី អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​មានប្រសាសន៍ថា ពិព័រណ៍​ចិន​-​អាស៊ាន​និង​ជំនួប​កំពូល​ពាណិជ្ជកម្ម​និង​វិនិយោគទុន ១៣​លើក​កន្លងមក​បានទទួល​ជោគជ័យ​ដ៍​ធំ ហើយ​ពិព័រណ៍​លើក​ទី​១៤​និង​ជា​បន្តបន្ទាប់​ទៀត​នៅតែ​ជា​វេទិកា​ជំរុញ​សេដ្ឋកិច្ច​ចិន អាស៊ាន និង​ក្នុង​តំបន់​ដ៏​សំខាន់ និង​បង្កើត​ឱកាស​វិនិយោគទុន​កាន់តែច្រើន​៕

​ណាន​នី​ង​: ពិព័រណ៍ ចិន​-​អាស៊ាន​(CAEXPO) និង​ជំនួប​កំពូល​ពាណិជ្ជកម្ម​និង​វិនិយោគទុន (CABIS) លើក​ទី​១៤ នឹង​បើកសម្ពោធ​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​១២ ខែ កញ្ញា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​អន្តរជាតិ​ណាន​នី​ង ខេត្ត​គ័​រងស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​នៅក្នុង​សន្និសីទ​សារពត៌មាន​នា​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ២០១៧​នា​សណ្ឋាគារ​យ៉ុង​ចូ​វ ទីក្រុង​ណាន​នី​ង លោក កាវ ហ្វឹ​ង​(Gao Feng) អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍​ឱ្យដឹងថា​ពិព័រណ៍ ចិន​-​អាស៊ាន​លើក​ទី​១៤​នេះ បាន​ប្រារព្ធ​ធ្វើឡើង​ស្របពេល​ខួប​៥០​ឆ្នាំ​នៃ​ឆ្នាំ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទេសចរណ៍​ចិន​-​អាស៊ាន ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​ឲ្យ​ខ្លាំង​ថែមទៀត រវាង​អាស៊ាន​និង​ចិន ព្រមទាំង​ការទាក់ទាញ​វិនិយោគិន និង​ទេស​ស​ចរណ៍​ចិន​មកកាន់​តំបន់​អាស៊ាន​។​

​ពិព័រណ៍​នេះ​ធ្វើឡើង​ប្រធានបទ​«​ការស្ថាបនា​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ លើ​កម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​តាមរយៈ​ទេសចរណ៍​»​។​

​អ្នកនាំពាក្យ​រូបនេះ បាន​បន្ត​ឱ្យដឹងថា​ពិព័រណ៍​ចិន​-​អាស៊ាន​និង​ជំនួប​កំពូល​ពាណិជ្ជកម្ម​និង​វិនិយោគទុន នឹង​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន ដែល​រួមមាន​កិច្ចពិភាក្សា​ជាន់ខ្ពស់​, ការតាំង​ពិ​ព៍រណ៍​និង​វេទិកា​មួយចំនួន​ដែលមាន​គោលបំណង​ជំរុញ​ឱកាស​ថ្មីៗ​សម្រាប់​បណ្តា​ប្រទេស​អាស៊ាន និង​ចិន ដើម្បី​ពង្រីក​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ខ្លាំងខ្លា​។​

​កិច្ចប្រជុំ នឹងមាន​ការចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ដូចជា ឧបនាយករដ្ឋមន្ត្រី​ចិន លោក ចាង កៅ​លី​, ស្តេច​ស៊ុ​ល​តង់​នៃ​ប្រទេស​ព្រុយ​ណេ​, សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​,​លោក ចុង ហ័​រ​ប៊ិ​ញ ឧបនាយករដ្ឋមន្ត្រី​វៀតណាម​,​លោក សុន​សៃ ឧបនាយករដ្ឋមន្ត្រី​ឡាវ លោក អាក់​សា ម៉ា​មីន ឧបនាយករដ្ឋមន្ត្រី​កា​ហ្សា​ក់​ស្ថាន​។​

​ទាក់ទង​នឹង​ការរៀបចំ​ពិព័រណ៍​នេះដែរ លោក​លោក កាវ ហ្វឹ​ង​(Gao Feng) អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន បានឱ្យដឹងថា កន្លែង​ពិព័រណ៍​មាន​ជាង​១២​ម៉ឺន​ម៉ែត្រការ៉េ និង​ស្តង់​ចំនួន​៦៦០០ ដែល​ក្នុងនោះ​ស្តង់​របស់​ប្រទេស​អាស៊ាន​និង​ប្រទេស​ផ្សេងទៀត​មាន​ចំនួន​១៧០៥​។​ចំណែក​សហគ្រាស​មក​តាំងពិព័រណ៍​មាន​ចំនួន​២៧០៩​។​
​លោក​បាន​រម្លឹក​ផងដែរ​ថា​ពិព័រណ៍​ចិន​អាស៊ាន​(CAEXPO)​គឺជា​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​អន្តរជាតិ​ឯកភាព​រួមគ្នា​ដោយ​មេដឹកនាំ​ចិន​និង​អាស៊ាន​។​ប្រទេស​ចិន​បានស្នើ បង្កើត​ពិព័រណ៍​ចិន​អាស៊ាន​ឡើង​នៅក្នុង​ជំនួប​កំពូល​អាស៊ាន​ចិន​លើក​ទី​៧ ដែល​ព្រឹត្តិការណ៍​នេះ​ធ្វើជា​រៀងរាល់ឆ្នាំ​នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​គ័​រងស៊ី ប្រទេស​ចិន​ចាប់ពី​ឆ្នាំ​២០០៤​មក​។​ពិព័រណ៍​១៣​លើក​កន្លងមកនេះ បានទទួល​ជោគជ័យ​គួរឱ្យកត់សម្គាល់​។​

​សូមបញ្ជាក់ថា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​រយៈពេល​៣​ថ្ងៃ នៅ​ណាន​នី​ង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ជួប​ជាមួយ​លោក ចាង កាវ​លី ឧបនាយករដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយនឹង​ទទួល​ការ​ចូលជួប​សំដែង​ការគួរសម​ដោយឡែក​ពីគ្នា ដោយ​លោក ចិន វូ អភិបាលខេត្ត​ខ្វាង​ស៊ី និង​លោក សុង ថាវ រដ្ឋមន្ដ្រី​ទំនាក់ទំនង​អន្ដរជាតិ ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ដ​ចិន​។​ជាមួយគ្នានេះ​សម្ដេច​តេ​ជោ​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ម ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​ណាន​នី​ង​ព្រមទាំង​ផ្ដល់​បទសម្ភាសន៍​ជាមួយ​បណ្ដាញសារព័ត៌មាន​ចិន​ផងដែរ​៕L ដោយៈ​សុផល​